ក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួនបីត្រូវបានក្រសួងប្រៃសនីណ៍ផាកពិន័យចាប់ពី១០លានទៅ៤០លានដុល្លារ

0
512

ដោយៈ អធិបតី
ភ្នំពេញៈ អាថ៌កំបាំងនៃអំពើទុច្ចរិតត្រូវបានលាតព្រោះរឿងនេះបានដឹងដល់ «ព្រះឥន្ទ្រ» គឺក្រុមហ៊ុនទូរស័ព្ទ ចល័ត យ៉ាងតិចធំៗចំនួនបីត្រូវបាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផាកពិន័យក្នុងក្រុមហ៊ុននីមួយ ៗចាប់ពី១០លានទៅ៤០លានដុល្លារបន្ទាប់ក្រុមបច្ចេករបស់ក្រសួងចុះធ្វើអធិការកិច្ចគ្រប់ខែត្រក្រុងរកឃើញថា ពួកគេលាក់ ទីតាំងបង្គោលអង់តែន លាក់ចំនួនម៉ៃក្រូវ៉េវ និងលាក់ប្រាក់ចំណូលដើម្បីគេចវេះពីការបង់ពន្ធចូល ថវិកាជាតិ។

នៅប្រទេសកម្ពុជាមាន ក្រុមហ៊ុនទូរស័ព្ទចល័ត ចំនួន៥។ ក៍ប៉ុន្តែក្នុងនោះ ក្រុមហ៊ុនទូរស័ព្ទចំនួនបីដែលមាន ឈ្មោះបោះសំឡេងល្បីល្បាញជាងគេ រីឯក្រុមហ៊ុនពីរទៀតគេពុំសូវស្គាល់ឡើយ។ ក្រុមហ៊ុនទូរស័ព្ទចល័តធំ ជាងគេអស់គឺ «ម៉ិតហ្វូន»(Metfone) របស់វៀតណាម។ ក្រុមហ៊ុនស្មាត របស់ម៉ាឡេស៊ី ដែលមានភាគហ៊ុន ជប៉ុន និងក្រុមហ៊ុនសែលកាត របស់លោកឧកញ៉ា គិត ម៉េង ដែលមានភាគហ៊ុនបរទេសផងដែរ។

ជាកិច្ចឆ្លើយតបការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទចល័ត នៅកម្ពុជាដែលបម្រើសេវាមិនល្អនោះ ត្រូវបានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ធ្វើការដោះស្រាយបញ្ហាគុណភាព នៃសេវាទូរស័ព្ទ ចល័ត និងសេវាអ៊ិនធ័រណិត ដោយបានចាត់តាំងក្រុមការងារប្រតិបត្តិ នៃក្រសួងប្រៃសណីយ៍ ទទួលបន្ទុកតំបន់ ចំនួន៥ខែត្រក្រុង។

ក្រុមការងាររបស់ក្រសួងខាងលើបានរកឃើញ ប្រតិបត្តិករកំពុងប្រតិបត្តិការក្នុង វិស័យទូរគមនាគមន៍ មានចំ នួន៦៩ ដោយក្នុងនោះមាន ប្រតិបត្តិករទូរស័ព្ទចល័ត (ក្រុមហ៊ុនទូរស័ព្ទ) ចំនួន៥។ ប្រតិបត្តិករ (ក្រុមហ៊ុន) ផ្ដល់សេវាអ៊ិនធ័រណិត ( ISP ) ចំនួន៣៨។ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាប អុបទិកក្រោមបាតសមុទ្រចំនួន៥។ ចំនួនស្ថានីយ៍អង់តែនទូរស័ព្ទចល័តកំពុងប្រើប្រាស់ទូទាំងប្រទេស១១,៤៨៩ និងបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នងមាន ១៩,២៧៩ គីឡូម៉ែត្រ។ ក្រុមការងារដដែលក៍បានរកឃើញចំនួនម៉ៃ ក្រូវ៉េវ ដែលជាឧបករណ៍សម្រាប់បញ្ជូនទិន្នន័យតាមរលកធាតុអាកាស និងការលាក់ប្រាក់ចំណូលរបស់ ក្រុម ហ៊ុននីមួយៗផងដែរ។

