ក្រុមប្រាសាទបាយ៉ង់ដែលមានសារសំខាន់ជាងគេនៅក្នុងខេត្ដតាកែវ

0
687

ដោយៈ តិល ពិសិដ្ឋ
ភ្នំពេញៈ ប្រាសាទបុរាណខ្មែរកសាងអំពីឥដ្ឋជាច្រើននៅលើកំពូលភ្នំខ្ពស់ នៃសម័យចេនឡា ដូនតាខ្មែរយើងធ្វើ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ក្រុម ប្រាសាទបាយ៉ង់ ដែលមានសារសំខាន់ជាងគេស្ថិតនៅ ខេត្ដតាកែវ ដូចជា ប្រាសាទនាងសក់ក្រអូប ប្រាសាទបាយ៉ង់ ប្រាសាទព្រះគោ ប្រាសាទដុបតាញាណ និង ប្រាសាទព្រះ បាទដៃខ្លី ហើយនៅក្នុងបរិវេណ វត្ដលើព្រះវិហារ ដ៏ល្អផូរផង់នោះត្រូវបានគេសាងសង់នៅលើ ខឿនប្រាសាទ បុរាណ ដែលរលាយតួបាក់បែកអស់ដែលបន្សស់ទុកតែប្រអប់ទ្វារ និងកាំជណ្ដើរប្រាសាទ ជាពិសេសថ្មបាយ ក្រៀម។ ដូចគ្នានេះដែរស្ថិតនៅ វត្ដកំពែង ឃុំកំពែង ស្រុកគិរីវង់ ក៍មានប្រាសាទមួយទៀតធ្វើអំពីឥដ្ឋ។

នៅទីនោះវាជាកន្លែងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏សំខាន់ស្ថិតក្នុង ស្រុកគិរីវង់។ អ្វីដែលមិនសូវមាន មនុស្សស្គាល់ច្រើនគឺកត្ដាសំខាន់ អាជ្ញាធរដែនដី ឬក្រសួងពាក់ព័ន្ធត្រូវតែយកចិត្ដទុកដាក់ឱ្យបានខ្ពស់ នាំគ្នាអភិ វឌ្ឈន៍ និងផ្សព្វផ្សាយ ឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស វានឹងបង្កើនប្រាក់ចំ ណូលដល់ប្រជាពលរដ្ឋស្របតាមគោលនយោបាយនៃ រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថាយភាពក្រីក្រ។

តាមការឱ្យដឹងពីលោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា បានលើកឡើងថា ការដែល ព្រះបាទឥសានវម៌ទី១ គ្រងរាជ្យក្នុងអំឡុង ឆ្នាំ៦១៥ ដល់ ឆ្នាំ៦៣៧ នៃគ្រិស្តសករាជ បានជ្រើសរើស ទីតាំង កំពូលភ្នំបាយ៉ង់ ដើម្បីស្ថាបនា ប្រាសាទបាយ៉ង់ ដែលអ្នកស្រុកហៅថា បាយ៉ង់កោ ជាបូជនីយដ្ឋានមួយ ដ៏សំខាន់ជាងគេក្នុងចំណោមបូជនីយដ្ឋានផេ្សងៗទៀតនៅក្នុង ខេត្ដតាកែវ មិនមែនជាការចៃដន្យឡើយ។ ប៉ុន្ដែ កត្ដាភូមិសាស្ដ្រប្រកបដោយទេសភាពស្រស់បំព្រងជុំវិញនោះបានលាតសន្ធឹងដាច់កន្ទុយភ្នែកប្រៀបផ្ទឹមនឹង ទេពស្ថានគួរឱ្យតេ្រកត្រអាលជាទីបំផុត។

ប្រាសាទបាយ៉ង់ ស្ថិតនៅ ភូមិពោធិរោង និង ភូមិត្រពាំងសង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ដតាកែវ ដែល មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីខាងត្បូងទីរួម ខេត្ដតាកែវ និងមានប្រវែង១២០គីឡូម៉ែត្រពី រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។ ដូចប្រាសាទផេ្សងៗទៀតនៅ ឥសានបុរៈ ប្រាសាទបាយ៉ង់ សាងសង់ឡើងអំពីឥដ្ឋនៅលើ
កំពូលភ្នំមួយដែលមានកម្ពស់ប្រមាណជា៨០០ម៉ែត្រ ហើយមានចម្ងាយប្រមាណជា១,៧គីឡូម៉ែត្រភាគនិរតី នៃស្រះសង់បុរាណដ្ឋាន វត្ដលើ ភូមិត្រពាំងសង់។

