ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់

0
66

ដោយៈ គោកធ្លក
ក្រចេះ: កម្លាំងសហគមន៍នេសាទ សហការជាមួយ ប្រជាការពារ ភូមកាំពីបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលកំពុងតែធ្វើសកម្មភាពឆក់ត្រីនៅត្រង់អន្លង់ជ្រោយបន្ទាយ គឺកណ្ដាលទន្លេស្ថិតនៅ ភូមិកាំពី ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៩។

លោក ម៉ក ពន្លក នាយរងខណ្ឌជលផល បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី៤ ខែធ្នូ ២០១៩ នេះថា ជនសង្ស័យទាំងពីរនាក់មានទី១.ឈ្មោះ រស់ ពេជ្រ ភេទប្រុសអាយុ២៣ឆ្នាំ និងទី២.ឈ្មោះ រស់ ចាន់រតនា ភេទប្រុសអាយុ៣៣ឆ្នាំ។ ពួកគេរស់នៅ ភូមិក្បាលជួរ ឃុំសម្បុក ស្រុកចិត្របុរី។ ទាំងពីរនាក់នេះត្រូវបាន
កម្លាំងចម្រុះឃាត់ខ្លួននៅពេលកំពុងធ្វើសកម្មភាពឆក់ត្រី។ កិច្ចប្រតិបត្តការនេះ រឹបអូសវត្ថុតាងមាន អាគុយ១គ្រឿង,ក្បាលឆក់១គ្រឿង,កន្រ្ទកដួសត្រី១,ទូកនេសាទប្រវែង៦ម៉ែត្រ១គ្រឿង។

នាយរងខណ្ឌរដ្ឋបាលបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ត្រូវបញ្ជូនទៅ ខណ្ឌជលផល ដើម្បីធ្វើការសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