ជួសជុលប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកតំបន់ក្នុងស្រុកចំនួនពីរនៃខេត្តកំពង់ចាម

0
88

ដោយ: កោះប៉ែន
កំពង់ចាម: ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរ ខេត្តកំពង់ចាម ជួសជុលប្រព័ន្ធ ធារាសាស្រ្តទំនប់អាងទឹកតំបន់ដែលមានសមត្ថភាពស្តុកទឹកចំនួន១២លានម៉ែត្រត្រីគុណ និងបម្រើដល់ការ ស្រោចស្រពផ្ទៃដីដំណាំកសិកម្ម ឃុំសំរោង ស្រុកព្រៃឈរ និង ឃុំព្រៃចារ ស្រុកជើងព្រៃ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន និងឧតុនិយម ខេត្តកំពង់ចាម ដែលបានអមដំណើរលោក ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹកនិងលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានចុះពិនិត្យដំ ណើរការជួសជុលប្រព័ន្ធធារាសាស្រ្តខាងលើនៅព្រឹកថ្ងៃទី២៩ ខែមេសា។ លោកប្រធានមន្ទីរបានឳ្យដឹងថា ទំនប់អាងទឹកតំបន់ដែលកំពុងដំណើរការជួសជុលនេះមានបណ្តោយប្រវែង៣.៩០០ម៉ែត្រ។

ប្រធានមន្ទីរបានឳ្យដឹងទៀតថា ក្រៅពីជួសជុលចាក់ដីលើបំពេញលើខ្នងទំនប់ យើងជួសជុលទ្វារទឹកចំនួន បួនកន្លែងលើខ្នងទំនប់អាងទឹក និងជួសជុលទ្វារទឹកចំនួនពីរកន្លែងក្នុងចំណោមទ្វារទឹកចំនួនបីកន្លែងផ្សេង ទៀតនៃទំនប់អាងទឹកតំបន់។

លោក វិបុល បានបន្តថា ជាមួយគ្នានោះមានប្រជាពលរដ្ឋចំនួន១០ភូមិស្មើនឹង៣.២២០គ្រួសារនៃ ឃុំសំរោង ស្រុកព្រៃឈរ និង ឃុំព្រៃចារ ស្រុកជើងព្រៃ ដែលបានទទួលផលប្រយោជន៍ នៃទំនប់មួយនេះ។ ដោយមាន សមត្ថភាពផ្ទៃដីស្រែវស្សាចំនួន៤៩២ហិកតា ស្រែប្រាំងចំនួន១.២៥០ហិកតា និងដំណាំរួមផ្សំចំនួន៤០ហិក តា។

លោក សាំង ឆន មេឃុំសំរោង បានប្រាប់ឱ្យដឹងថា ខាង ឃុំសំរោង មានពីរបញ្ហានៅចន្លោះ ខែធ្នូ ទៅ ខែមករា យើងបង្ហូរទឹកចេញដើម្បីធ្វើស្រែប្រាំងក្នុងទំនប់អាងទឹក។ ប៉ុន្តែសម្រាប់ស្រែវស្សាវិញ បើយើងមាន សមត្ថភាពអាចបម្រើបានផ្ទៃដីជិត១.០០០ហិកតា។ ដោយឡែកស្រែប្រាំងទាំងក្នុងទំនប់និងខាងក្រៅទំនប់
សរុបប្រមាណជាង៣០០ហិកតា។

លោកមេឃុំបានបន្ថែមថា ប្រជាពលរដ្ឋចំនួនប្រាំមួយភូមិក្នុងចំណោម១១ភូមិ ដែលបានទទួលផលពីទំនប់ នេះ។ ក្នុងនោះស្រែវស្សា ធ្វើបានចំនួនពីរដងគឺនិយមធ្វើស្រូវប្រភេទ៤៩ និង៥០ជាស្រូវស្រាល ដែលជា មធ្យម ក្នុងមួយហិកតាបួនតោ និងតំបន់ណាដីមានជីជាតិទិន្នផលអាចហក់ឡើងដល់ប្រាំមួយតោនក្នុងមួយ ហិកតា។

លោកបានរំលឹកពីសាវតារទំនប់អាងទឹកតំបន់នេះថា ទំនប់នេះបានស្ថាបនានៅក្នុង ឆ្នាំ១៩៧៦ ក្នុងរបប ប៉ុល ពត គឺតាំងពីសាងសង់មកពុំដែលបានជួសជុលម្ដងណាឡើយ។ ដោយទើបតែខាងអាជ្ញាធរ បានស្នើសុំទៅ ខាង ក្រសួងធនធានទឹក ក៍បាននិងកំពុងដំណើរការជួសជុលនាពេលនេះ៕