ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរសត្វព្រៃខុសច្បាប់នៅខែត្រក្រចេះ

0
68

ក្រចេះ÷ បុរសម្នាក់ជាម្ចាស់ហាងអាហារដ្ឋានមួយកន្លែងត្រូវបាន តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារតាម អំណាចដីកាឃុំខ្លួនលេខ៣១៨ ឃ.ខ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរលោក គុយ ពិទូ ដោយចោទពី បទដឹកជញ្ជូនធ្វើពាណិជ្ជកម្មសន្និធិកែច្នែសំណាក ឬនាំចូលប្រភេទសត្វរស់ដោយគ្មានលិខិតអនុ ញ្ញាត និងបរបាញ់សម្លាប់សត្វធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វដោយកម្រ។

ជនសង្ស័យឈ្មោះ ចក់ ចែម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំបញ្ជាផ្ទាល់ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជ អាជ្ញារងអមសាលាដំបូង ខែត្រក្រចេះ បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាននៅផ្ទះរបស់គាត់ ស្ថិតក្នុង ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខែត្រក្រចេះ កាលពីពេលកន្លងទៅ។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងស្តុក និងជួញដូរសត្វព្រៃនៅចំណុចខាងលើសមត្ថកិច្ចក៍បានធ្វើការឆែកឆេរ ឆេររកឃើញសត្វត្រកួតចំនួន៥ក្បាលមានទម្ងន់៧គីឡូ សាច់ជ្រូកព្រៃចំនួន៤០គីឡូក្រាម សាច់ក្របីព្រៃចំនួន១០ គីឡូក្រាម ហើយវត្ថុតាងសត្វព្រៃត្រូវបានដុតបំផ្លាញចោល។

ទីតាំងជួញដូរ និងលក់សត្វព្រៃខាងលើនេះ ក៍ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះថា គឺបានបើកលក់ជាចំហរយូរ ឆ្នាំណាស់មកហើយដោយក្រុមជនសង្ស័យធ្វើការប្រមូលទិញពីគ្រប់ទិសទីនៅតំបន់នោះ។ តែអ្វីដែលគួរឲ្យកត់ សម្គាល់ខណៈដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះប្រពន្ធរបស់ជនសង្ស័យឈ្មោះ សុខ ឃឿន និងប្អូនបាន យកដុំថ្មគប់ទៅលើសមត្ថកិច្ច ហើយក៍បានរត់គេចខ្លួនបាត់តែម្ដង។

ករណីនេះលោក រ៉ាន់ បូរ៉ាឌី ព្រះរាជអាជ្ញារងអមសាលាដំបូង ខែត្រក្រចេះ បានឲ្យដឹងថា ខណៈដែលកម្លាំង សមត្ថកិច្ចចុះបង្ក្រាបនោះពិតជាមានការប៉ះទង្គិចគ្នាម៉ែន។ ក្រុមបក្ខពួកជនសង្ស័យប្រឆាំងរារាំងសមត្ថកិច្ច ហើយក៍បានប៉ះទង្គិចជាមួយនឹងកម្លាំងនគរបាល។ តែបច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន ហើយ៕