ការលាក់ទីតាំងបង្គោលអង់តែន របស់ក្រុមហ៊ុននីមួយៗ ព្រោះតែពួកគេមានការភ័យខ្លាចក្រសួងតម្រូវឱ្យដាំ បង្គោលបន្ថែមដែលកន្លែងគ្មានសេវា ឬកន្លែងចន្លោះកណ្ដាលមានសេវាខ្សោយ ដែលធ្វើឱ្យបន្ថែមការចំណា យច្រើន។ ដើម្បីឱ្យ ទូរស័ព្ទចល័តមានសេវាល្អក្រុមហ៊ុនត្រូវដាំបង្គោល៦គីឡូម៉ែត្រមួយ។ ការលាក់ចំនួន ម៉ៃក្រូវ៉េវ និងប្រាក់ចំណូល គឺក្រុមហ៊ុនមានចេតនាគេចវេះពីការបង់ពន្ធប្រចាំឆ្នាំចូលថវិកាជាតិ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីភាពមិនប្រក្រតី នៃក្រុម ហ៊ុនទូរស័ព្ទចល័ត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំ» របស់ក្រសួង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានលាតត្រដាងពីការរកស៊ីភូតកុហករបស់ ក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងនោះថា ពួកគេបានលួច សមត្ថភាពអង់តែនដែលបានបញ្ចេញសមត្ថភាពត្រឹមតែ៣០ភាគរយធ្វើឱ្យសេវាទូរស័ព្ទខ្សោយដើម្បីសន្សំសំចៃថវិកាហើយក៍បានទម្លាក់កំហុសទៅលើ ឧបករណ៍ រីភីទ័រ ( Repeater ) និង ប៊ូស្ទ័រ ( Booster ) ថា បានស្រូប ឬកាត់ផ្ដាច់សេវាទូរស័ព្ទចល័ត។ ក្រុមហ៊ុនបម្រើសេវា ទូរស័ព្ទចល័ត មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាចាស់ដែល មានអាយុកាលលើសពី១០ឆ្នាំឡើយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា លោកធ្លាប់បានទាមទារឱ្យក្រុមហ៊ុន ប្រាប់ទីតាំងបង្គោលអង់តែន តែត្រូវបាន បដិសេធ។ ដោយសារការលាក់បាំងចំនួន បង្គោលអង់តែន នេះហើយ ក្រសួងក៍បង្កើតក្រុមការងារ៥តំបន់ ដែលមានការទទួលខុសត្រូវចុះទៅកាន់គ្រប់ខែត្រក្រុង ក្នុងនោះក៍បានពិនិត្យ ម៉ៃក្រូវ៉េវ និងបច្ចេកវិទ្យា ជាច្រើន មុខទៀត។ មូលហេតុដែលក្រុមហ៊ុនមិនប្រាប់ បង្គោលអង់តែនដោយសារខ្លាចក្រសួងតម្រូវឱ្យដាំបង្គោលថ្មីប ន្ថែមកន្លែងដែលគ្មានសេវា ជាហេតុធ្វើឱ្យក្រុមហ៊ុនមិនហ៊ានចំណាយប្រាក់។ ការដាំបង្គោលមួយទៅបង្គោល មួយទៀត ត្រូវមានរយៈប្រវែង៦គីឡូម៉ែត្រ ហើយក្នុងមួយបង្គោលត្រូវចំណាយប្រាក់យ៉ាងតិច១០ម៉ឺនដុល្លារ។

ដោយរឿងទាំងនេះដឹងដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ សង្កាត់ធ្ងន់ទៀតថា ក្រុមហ៊ុនលាក់ ឬភូតកុហកចំនួន ម៉ៃក្រូវ៉េវ និងប្រាក់ចំណូល ដើម្បីគេចវេះពីការបង់ពន្ធ ចូលថវិការដ្ឋ។ បើទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល លោកបានសម្រេចឱ្យក្រុមហ៊ុនមួយត្រូវតែបង់ពន្ធ ចូលថវិការដ្ឋចំនួន៤០លានដុល្លារ។ នៅក្នុងក្រុមហ៊ុននីមួយៗរកស៊ីចំណេញច្រើនណាស់ ដូច្នេះយើងមានមូល ដ្ឋានច្បាស់លាស់អស់ហើយ…។

