ឆេះហាងរកស៊ីអស់ពីរខ្នងចំថ្ងៃបុណ្យអុំទូកទីពីរ

0
67

ដោយៈ គោកធ្លក
ភ្នំពេញៈ ហាងលក់សម្ភារទូរស័ព្ទនិងហាងកាត់សក់ជាប់គ្នាស្ថិតនៅតាមបណ្ដោយ ផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ពីវេលាម៉ោង ១:៥០រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គឺជាបុណ្យ អុំទូកទី២ ហើយម្ចាស់ហាងក៍បាននាំគ្នាដើរលេងបាត់អស់។ លុះដល់ម៉ោងកើតហេតុក៍ស្រាប់តែមានផ្សែងហុយ ព្រមទាំងចេញជាអណ្ដាតភ្លើងឆេះចេញពីខាងក្នុងហាងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង។

ករណីនេះសមត្ថកិច្ចប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួនបួនគ្រឿងដើម្បីបាញ់ពន្លត់ក៍រលត់ ទៅវិញជាស្ថាពរត្រឹមរយៈពេលប្រហែលកន្លះម៉ោង។ ចំពោះមនុស្សវិញក៍មិនមានអ្នកណាម្នាក់រងរបួសនោះ ដែរគឺគ្រាន់តែខូចខាតសម្ភារក្នុងហាងទាំងពីរដោយមាន គ្រឿងទូរស័ព្ទមួយចំនួនធំ និងម៉ូតូធំមួយគ្រឿងនៅ ក្នុងហាងកាត់សក់។ រីឯមូលហេតុនៃករណីនេះប៉ូលិសនៅមិនទាន់ដឹងនោះទេគឺកំពុងតែធ្វើការស្រាវជ្រាវរក មើលបន្ថែមទៀត៕