ដើម្បីឡើងទៅកាន់ បូជនីយដ្ឋាន ដ៏ស័ក្ដិសិទ្ធិនេះ គេត្រូវចំណាយពេលដើរពីទិសខាងជើងឆ្លងកាត់ផ្ទាំងថ្មដាតូច ធំជាច្រើន ហើយពីជម្រាលភ្នំទៅកាន់ ប្រាសាទ គេចំណាយពេលប្រមាណជាង១ម៉ោង។ មុននឹងឈានជើង ដល់កាំជណ្ដើរឡើងទៅកាន់ ប្រាសាទបាយ៉ង់ ដែលធ្វើអំពីថ្មបាយក្រៀមគឺមានចំនួន៩១កាំ។

សព្វថ្ងៃនេះគេអាចធ្វើដំណើរដោយងាយស្រួលជាងមុនដើម្បីឡើងទៅទស្សនាទីនោះគឺ ជិះម៉ូតូឌុប ឬរថយន្ត តាមផ្លូវបុរាណនៅចំណុច ភូមិត្រពាំងសង់ ដែលបានផ្សារភ្ជាប់ពីជើងភ្នំដល់ផ្នែកខាងលើ នៃប្រាសាទនោះ តែម្ដង។ ផ្លូវបុរាណនេះកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។

ប្រាសាទនេះគឺជាប្រាសាទទោលមានរាងបួនជ្រុង ដោយជ្រុងនីមួយៗមានប្រវែងប្រមាណ១០ម៉ែត្រ និងកម្ពស់ ប្រមាណជា១៤ម៉ែត្រ។ ស្របនិងប្រពៃណីស្ថាបត្យកម្មបុរាណប្រាសាទរបស់ខ្មែរយើងមានទ្វារពិតមួយដែល ស៊ុមធ្វើអំពីថ្មថ្លើមអណ្ដើក (ថ្មក្រែ) បែរមុខទៅទិសខាងកើត និងទ្វារ៣ទៀតដែលជាទ្វារបញ្ឆោត។ ប្រាសាទ នេះកសាងអំពីឥដ្ឋដុតនៅ សម័យបុរេអង្គរ គឺមានតែ ប្រាសាទបាយ៉ង់ នេះទេនៅលើកំពូលភ្នំខ្ពស់ជាងគេអស់ នៅកម្ពុជា។

លោក មីសែល បានឱ្យដឹងទៀតថា ផ្ដែរដែលស្ថិតនៅផ្នែកខាងលើ នៃខ្លោងទ្វារចូលនិងសសរពេជ្រធ្វើអំពីថ្មភក់ ត្រូវបានបាត់បង់តាមអាយុកាលទៅហើយ។ យ៉ាងណាមិញសោមសូត្រាសម្រាប់បង្ហូរទឹកមន្ដចេញពីប្រាសាទ ក៍ដូចេ្នះដែរ។ ម្យ៉ាងវិញទៀតដោយសារ កំពូលប្រាសាទ ដែលធ្លុះធ្លាយផ្នែកខាងក្នុងនៃប្រាសាទស្ថិតក្នុងសភាព សើមជាពិសេសនៅរដូវវស្សា។ លក្ខណៈដ៏វិសេសវិសាលរបស់ ប្រាសាទបាយ៉ង់ គឺក្រៅពីឧត្ដមភាពសម្បូរបែប នៃក្បាច់រចនា គឺវត្ដមានរបស់មណ្ឌលដ៏ពិសិដ្ឋមួយដែលស្ថិតនៅផ្នែកខាងក្នុងដើម្បីឱ្យសាសនិកជនដើរ «ភាវនាធម៌» ការដែលឃើញមានផ្លូវដើរជុំវិញដូចេ្នះជាកត្ដាមួយដ៏សំខាន់ដែលអាចជួយយើងបាន។

លោកបានលើកអំពីលក្ខណៈវ័យចំណាស់នៃប្រាសាទថា បាយ៉ង់ ក៍ដូចជានៅ ប្រាសាទបុរេអង្គរផេ្សងៗទៀត ដែរ ដែលស្ថិតក្នុងអន្ដរកាល រចនាបថសម្បូរណ៍ព្រៃគុក និងព្រៃកេ្មង យើងឃើញមានក្បាច់លម្អជា ប្រាសាទ ចម្លងតូចៗអមទាំងសងខាងទ្វារពិតនិងទ្វារបញ្ឆោត ដែលគេហៅថា វិមានអាកាសឬ ប្រាសាទអណ្ដែត ឬវិមាន
អាកាស។ សូមជម្រាបថា ប្រាសាទតូចៗទាំងនោះ គឺជានិមិត្ដរូបនៃភាពអវកាស នៃទេវស្ថាន ទាំងនោះដែល តាមពិតទៅ គឺតំណាងឱ្យ ទេវស្ថាន ស្ថិតនៅឋានត្រៃត្រិង្ស។

