ដោយៈ គោកធ្លក
រតនគិរីៈ កម្លាំងចម្រុះខេត្តពីរបានបើកកិច្ចប្រតិបត្តិការរួមគ្នាចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចាប់បានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជិតបីគីឡូក្រាមនៅត្រង់ក្បាលស្ពានសេកុងស្ថិតក្នុង ភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង នាវេលាម៉ោង១១ជាងព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសមត្ថកិច្ច ខេត្តស្ទឹងត្រែង បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា នេះថា កម្លាំងជំនាញ “ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងគ្រឿងញៀន ខេត្តរតនគីរី និង ខេត្តស្ទឹងត្រែង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងទឹកដី ខេត្តស្ទឹងត្រែង។
ប្រភពបានបន្តទៀតថា ក្រុមប៉ូលិសចាប់បានជនសង្ស័យចំនួនពីរនាក់ទី១.ឈ្មោះ ថង ភីន ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិប៉ាក់កាឡាន ឃុំប៉ាក់កាឡាន ស្រុកវើនសៃ ខេត្តរតនគិរី។ ទី២.ឈ្មោះ ឡៃ សូលីប ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិហាង្សាវាត់ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទីលំនៅបច្ចុប្បន្ន ភូមិថាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ប៉ូលិសបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ICE ចំនួនបីកញ្ចប់ធំ ដែលមានទម្ងន់២.៨៩៦,៤៦ក្រាម ម៉ូតូមួយគ្រឿង និងទូរស័ព្ទមួយគ្រឿង៕