ក្រុមអតីតសិស្សវិទ្យាល័យសុខអានទន្លាប់រួមមតិគ្នាធ្វើពិធី«រំលឹកគុណគ្រូ»

0
934

ដោយៈ បាយ៉ង់
ភ្នំពេញៈ ក្នុងចំណោមគុណទាំង១០៨នោះ គុណគ្រូមានចំនួន៦ដែរ ដើម្បីជាកិច្ចរលឹកដឹងគុណគ្រូរបស់ផងខ្លួន ក្រុមអតីតសិស្សវិទ្យាល័យសុខអានទន្លាប់ រួមមតិគ្នាធ្វើពិធី «រំលឹកគុណគ្រូ» ដែលមានការជួបជុំគ្នារវាងគ្រូនិង សិស្ស នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នាវិទ្យាល័យសុខអានទន្លាប់ផ្ទាល់ទល់មុខសាលា ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រុមអតីតសិស្សវិទ្យាល័យទន្លាប់នេះបាន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំង ឆ្នាំ១៩៩០ រហូត មកក៍បានបែកគ្នាអស់រយៈកាលជាយូរឆ្នាំ អ្នកខ្លះមានមុខរបររកស៊ីនិងអ្នកខ្លះមានការងារធ្វើរៀងៗខ្លួន។ អ្នកខ្លះ ធ្វើជា គ្រូបង្រៀន មន្ត្រីរាជការ ប៉ូលិស ទាហាន អ្នកខ្លះបង្កើតមុខរបររកស៊ីដោយខ្លួនឯង និងអ្នកខ្លះទៀតធ្វើការ ឱ្យក្រុមហ៊ុនឯងជន។ល។ ពួកគេបានបែកគ្នាយូរឆ្នាំមកហើយ គឺតាំងពីនៅយុវវ័យរហូតដល់មាន កូនមានចៅ រៀងៗខ្លួន។ អ្នកខ្លះក៍មានសក់ប្រែពីរបីពណ៌ផងដែរ។ ដោយមានការនឹករលឹកលោកគ្រូអ្នកគ្រូ ជាខ្លាំងពួកគេក៍ បានមូលមតិគ្នា រៀបចំកម្មវិធី ជួបជុំគ្នារវាងគ្រូនិងសិស្ស ដែលពួកគេប្រសិទ្ធនាមថា«រំលឹកគុណគ្រូ»។ មិនតែ ប៉ុណ្ណោះលោកគ្រូអ្នកគ្រូចូលនិវត្តមួយចំនួនបានទទួលមរណភាពខ្លះ ហើយពួកគាត់ខ្លះទៀតក៍មានវ័យកាន់តែ ចាស់ទ្រុឌទ្រោមទៅៗ…។

លោក ឡេង សុផល អតីតសិស្សវិទ្យាល័យទន្លាប់ ម្នាក់ប្រឡងជាប់បាក់ឌុបនៅ ឆ្នាំ១៩៩០ ហើយបានធ្វើគ្រូ បង្រៀននៅ ឆ្នាំ១៩៩៧ ផ្នែកគីមីវិទ្យា នៃវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ។ លោកជាស្ថាបនិក ម្នាក់ដែល បានផ្ដើមគំនិតធ្វើឱ្យមានកម្មវិធី «រំលឹកគុណគ្រូ» នេះឡើង។ថវិកាដែលលោកបានរៃអង្គាសប្រាក់ពីមិត្តរួមក្រុម បានចំនួន៧៥០០ដុល្លារអាម៉េរិក។

លោក សុផល ប្រាប់ឱ្យដឹងពីកម្មវិធីជួបជុំ អតីតសិស្សវិទ្យាល័យទន្លាប់ ឆ្នាំសិក្សា ១៩៨៩ ដល់ ឆ្នាំ១៩៩៤ ថា កន្លងមកអតីតសិស្ស តែងតែធ្វើកម្មវិធីតាមជំនាន់។ តែដោយការយល់ឃើញសម័យនោះទោះបីមិនបានរៀន ជំនាន់នឹងគ្នាក៍ពួកយើងតែងតែរាប់អានគ្នា ដើរជាមួយគ្នា រៀនយុទ្ធសាស្ត្រសង្រ្គាមជាមួយគ្នា ក្រោមដំបូល សិក្សាតែមួយ។ ហេតុនេះកម្មវិធីដោយការនឹករលឹកគ្នាអស់រយៈពេលជាង៣០ឆ្នាំប្លាយរវាង មិត្តបង និងមិត្ត  ប្អូនសម្លាញ់ទាំងអស់កើតទុក្ខមិនសុខចិត្តក៍នាំគ្នាធ្វើឱ្យមានពិធីនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះឡើង។