មិនខុសគ្នាពីប្រាសាទដ៏ទៃឯទៀតនៅលើទីតាំង នៃបូជនីយដ្ឋានបុរេអង្គរ ដ៏ល្បីល្បាញនេះឃើញមានការសាង សង់ជាបន្ដបន្ទាប់រហូតដល់ ស.វទី១០ ដល់ទី១១នៃគ.ស ដូចវត្ដមាន បណ្ណាល័យ មួយដែលស្ថិតនៅជ្រុងខាង ត្បូងឈៀងខាងកើត ព្រមទាំងជណ្ដើរធ្វើអំពីថ្មបាយក្រៀម នៅដំណាងពីមុខជាភស្ដុតាងជាក់ច្បាស់។ ក្រៅពី នេះគេក៍ឃើញមានសំណង់រណបនៅចំពីមុខដែលមាន សណ្ឋានជាអគារ មានដំបូលធ្វើអំពីឈើប្រក់ក្បឿងរាង បួនជ្រុងស្មើ ដែលទ្រសសរធំៗចំនួន៤ធ្វើអំពីថ្មបាយក្រៀមថែមទៀតផង។

តាមការឱ្យដឹងលោកបណ្ឌិតបន្ដទៀតថា ប្រាសាទនេះ ពិតជាបូជនីយដ្ឋានសាងសង់ឡើងសម្រាប់ ព្រះមហា ក្សត្រ ឬសព្វមុខមន្ដ្រីជាន់ខ្ពស់មកថ្វាយបង្គំព្រះដូចករណី ប្រាសាទអាស្រមមហាឥសី ដែលស្ថិតនៅទី ក្រុងអង្គរ បុរី ឬ ឥសានបុរៈ ជាសក្ខីកម្មស្រាប់។

លោកបន្ដថា ដូចពោលខាងលើ គឺជាបណ្ដុំសំណង់ស្ថាបត្យកម្មដែលត្រូវបានសាងសង់ជាច្រើនដំណាក់កាល។ អ្វីមួយដែលអាចបញ្ជាក់តាមរយៈក្រៅ ប្រាសាទបាយ៉ង់ នៅមានប្រាសាទបុរាណជាច្រើនទៀតដែលបុព្វការីជន ខ្មែរបាន ប្រតិស្ថាន ដូចជា ប្រាសាទនាងសក់ក្រអូប ប្រាសាទក្ដិបស្លាផ្កាស្វាយ ឬ ប្រាសាទដុបតាញាណ ប្រា សាទព្រះបាទដៃខ្លី និង ប្រាសាទព្រះគោ ជាដើម។ល។

តាមរយៈក្បាច់រចនាឆ្លាក់នៅលើ ជញ្ជាំងប្រាសាទឥដ្ឋ និងរាងរៅ នៃសំណង់លោកអាចកំណត់ថា អាយុកាលនៃ ប្រាសាទបាយ៉ង់ ទោះបីជាបូជនីយដ្ឋាននេះ ត្រូវបានទទួលនូវការរេចរឹលដោយច្រើនអន្លើក្ដី។ ប្រាសាទនេះ សាងសង់ឡើងដោយមានលក្ខណៈជាតួប៉មប្រាង្គតែមួយនៅលើកំពូលភ្នំ ប្រាសាទបាយ៉ង់ ត្រូវបានស្ថាបនា ឡើងនៅរាជ្យរបស់ ព្រះបាទឥសានវម៌ទី១ ក៍មែនពិត។ ប៉ុន្ដែត្រូវបានបន្ដរហូតដល់រាជ្យព្រះមហាក្សត្រក្រោយៗ ទៀត។ ការសន្និដ្ឋានដូចេ្នះគឺអាស្រ័យលើរចនាបថផ្ដែរឥដ្ឋទាំងពីរប្រភេទគឺ សម្បូរណ៍ព្រៃគុក និង ព្រៃកេ្មងដែល សំណង់ស្ថាបត្យកម្មដ៏ធំនេះបានបន្សល់ទុកជាតឹកតាង និងជាប្រវត្ដិសាស្ដ្រពិតៗ។

