ឈ្មួញនៅតែបន្ដលួចកាប់រានដីព្រៃសម្បត្តិរដ្ឋរាប់រយហិកតាយកធ្វើកម្មសិទ្ធិនៅស្រុកកូនមុំ

0
91

រតនគិរី: ដីព្រៃដែលជាសម្បត្តិរដ្ឋរាប់រយហិកតាស្ថិតនៅ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ បច្ចុប្បន្នកំពុងតែ ទទួលរងនូវការកាប់បំផ្លាញពីសំណាក់មេឈ្មួញដែលបានផ្ដល់លុយកាក់ទៅឲ្យប្រជាពលរដ្ឋធ្វើការកាប់ឆ្ការួចហើយនៅទីបំផុតដីនោះក៍បានធ្លាក់ដល់ដៃបុគ្គល អ្នកមានលុយ មានអំណាច មួយចំនួនកាន់កាប់ និងគ្រប់គ្រងធ្វើ ជាកម្មសិទ្ធិទៅវិញ។

ការខ្ចីដៃប្រជាពលធ្វើជាខែលបាំងមុខនេះ ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ស៊ិន សុខនី អភិបាលរង ស្រុកកូនមុំ ទទួលបន្ទុកដីធ្លី បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅពិត្យដល់ទីតាំងដីព្រៃមួយកន្លែង នៅត្រង់ ចំណុចភ្នំព្រៃកាទឹង ស្ថិតក្នុង ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខែត្ររតនគិរី។

អ្វីដែលពួកគេលាក់ពុំជិតនោះ គឺក្រុមការងារស្រុកបានរកឃើញផ្ទៃដីព្រៃដែលគេលួចកាប់រានរួច រាល់មានទំហំ ដល់ទៅជាង២០០ហិកតា និងអ្នកជាប់ពាក់ព័ន្ធមនុស្សមួយចំនួននៅក្នុង ស្រុកកូនមុំ និងភាគច្រើនជា មន្រ្តីរាជ ការ ក្នុងនោះក៍មានឈ្មោះកូនលោក ជំទប់ទី១ ឃុំត្រពាំងក្រហម ម្នាក់ដែរដោយបានដាំកៅស៊ូ និងដំណាំរួមផ្សំ មួយចំនួនទៀត។

លោក ស៊ិន សុខនី អភិបាលរង ស្រុកកូនមុំ ទទួលបន្ទុកដីធ្លី ដែលបាននាំងកម្លាំងចុះទៅធ្វើការត្រួតពិត្យស្រា យជ្រាវបានប្រាប់ឲ្យដឹងថា ក្រោយពីចុះពិនិត្យរួចលោកបានធ្វើរបាយការណ៍ដាក់ជូនទៅ អភិបាលស្រុក ដើម្បី មានវិធានការជាបន្ដទៀត…។

ក្នុងរឿងនោះដែរលោក សេក ហៃ អភិបាល ស្រុកកូនមុំ នៅរសៀលថ្ងៃទី១៤ ខែសីហា អ្នកយកព័ត៌មានយើង បានព្យាយាមសុំការបំភ្លឺពីលោកជុំវិញករណីក្រុមឈ្មួញបានលួចកាប់រានដីព្រៃសម្បត្តិរដ្ឋរាប់រយហិកតាស្ថិតនៅភូមិសាស្ត្រខាងលើបានទេ។

ដោយឡែកលោក ខណ្ឌ ចំណាន អភិបាលរង ខែត្ររតនគិរី ទទួលបន្ទុកដីធ្លី បានប្រាប់ឲ្យដឹងថា រឿងគេកាប់ រានដីព្រៃនៅ ភូមិ៣ ឃុំត្រពាំងក្រហម នោះលោកពុំទាន់បានទទួលរបាយការណ៍ពី ស្រុកកូនមុំ នៅឡើយទេ។

រឿងនេះ ប្រជាពលរដ្ឋ មានការសង្ស័យថា រឿងនេះបានជាប់ពាក់ព័ន្ធជាមួយមន្ត្រីមូលដ្ឋាន និងអាជ្ញាធរស្រុក នៅពីក្រោយខ្នងទើបកន្លងមកពួកឈ្មួញហាក់មានឱកាសធ្វើសកម្មភាពកាប់បំផ្លាញ ហើយសមត្ថកិច្ចហាក់ពុំ មានវិធាការបង្រ្កាប ឬទប់ស្កាត់អ្វីឲ្យបានទាន់ពេលវេលានោះទេ។

ពលរដ្ឋ បានសំណូមពរទៅអាជ្ញាធរ ខែត្ររតនគិរី ជាពិសេស ក្រសួងកសិកម្ម និង ក្រសួងបរិស្ថាន សូមមេត្តា មានវិធានការផ្លូវច្បាប់ឲ្យបានតឹងរឹងដើម្បីការពារព្រៃឈើដែលជាសម្បត្ដិរដ្ឋនៅសេសសល់ក្នុងខែត្រមួយនេះឲ្យស្ថិតស្ថេរគង់វង្សតទៅជំនន់ក្មេងក្រោយៗបានឃើញ និងស្គាល់ដើមឈើខ្មែរផង។

គួរកត់សម្គាល់ថា ព្រៃឈើនៅ ស្រុកកូនមុំ បច្ចុប្បន្នកំពុងទទួលរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ស្ទើរតែគ្រប់ទី កន្លែងដើម្បីយកដីប្រើប្រាស់ ដោយកម្លាំងប្រជាពលរដ្ឋឲ្យដើរតួបិតបាំង នៅទីបំផុតដីនោះបានធ្លាក់ទៅដល់ដៃ បុគ្គលអ្នកមានលុយមានអំណាចមួយចំនួនកាន់កាប់គ្រប់គ្រង និងអាស្រ័យផលទៅវិញ។ ក្នុងនោះដែរដូចជាដី ព្រៃស្ថិតនៅចំណុច ត្រពាំងក្រភេម ភ្នំខ្លែងពណ៌ ភ្នំថ្មគ្រែ ភ្នំព្រៃកាទឹង អូរប៉ាជន់ អូររូង និងចំណុចស្រែពកតូច ជាដើមត្រូវបានកាប់បំផ្លាញស្ទើរគ្មានសល់៕