ឃាត់ខ្លួនជនអន្តពាលពាក់ព័ន្ធករណីកាប់និងវាយទៅលើយុវជនម្នាក់បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅស្រុកព្រៃកប្បាស

0
150

ដោយៈ បាយ៉ង់ថែមស៍
កណ្តាលៈ កម្លាំងចម្រុះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល មានមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត សហការ ជាមួយ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងអធិការដ្ឋាននគរ បាល ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បានកា​ប់និងវាយ ទៅលើយុវជនរងគ្រោះម្នាក់ ទៀតយ៉ាងសាហាវព្រៃផ្សៃ។ ការចាប់ខ្លួនជនអន្តពាលនេះធ្វើឡើងនៅវេលាម៉ោង១០:២០ព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២១ ស្ថិតក្នុង ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានស្រាវជ្រាវតាមចាប់ខ្លួនយុវជនដែលម៉ែឪមិនចេះប្រដៅកូននេះមានឈ្មោះថា អ៊ាង សុខខេង អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ស្ថិតនៅភូមិនិងសង្កាត់ខាងលើ គឺតាមបញ្ជារបស់លោក ជាវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ។

បើយោងតាម វីដេអូកាមេរ៉ាសុវត្ថិភាព គេឃើញជនរងគ្រោះម្នាក់រត់មកដួលក៍ត្រូវពួកក្រុមជនអន្តពាលមានគ្នាប្រ មាណបីនាក់ដេញតាម វាយនិងកាប់ទាត់ធាក់ យ៉ាងសាហាវឃោរឃៅព្រៃផ្សៃដែលមានដាវនៅនឹងដៃបើទោះបី មានអ្នកក្បែរខាងចេញមកជួយអន្តរាគមន៍ម្ដងជាពីរដងក្ដីក៍ពួកគេនៅតែមិនស្ដាប់គឺវាយទាត់ធាក់និងកាប់គ្មាន ញញើតដៃឡើយ។ អំពើអសីលធម៌សង្គមបែបនេះវាធ្វើឳ្យប្រជាពលរដ្ឋខ្មែររិះគន់ថា សីលធម៌ខ្មែរកន្លែងខ្លះធ្លាក់ ចុះដល់កម្រិតសូន្យ…។

មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាផ្សព្វផ្សាយវីដេអូថត ចេញពី កាមេរ៉ាសុវត្ថិភាពគឺ សកម្មភាពកាប់ និងវាយទៅលើជនរងគ្រោះយ៉ាងសាហាវ កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២១ ស្ថិតនៅ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្មេងពាលនេះត្រូវ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ចាប់ខ្លួន បានរួចប្រគល់ជូនទៅ ខាងអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីបន្តនីតិវិធីបញ្ជូនសំណុំរឿងទៅ តុលាការខេត្ត៕