សិលាចារឹកមួយផ្ទាំងស្ថិតនៅ ព្រះគុហារហ្លួង ស្រុកទូកមាស ខេត្ដកំពត ក្នុងរជ្ជកាល ព្រះបាទជ័យវម៌ទី១ត្រង់ អត្ថបទភាសាខ្មែរចាប់ផ្ដើមដោយកាលបរិចេ្ឆទ ឆ្នាំ៥៩៦សក = ​ឆ្នាំ៦៧៤គ.ស នៅមន្ទីរ (នៃតំបន់ ឬភូមិភាគ ឈ្មោះ) បុរន្ទបុរៈ។ អត្ថបទនេះដោយបញ្ជាក់អំពីអំណោយរបស់មន្ដ្រីជាន់ខ្ពស់ពីររូបកាលពី រាជ្យព្រះបាទរៅ
ទ្រវម៌ ដែលប្រហែលជា ព្រះបាទរុទ្រវម៌ នៃនគរភ្នំ (៥១៤-៥៤៥គ.ស) បូជាថ្វាយដល់ ព្រះឧត្បនេ្នស្វរៈ គឺជា ព្រះឥសូរ មួយអង្គដែលអ្នកស្រុកស្រឡាញ់រាប់អាននៅ តំបន់ភ្នំបាយ៉ង់។ ដូចេ្នះនៅសម័យនោះ ព្រះឥសូរ ប្រាសាទភ្នំបាយ៉ង់ ស័ក្ដិសិទ្ធិដ៏អស្ចារ្យ ជាពិសេសដូនតាខ្មែរយើងបានចារយ័ន្ដផ្កាប់ ឬបញ្ច្រាស់នៅ សោមសូត្រា នៃប្រាសាទព្រះគោ ស្ថិតក្រោម ប្រាសាទបាយ៉ង់ ដែលមានចម្ងាយប្រមាណជាង២០០ម៉ែត្រ។

ភ្នំគិរីវង់ ក៍ដូច ភ្នំបាយ៉ង់ ពីមុនជាកន្លែងព្រៃស្ដុកមានដើមឈើធំៗក្រាស់ខ្មឹកតែឥឡូវក្លាយ ជាវាលរហោស្ថានទៅ ហើយ…ដោយនៅទីនោះមានរ៉ែត្បូងដ៏មានតម្លៃ។ ជារៀងរាល់ឆ្នាំអ្នក ស្រុកគិរីវង់ ពិសេសអ្នករស់នៅក្បែរនោះ ក្រោយពីសែនដូនតា បុណ្យភ្ជុំបិណ្ឌ រួចពួកគាត់តែងតែយកម្ហូបអាហារនំចំណីទៅសែនព្រែននៅទីនោះបន្ដ ទៀតគឺទៅអុជធូបទៀនបន់ស្រន់សុំសេចក្ដីសុខសប្បាយចម្រុងចម្រើន។ ទីនោះជាតំបន់ ទេសចរណ៍វប្បធម៌ និងធម្មជាតិមួយដ៏សំខាន់បំផុតនៃ ស្រុកគិរីវង់ ខេត្ដតាកែវ។

គួរបញ្ជាក់ថា ប្រាសាទបាយ៉ង់ នេះត្រូវបានសិក្សាមួយយ៉ាងសំខាន់ដោយលោក ម៉ូហេ្ស កាលពី ឆ្នាំ១៩៣៥ ដែលបានគូរប្លង់ប្រាសាទនេះជាហេតុទើបអាចជួយឱ្យអ្នកជំនាន់ក្រោយស្វែងយល់អំពីចំណាស់ និងសារសំ ខាន់នៃ ប្រាង្គប្រាសាទ ខាងលើនេះ។

ប្រាសាទព្រះបាទដៃខ្លី ស្ថាបត្យកម្មខ្មែរនាសម័យបុរេអង្គរស្ថិតនៅលើចងេ្កះភ្នំដ៏ស្ងត់ជ្រងំ មានបុរាណស្ថានមួយ ដែលមានទ្វារបាក់បែកបែរមុខទៅទិសខាងលិចរក ប្រាសាទបាយ៉ង់ នោះគឺ ប្រាសាទព្រះបាទដៃខ្លីជាស្ថាបត្យ កម្មខ្មែរនាសម័យបុរេអង្គរនៃអាណាចក្រនគរភ្នំ (វ្នំ) ឬហ្វូណន ជាស្លាកស្នាមតឹកតាងប្រវត្ដិសាស្ដ្រនៃបុព្វបុរស ដូនតាខ្មែរ។ ប្រាសាទនេះខេ្ទចខ្ទាំស្ទើរតែប៉ែតសិបភាគរយទៅហើយ បច្ចុប្បន្នស្ថិតនៅ ភូមិត្រពាំងស្រង់ ឃុំព្រះ បាទជាន់ជុំ ស្រុកគិរីវង់ ខេត្ដតាកែវ។