នៅក្នុងរឿងខាងលើនេះដែរ មានមន្ត្រីជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះបម្រើការនៅ ក្រសួងប្រៃសណីយ៍ បានបង្ហើបប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះថា ឧបករណ៍ ម៉ៃក្រូវ៉េវ ក្រុមហ៊ុន ត្រូវបង់ពន្ធប្រចាំឆ្នាំចូលថវិការដ្ឋ។ ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត ត្រូវបានជាប់ពិន័យបង់ប្រាក់ចូលរដ្ឋចំនួន ៤០លានដុល្លារ ដោយសារការភូតកុហកព័ត៌មាន។ ក្រុមហ៊ុនរបស់ម៉ាឡេស៊ី និងជប៉ុន ដែលមានលំដាប់លេខ ពីរ។ ស្មាតនេះបានលាក់សមត្ថភាពអង់តែន លាក់ចំនួនម៉ៃក្រូវ៉េវ លាក់ប្រាក់ចំណូល និងប្រើប្រាស់បច្ចេក
វិទ្យាចាស់ៗហួសអាយុកាល១០ឆ្នាំផងដែរ។

ប្រភពដដែលបន្តទៀតថា រីឯក្រុមហ៊ុន «ម៉ិតហ្វូន» (Metfone) របស់វៀតណាម មានលំដាប់លេខមួយ និងក្រុមហ៊ុនសែលកាត មានលំដាប់លេខបី ពួកគេត្រូវជាប់ពិន័យបង់ថវិកាចូលរដ្ឋដែរ ចាប់ពី១០លានទៅ ២០លានដុល្លារឯណោះ។ ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ត្រូវតែរាយការណ៍ដោយស្មោះត្រង់ពីចំនួន ម៉ៃក្រូវ៉េវ និងខ្សែកាបអុបទិក ទៅឱ្យក្រសួងបានដឹង ក៍ប៉ុន្តែពួកគេបានភូតកុហកក្រសួង។

នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ខូវ មករា អ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនទទួលទូរស័ព្ទអ្នកសារព័ត៌មានឡើយ ដើម្បីសុំការបញ្ជាក់បន្ថែម។ គេពុំអាចដឹងថា តើក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងនោះបានបង់ថវិកាចូលរដ្ឋហើយឬនៅ ? រីឯ ក្រុមហ៊ុន«ម៉ិតហ្វូន» និងក្រុមហ៊ុនស្មាត គេពុំអាចទាក់ទងសុំ ការបំភ្លឺបានទេជុំវិញព័ត៌មានខាងលើ។

ទោះជាយ៉ាងណាបុរសម្នាក់រស់នៅ រាជធានីភ្នំពេញ បានលើកឡើងថា ការផាកពិន័យក្រុមហ៊ុនលួចលុយជាតិ ដែលមានប្រាក់ច្រើនៗអីចឹងពួកគេមិនងាយនឹងសង រដ្ឋាភិបាលនោះទេ។ ពួកគេទុកពេលវេលា អូសបន្លាយ ដើម្បីយកលេស ឬរកខ្សែដើម្បីអន្តរាគមន៍។ ក្រុមហ៊ុនទាំងនោះសុទ្ធតែមានខ្សែបណ្ដោយធំៗ ណាស់សម្រាប់ កាងនិងការពារ។

អ្នកស្រី ឌិន ណៃគាង មន្ត្រីបម្រើការងារនៅក្នុង ក្រុមហ៊ុនសែលកាត ទទួលបន្ទុកខាងព័ត៌មាន បានលើកឡើង នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះថា គាត់មិនបានដឹងរឿងខាងលើនោះទេ។ ក៍ប៉ុន្តែគាត់បានសុំ វីដេអូ ដែលលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍លើកឡើងពីការរកស៊ីខ្វះភាពស្មោះត្រង់ដោយភូតកុហករបស់ក្រុម ហ៊ុននីមួយៗ។

គួរបញ្ជាក់ថា មានរដ្ឋមន្ត្រីយ៉ាងតិចបីអាណត្តិមកហើយគឺពុំដែលបានសើរើ ឬចុះធ្វើអធិការកិច្ចដូចលោក ជា វ៉ាន់ដេត ឡើយ។ ម្យ៉ាងទៀតចាប់តាំងពីការកាន់ដំណែងរបស់ រដ្ឋមន្ត្រីលោក សូរ ឃុន លោក ត្រាំ អ៊ីវតឹក និងលោក ប្រាក់ សុខុន ជាយូរឆ្នាំមកហើយនៅតែមិនដឹងអំពីចំនួនបង្គោលអង់តែន ចំនួនម៉ៃក្រូវ៉េវ និងប្រាក់ចំ ណូលពិតប្រាកដនោះឡើយ៕