ខេត្តឧត្តរមានជ័យស្តារពើកស្មៅដុះអណ្តែតទឹកចេញពីអាងស្តុបទឹកធម្មជាតិ

0
179

ដោយៈ គោកធ្លក
ឧត្តរមានជ័យៈ ខេត្តឧត្តរមានជ័យ បញ្ចេញគ្រឿងចក្រ និងកងកម្លាំងទាំងបីប្រភេទចុះស្ដារពើកស្មៅដុះអណ្តែត យកចេញពីផ្ទៃអាងស្តុបទឹកធម្មជាតិដើម្បីរក្សាប្រភពទឹកទុកប្រើប្រាស់ និងបង្ការគោករាក់។ សកម្មភាពនេះ ស្ថិតនៅ សង្កាត់សំរោង ក្រុងសំរោង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលដែលសារាចរណែនាំរបស់ រាជរដ្ឋាភិបាល។

លោក ប៉ែន កុសល្យ អភិបាល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការចុះស្ដារពើកស្មៅដុះអណ្តែតទឹកចេញពីផ្ទៃ អាងស្តុបទឹកធម្មជាតិនេះ គឺដើម្បីបង្ការគោករាក់និងរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ព្រមទាំងកែលម្អ សោភ័ណភាពអាងស្តុបទឹកក្នុងគោលបំណងលើកកម្ពស់ស្ថានភាពជីវភាពរស់ការនៅរបស់ប្រជាពលរដ្ឋក្នុង តំបន់។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ថា ផ្ទៃអាងស្តុបទឹកធម្មជាតិនេះ មានទំហំ៨០ហិកតា។ អាងនេះអាចស្តុកទឹកបានចំនួន១,៦លានម៉ែត្រគូប មានលទ្ធភាពស្រោចស្រព លើផ្ទៃដីស្រូវវស្សាចំនួន៥១៥ហិកតា និងផ្ទៃដីស្រូវរដូវប្រាំងចំនួន៥៨ហិកតា រួមដំណាំរួមផ្សំជាប់តំបន់ ចំនួន៥ហិកតាទៀតផង។ ក្រៅពីបម្រើការស្រោចស្រពដំណាំស្រូវនិងដំណាំរួមផ្សំ វាក៍ជាប្រភពទឹក ផ្គត់ផ្គង់ចេញសម្រាប់ផលិតទឹកស្អាតចែកចាយដល់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងប្រជុំជន ក្រុងសំរោង
ខេត្តឧត្តរមានជ័យ ទាំងមូលផងដែរ។

រំលឹកថា សារាចរណែនាំចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើទោះបីជាចាប់ពី ខែកក្កដា ឆ្នាំ២០១៩ បាតុភូតអែលនីណូបានថមថយឥទ្ធិពល ជាបណ្តើរៗទន្ទឹមនឹង អាងទឹកនាពេលកន្លងមកបានរក្សាទឹកទុកស្ទើរតែ១០០ភាគរយក្នុងក្របខណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រងនិងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាពដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា, ស្រូវរដូវប្រាំង ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី។ ១-ការងារបង្កបង្កើនផលស្រូវប្រាំងក្នុង ឆ្នាំ២០១៩-២០២០គឺអាចធ្វើបានតែមួយដង ប៉ុណ្ណោះដោយ មិនអាចធ្វើស្រូវប្រាំងលើកទី២បានទេបើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុកនិងកន្លែង មួយចំនួនដែលមានទឹកជាធម្មជាតិក៍ដោយគួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ គឺថែរក្សាទឹកទុកឲ្យបានល្អដើម្បីផ្គត់ផ្គង់សម្រាប់តែការ     ប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ៕