ឃុំខ្លួនមន្ត្រីខែត្រតាកែវបីនាក់ពីបទរំលោភអំណាចនិងពុករលួយ

0
226

តាកែវ: មន្ត្រីសាលា ខែត្រតាកែវ ចំនួន៣នាក់ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់លោក ឱម យ៉ិនទៀង បញ្ជូនសំណុំរឿងទៅសាលាដំបូង ខែត្រតាកែវ ហើយត្រូវបានតុលាការឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារពួកគេរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ។

មន្ត្រីទាំង៣នាក់នោះមានទី១.លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគ នៃសាលា ខែត្រតាកែវ។ ទី២.លោក ម៉ម វិចិត្រ និងទី៣.លោក យ៉ុន សុធន ។ ពួកគេទាំងពីរនាក់ជា មន្រ្តីទីចាត់ការផែនការវិនិយោគ ខែត្រតាកែវ។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខែត្រតាកែវ បានឱ្យដឹងនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មន្ត្រីសាលាខែត្រតាកែវ ទាំង៣នាក់នោះបានបញ្ជូនខ្លួនទៅដល់ ពន្ធនាគារ ខែត្រតាកែវ ហើយ។

លោកបានបន្តទៀតថា ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនក្នុងពេលបំពេញភារកិច្ច នៃកំណែទម្រង់រដ្ឋបាលខែត្រទាំងការអនុវត្តច្បាប់។

អ្នកដែលមានតួនាទី ឋាន: បុណ្យស័ក្តិ ដែលប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ចំណាយថវិកាជាតិគ្មានគុណវុឌ្ឍិ ឆបោក និងយកឈ្មោះថ្នាក់ដឹកនាំ ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍បុគ្គលនោះឃើញថា ពួកគេត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់ទៅតាមនីតិវិធីជាបន្តបន្ទាប់។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ឱ្យដឹងថា​ នៅថ្ងៃទី៧ ខែវិច្ឆិកា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងមួយករណីដែលមានជនសង្ស័យបីរូបទៅ សាលាដំបូង ខែត្រតាកែវ។ អ្នកទាំងបីមានឈ្មោះទី១. ហេង វុទ្ធី តួនាទីជា នាយកទីចាត់ការផែនការ និងវិនិយោគ សាលា ខែត្រតាកែវ ភេទប្រុសអាយុ៤៥ឆ្នាំ។ ទី២.លោកម៉ម វិចិត្រ តួនាទីជា អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន អាយុ៣៩ ឆ្នាំ។ អ្នកទាំងពីរនាក់ជាប់សង្ស័យក្នុងបទ ល្មើសរំលោភអំណាច និងការប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ ព្រមទាំងបទល្មើស នៃការលាងសម្អាតប្រាក់។ ទី៣.លោក យ៉ុន សុធន មន្រ្តីការិយាល័យគាំទ្រមូលដ្ឋាន អាយុ៤៩ឆ្នាំជាប់សង្ស័យក្នុង បទល្មើសរំលោភអំណាច និងការប្រពឹត្តិមិនត្រឹមត្រូវក្នុងដំណើរការលទ្ធកម្មសាធារណៈ។

គួររំលឹកថា មន្ត្រីពុករលួយនៅ ខែត្រតាកែវ នេះត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនកាលពីប៉ុន្មានខែកន្លងទៅនេះ៕