ព្រះវិហារៈ កម្លាំង បរិស្ថានបឹងពែរ ដែលឈរជើងនៅមុខ ផ្សារទ្រីភាព ទន្លេម្រេចក្នុង ខេត្តព្រះវិហារ បានឃាត់រថយន្តវេអងធុនធំមួយគ្រឿងម្ចាស់ឈ្មោះ យ៉េង និងប្រពន្ធឈ្មោះ ស៊ុន លី លួចដឹកឈើគ្មានច្បាប់អនុញ្ញាត ជាង៤០ម៉ែត្រគូបបង្កប់ក្រោមអង្កាម កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តដឹកឈើនោះបានបង្កប់ក្រោមបេអង្កាមចំនួនសាច់ឈើជាង៤០ម៉ែត្រគូប ចរាចរតាមផ្លូវជាតិលេខ៦២។ លុះមកដល់ចំណុចមុខ ផ្សារទ្រីភាព រថយន្តត្រូវបានមន្ត្រី បរិស្ថាន ត្រួតពិនិត្យឃើញឈើពេញដាក់បាវអង្កាមគ្របពីលើពេលនោះត្រូវបានឃាត់ទុក និងធ្វើការត្រូតពិនិត្យតាមច្បាប់។
ប្រភពបានអះអាងទៀតថា រថយន្តធំប្រភេទនេះបើសិន ដឹកស្រូវឬក៍ដឹកដំឡូងមី មិនមានអ្នកនាំផ្លូវទេ តែរថយន្តដឹកឈើនេះមានអ្នកនាំផ្លូវដើម្បីដោះស្រាយបាយទឹកលួងលោមចិត្តសមត្ថកិច្ចតាមផ្លូវ។ អ្នកនាំផ្លូវនោះត្រូវគេស្គាល់ឈ្មោះថា ញ៉ា ត្រូវជាក្មួយម្ចាស់ឈើឈ្មោះ យ៉េង និងប្រពន្ធឈ្មោះ ស៊ុន លី សព្វថ្ងៃរស់នៅ ភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។
ឈើគ្រឿងផ្ទះនិងរថយន្ត ខាងលើត្រូវមន្ត្រី បរិស្ថាន ស្នាក់ការបឹងពែទល់ មុខផ្សារទ្រីភាព យកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលចំណាក់ការនេះថា តើរថយន្តផ្ទុកឈើខាងលើចេញរួចទៅវិញដែរឬទេ ? ៕