ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួន ស្នងការរងនគរបាល ខេត្តកំពត ម្នាក់និងបក្ខពួកចំនួនពីរនាក់ទៀតជាមួយថ្នាំ ញៀនចំនួនជិតពីរគីឡូក្រាម។ កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំ ណតរថយន្ត ផ្សារខាលែនឌែលម៉ល ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះថា ជនសង្ស័យទាំងបី នាក់ដែលជាប់ពាក់ព័ន្ធនឹង គ្រឿងមេតំហ្វេតាមីន ICE ជិតពីរគីឡូក្រាមនោះមានដូចជា ទី១.ឈ្មោះ អ៊ឹម ឈួន ភេទប្រុសអាយុ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាល ខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ។
ទី២.ឈ្មោះ ហុង គា អាយុ៦១ឆ្នាំនិងទី៣.ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ។ការចាប់ខ្លួនពួកឧក្រិដ្ឋជនគ្រឿង ញៀនទាំងបីនាក់នេះដោយ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។
ប្រភពបានឲ្យដឹងទៀតថា មុនឈានដល់ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងបីនាក់នេះ គឺកម្លាំងជំនាញធ្វើ ឡើងតាមរយៈចុះអនុវត្តវិធានញុះញង់ដោយដកហូតសារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន (ICE) មានទម្ងន់ ១៧៣៨.៣៣ក្រាម ឬ ស្មើជិតពីរគីឡូក្រាម។
យោងតាមអគ្គស្នងការរងនគរបាលជាតិលោក ឆាយ គឹមខឿន បានបញ្ជាក់នៅល្ងាចនេះដែរថា ពិតជាមានការ ចាប់ខ្លួន ស្នងការរង និងបក្ខពួកពីរនាក់មែន។ សមត្ថកិច្ចកំពុងតែធ្វើការរឿងនេះហើយ…។
ចំណែកលោក ម៉ៅ ចាន់មធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានបញ្ជាក់ខ្លីថា សូមបងសួរទៅខាងឯកឧត្តម ម៉ក់ ជីតូ ទទួលផែនខាងគ្រឿងញៀន។ ខ្ញុំមិនទាន់ទទួលបានរឿងហ្នឹងទេ…។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងត្រូវបាន កម្លាំងជំនាញធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ រកបក្ខពួកនិងមេក្លោងធំ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