ក្រុមឱកាសនិយមធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋនៅតំបន់«តាដួងតាអាំ»មិនគ្រប់គ្រាន់ មកបំភិតបំភ័យស្រ្តីមេម៉ាយនៅតំបន់«អូរត្រជាក់ចិត្ត» ស្រុកព្រៃនប់ ខែត្រព្រះសីហនុទៀត

0
226

ដោយ បាយ៉ង់ថាមស៍

ខែត្រព្រះសីហនុ៖ ស្រ្តីមេម៉ាយលោកស្រី អ៊ូ ម៉ាលីវណ្ណ ទទួលរងការបំភិតបំភ័យពីក្រុមឱកាសនិយមរាល់លើកពេលលោកស្រីទៅកន្លែងដីទំហំ៧ហិកតារបស់គាត់ ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ជាហេតុធ្វើឱ្យលោកស្រី មិនអាចចូលកាន់កាប់អភិវឌ្ឍអ្វីលើដីរបស់ខ្លួនមិនបានឡើយ បើទោះជាលោកស្រី មានឯកសារបញ្ជាក់ពីភាពស្របច្បាប់តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិកំពូលយ៉ាងណាក៏ដោយ ។ នេះយោងតាមការផ្ដល់បទសម្ភាស៍របស់លោកស្រី នៅនឹងទីតាំងដីខាងលើ កាលពីរសៀលថ្ងៃទី០៧ កុម្ភៈ ២០២៣ ។

លោកស្រី ម៉ាលីវណ្ណ បានទន្ទឹងរង់ចាំដំណោះស្រាយពីអាជ្ញាធរមានសមត្ថកិច្ច និង មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អស់រយៈពេលជិតពីរទសវត្សរ៍កន្លងទៅ តែពុំមានលទ្ធផលអ្វីសោះ ។ ដូច្នេះ លោកស្រីបង្ខំចិត្តអង្វរសុំឱ្យសម្ដេច ហ៊ុន សែន និង សម្ដេច ប៊ុនរ៉ានី ហ៊ុនសែន សម្ដេច ស ខេង និង ឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី មេត្តាជួយដល់រូបគាត់ ដើម្បីទទួលដីនោះបានមកវិញ អាចចូលទៅកាន់កាប់អាស្រ័យផលតរៀងទៅ ។

លោកស្រី អ៊ូ ម៉ាលីវណ្ណ មានទីលំនៅបច្ចុប្បន្ន ភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ និង លោកស្រីមានដីចម្ការមួយកន្លែង ដែលគាត់បានរៀបរាប់ខាងលើ តាមរយៈការទិញពីគេតាំងពីឆ្នាំ២០០៥ ។ ហើយដីនោះទៀតសោត ពុំមានជាប់ពាក់ព័ន្ធនឹងដីក្រុមហ៊ុន របស់ឧបនាយករដ្ចមន្រ្តី យឹម ឆាយលីនោះឡើយ ។

លោកស្រី អ៊ូ ម៉ាលីវណ្ណ បានបញ្ជាក់ថា អភិបាលខែត្រព្រះសីហនុបីជំនាន់ មានឯកឧត្តម ស្បោង សារ៉ាត់ ឯកឧត្តម ឈិត សុខុន និង ឯកឧត្តម យន្ត មីន ដែលមានស្នាដៃជួយដោះស្រាយជូនប្រជាពលរដ្ឋ និង បានប្រជុំជាមួយក្រុមហ៊ុន កាត់ឆ្វៀលដីនៅចំណុចនោះឲ្យមកអ្នកស្រី និង ប្រជាពលរដ្ឋជាង ១០០គ្រួសារ អោយអាស្រ័យផលឡើងវិញរួចហើយ ។ ប៉ុន្តែពួកគាត់នៅតែមិនបានចូលទៅកាន់កាប់អាស្រ័យផលឡើងវិញបាននោះទេ ។

លោកស្រីប្រាកដច្បាស់ថា លោកស្រីចងចាំបុរសពីរនាក់ ក្នុងចំណោមក្រុមឱកាសនិយម ដែលបំភិតបំភ័យរូបគាត់នោះ ទី១ លោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកព្រៃនប់ ខែត្រព្រះសីហនុ(ឬហៅថាមេព្រៃ) ទី២ លោក អែល គឹមអាន ហៅប៉ាក ជាអ្នកមើលព្រំដីអោយក្រុមហ៊ុន របស់ឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី ដែលបុគ្គលរូបនេះអះអាងថាដីលោកស្រី ម៉ាលីវណ្ណ ស្ថិតក្នុងទីតាំងរបស់ក្រុមហ៊ុន ។

ក្រុមឱកាសនិយម និង អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធ អង្គភាពសារព័ត៌មានយើង ពុំទាន់សុំសេចក្ដីបំភ្លឺជុំវិញបញ្ហាខាងលើនោះទេ ព្រោះបើយោងតាមឯកសារគតិយុត្តដែលយើងទទួលបាន គឺមានសេចក្ដីលម្អិតពីមន្រ្តីជំនាញ អាជ្ញាធរតាំងពីថ្នាក់ក្រោមជាតិ និង ថ្នាក់ជាតិកំពូល គ្រប់គ្រាន់អស់ហើយ ។

គួរបញ្ជាក់ថា ដីរបស់លោកស្រី ម៉ាលីវណ្ណខាងលើ មិនស្ថិតក្នុងដីអនុក្រឹត្យលេខ ៣០ អនក្រ បក របស់រាជរដ្ឋាភិបាល ស្ដីពីការធ្វើអនុប្រយោគ ដកហូតដីធ្លី ដែលស្ថិតនៅឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ និង ឃុំទួលទទឹង នៃស្រុកព្រៃនប់ ខែត្រព្រះសីហនុ នោះឡើយ ៕