លោកបានបញ្ជាក់ពីគោលបំណងនៃកម្មវិធីនេះថា មាន៣ចំណុចសំខាន់ ទី១.ការជួបជុំលោកគ្រូ អ្នកគ្រូចូល និវត្ត។ ទី២.បាយសាមគ្គីអតីតសិស្ស លោកគ្រូអ្នកគ្រូចូលនិវត្ត និងលោកគ្រូអ្នកគ្រូកំពុងបម្រើការងារ វិទ្យា ល័យទន្លាប់។ ទី៣.កៀងគរថវិកាដើម្បីជូនទៅ លោកគ្រូអ្នកគ្រូនិងទៅ គណៈគ្រប់គ្រងសាងសង់សាលាទុក ជាអនុស្សាវរីយ៍។

អតីតសិស្សវិទ្យាល័យទន្លាប់លោក យ៉ែម រឿន សព្វថ្ងៃជា នាយកវិទ្យាល័យសុខអានទន្លាប់ បានរៀបរាប់ពី ប្រវត្តិសាលានេះថា សាលានេះបង្កើតឡើងក្នុង ឆ្នាំ១៩៨២ ដោយធ្វើការឈូសឆាយដីព្រៃកប់ខ្មោច។ អ្នកដឹក នាំឈូសឆាយបង្កើតសាលានេះមានលោក ស៊ឹម ស៊ឹប អតីតមេ ឃុំព្រះបាទជាន់ជុំ លោក ម៉េង សុខុម លោក ម៉ិច គឹមស្រ៊ន អតីតប្រធានមន្ទីរអប់រំ ស្រុកគិរីវង់។ ពួកគាត់បានដាក់ឈ្មោះសាលានេះថា មធ្យមសិក្សាកម្រិត ១ទន្លាប់។ រហូតមកដល់ ឆ្នាំ១៩៨៦ បង្កើតទៅជា សាលាមធ្យមសិក្សាកម្រិត២ទន្លាប់ ដែលមានលោកគ្រូ អៀ គឹមអ៊ ជានាយកសាលា និងអ្នកគ្រូ ឈន គឹមស្រ៊ាង នាយិការង។

លោក យ៉ែម រឿន បន្តទៀតថា រីឯសាលាមធ្យមសិក្សាកម្រិតទី១ទន្លាប់ នៅក្នុងបរិវេណសាលាតែមួយគឺមាន លោកគ្រូ ឃាល ហ៊ិន លោកគ្រូ សូរ សារិន និងលោកគ្រូ ម៉ៅ លីម លោកគ្រូ ស៊ុង ស៊ីវ ជាគណៈគ្រប់គ្រង។ រហូតមកដល់ ឆ្នាំ១៩៩០ ជាងមន្ទីរអប់រំស្រុកក៍បានបញ្ចូល សាលាកម្រិតទាំងពីរនេះឱ្យទៅជាសាលាតែមួយ ដោយដាក់ឈ្មោះថា វិទ្យាល័យទន្លាប់ ដែលមានលោកគ្រូ អៀ គឹមអ៊ ធ្វើជានាយកសាលារហូតដល់ ឆ្នាំ២០០៩ ទើបចូលនិវត្ត។ ចាប់តាំងពី ឆ្នាំ២០០៩ អ្នកគ្រូ ឈន គឹមស្រ៊ាង ធ្វើជានាយិការហូតដល់ ឆ្នាំ២០១៤ ទើបចូល និវត្ត។ ចាប់ពី ឆ្នាំ២០១៥ លោកគ្រូ សំ លី ធ្វើជានាយកសាលារហូតដល់ ឆ្នាំ២០១៨ ក៍ចូលនិវត្ត ហើយចាប់ពី ឆ្នាំ២០១៩ លោក យ៉ែម រឿន ស្នងតំណែងជា នាយកវិទ្យាល័យសុខអានទន្លាប់ រហូតដល់សព្វថ្ងៃនេះ។

លោក អៀ គឹមអ៊ អតីតនាយកវិទ្យាល័យទន្លាប់ ដែលមានជន្មាយុ៧៥ឆ្នាំសព្វថ្ងៃជា សមាជិកក្រុមប្រឹក្សា ស្រុក គិរីវង់។ លោកគ្រូបានលើកឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះថា អតីតសិស្សជាច្រើនក្រុមបានធ្វើរបៀប នេះជាបន្តបន្ទាប់ខុសៗគ្នា ហើយពួកគេបានជូនថវិកានិងអាវ ដល់លោកគ្រូអ្នកគ្រូចាស់ៗចូលនិវត្ត។ លោកគ្រូ គឹមអ៊ បានសំដែងនូវសមាណចិត្តសប្បាយរីករាយជាមួយសិស្សដែលស្រុះស្រួលចិត្តសាមគ្គីគ្នា។ លោកគ្រូបន្ត ទៀតថា លោកគ្រូអ្នកគ្រូចាស់ៗចូលនិវត្ត នឹងមកចូលរួមទាំងអស់គ្នាតែបាត់ពួកគាត់ខ្លះហើយគឺ«ស្លាប់»។ សាលាយើងធ្លាប់ធ្វើពិធីរៀបហ្នឹងរាល់តែឆ្នាំមានក្រុមផ្សេងៗខុសជំនាន់ឆ្នាំគ្នា។ ទោះជាយ៉ាងណាក្រុមនេះធ្វើពិធី នេះពីរដងក្នុង ឆ្នាំ២០២០។

ចំណែក លោកឧមត្ដសេនីយ៍ទោ ទេស សំអាត អតីតសិស្សនៃវិទ្យាល័យទន្លាប់នេះដែរ សព្វថ្ងៃបម្រើការងារ ផ្នែកកងទ័ពបញ្ជូនសារនៅ អន្លង់វែង ខេត្តឧត្ដរមានជ័យ បានស្វាគមន៍ និងមានទឹកចិត្តជួយជាថវិកាចំនួន ១០០ដុល្លារ។ ដោយសារឆ្នាំនេះមានការងាររវល់មមាញឹកច្រើន នៅតាមព្រំដែនលោកមិនបានមកចូលរួម នឹងគេនោះទេ។ ប៉ុន្តែឆ្នាំក្រោយលោកនឹងឆ្លៀតពេលចូលរួមឱ្យខាងតែបាន។

ម្ចាស់ផ្ទះជ័យភូមិខ្មែរលោក សិង្ហ គា អ្នកសិក្សាស្រាវជ្រាវអំពីប្រពៃណីទំនៀមទម្លាប់ខ្មែរ បានប្រាប់ឱ្យដឹងថា ការដឹងនូវគុណដែលគេធ្វើដល់ខ្លួននោះជាចរិតពិតរបស់ខ្មែរពីដើមរៀងមកដែលសន្មត់ហៅ ថាជា កតញ្ញូតា  ធម៌ដែលមាននៅក្នុងប្រព័ន្ធអបរំក៍ដូចជា ផ្នត់គំនិតកូនខ្មែរ។ លោកបានពន្យល់អំពីគុណថា គុណដែលវិសេស វិសាលរបស់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណឪពុកម្តាយ គុណបង គុណព្រះរាជា គុណញាតិមិត្ត គុណគ្រូ នោះ បូករួមទៅត្រូវជា១០៨គុណ។ ក្នុងនោះ គុណគ្រូមាន៦ នេះជាចំណាត់ថ្នាក់នែគុណដែលបុព្វបុរសខ្មែរយើងបាន ចាត់តាមផែនយ៉ាងនេះ និងខ្លះថា ត្រឹម ព្រះរតនត្រៃ ទាំងបីបូកតែម្តាយឪពុកទេជាគម្រប់១០៨គុណនោះ។ ទាំងពីរជាចំណាត់ថ្នាក់ នៃគុណដ៏វិសេសៗលើគុណនានាយ៉ាង គុណរុក្ខជាតិ គុណសត្វដែលបានផ្តល់ជាចំណី និងជាថ្នាំដល់មនុស្សយើង។

ដោយមានការយល់ដឹងផ្នែកចំណេះដឹងខ្ពស់ពីប្រពៃណីទំនៀមទម្លាប់ខ្មែរលោកបានបន្ថែមថា ការនឹករលឹកដឹង គុណគ្រូនេះ ជាទំនៀមដ៏វិជ្ជមានរបស់ខ្មែរហៅថា ជាប្រពៃណី របស់អ្នកជាដែលតែងស្គាល់គុណ ស្គាល់ទោស។ គុណភាគ៦ដែលបានពី គ្រូបង្រៀន គ្រូអាចារ្យ គ្រូឧបាធ្យាយឬ គ្រូឧបជ្ឈា នោះទុកជាពន្លឺ ទុកជាភ្នែកដែលធ្វើ ឱ្យយើងបានចេះដឹង យល់ដឹងពោលបានចេះនិងដឹង។ ការជួបជុំគ្នាបង្កបរិយាកាសរីករាយដោយធ្វើនៅទេយ្យ ទាននានាដល់គ្រូខ្លួនជាទម្លាប់របស់អ្នកប្រាជ្ញ ឬឈ្មោះថា បណ្ឌិតព្រោះបានផ្តល់តម្លៃដល់ការចេះដឹងរួមថាជា ទង្វើប្រកបដោយគតិបណ្ឌិតនោះឯង។

សូមជម្រាបថា កន្លងមកសមាជិកក្រុមនេះតែងតែជួយដល់សង្គមមានលក្ខណៈមនុស្សធម៌ដូចជា ទី១.ជួយថវិកា ទិញបង់អង្គុយរៀនដាក់ក្នុង សាលាបឋមបន្ទាយធ្លាយ។ ទី២.ជួយថវិកាមិត្តទន់ខ្សោយខ្វះខាតមានជំងឺ និងទី៣. ជួយថវិកា សាលាបឋមសិក្សាត្រើយទន្លាប់ ប្រើប្រាស់ឧបករណ៍លាងដៃ៕