កាលពីថ្ងៃអាទិត្យទី១០ ខែមករា ឆ្នាំ២០១០ លោកបណ្ឌិតសាស្ដ្រាចារ្យ ជំនាញឯកទេសខាងប្រវត្ដិសាស្ដ្រប្រទេ សកម្ពុជាយល់ឃើញថា បារាំងបានសិក្សាស្រាវជ្រាវតែ ប្រាសាទបាយ៉ង់ តែមួយហើយមិនស៊ីជម្រៅ។ ដោយ ឡែកនៅមានប្រាសាទផេ្សងៗទៀតក៍មិនបានសរសេរឱ្យកូនខ្មែរបានដឹងអំពីប្រវត្ដិពិត ដូចេ្នះទើបលោក មីសែល ត្រាណេ រួមដំណើរជាមួយអ្នកយកព័ត៌មានកាសែត រស្មីកម្ពុជាបានចុះទៅដល់ទឹកដីសម័យបរមបុរាណខ្មែរ យើង។

ក្រុម ប្រាសាទបាយ៉ង់ មានប្រាសាទបុរាណខ្មែរយ៉ាងតិច៥ដែលបុព្វបុរសដូនតាខ្មែរយើងបានកសាងឡើងអំពី ឥដ្ឋ ហើយវាអាចមានប្រាសាទលើសពីចំនួនខាងលើនេះទៀតក៍ថាបាន។ ពីព្រោះនៅក្នុងបរិវេណ វត្ដពោធិវង់ លើ ពុទ្ធសាសនិកជនខ្មែរបានកសាង ព្រះវិហារ នៅលើខឿនបុរាណស្ថាន។ ក្នុងទីអារាមនោះដែរមានបំណែ កសំណល់ប្រាសាទបុរាណយ៉ាងច្រើនដូចជា ថ្មបាយក្រៀម ថ្មស្រទាប់ ទម្រស្នានតូនី ឥដ្ឋនិងតោថ្មភក់។ល។

សព្វថ្ងៃនេះគ្មានការពិពណ៌នាណាមួយស្ដីពី ប្រាសាទបុរាណ របស់យើងនៅឡើយ។ កាលបើគេឡើងទៅដល់ ទីតាំងប្រាសាទនេះ ដែលមានចម្ងាយពីគ្នាប្រមាណជា១០០ម៉ែត្រពី ប្រាសាទនាងសក់ក្រអូប គេអាចគយគន់ នៅទេសភាពដ៏ខៀវខ្ចីដែលស្ថិតនៅជុំវិញ ព្រមទាំងវិសាលភាពរបស់បឹងទន្លាប់ដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក នៅពីខាងជើងភ្នំដែលតំណាងឱ្យ ទនេ្លគង្គា។

យោងតាមការសិក្សាស្រាវជ្រាវរបស់លោក មីសែល ត្រាណេ បានធ្វើការបកស្រាយពីប្រាសាទខាងលើនេះថា ប្រាសាទទោលនេះ ធ្វើអំពីឥដ្ឋបែរមុខទៅទិសខាងលិច ហើយទ្រុឌទ្រោមបាក់បែកប្រមាណជា៨០ភាគរយ ក៍មែនពិត ក៍ប៉ុន្ដែបូជនិយដ្ឋាននេះនៅតែរក្សាបាននូវខឿនរបស់ខ្លួនដែលស្ថិតក្រោមគំនរឥដ្ឋធ្លាក់ពីលើព្រម
ទាំងរាងដ៏សង្ហា។ ដូចប្រាសាទបុរាណខ្លះរបស់យើងពីដើមលម្អដោយក្បាច់រចនាយ៉ាងល្អ ប្រណីតឆ្លាក់លើ បាយអតែម្ដង។

លោកបានបន្ដទៀតថា ប្រាង្គប្រាសាទឥដ្ឋ នេះមានរាង៤ជ្រុងស្មើ និងមានទំហំតូចប្រហែលជា៣,៥ម៉ែត្រគុណ ៣,៥ម៉ែត្រ។ កាលពីដើមប្រាសាទនេះ លម្អដោយក្បាច់រចនាដ៏ល្អវិចិត្រ ធ្វើអំពីបាយអតែឥឡូវនេះត្រូវសឹក រេចរឹលអស់ទៅហើយ ដោយគ្រាន់តែបន្សល់ទុកនូវសសរពេជ្រមូលដ៏ចាស់ជរាមួយគូរអមមាត់ទ្វារហើយ
បាក់ជិតពាក់កណ្ដាលដូចនៅ ប្រាសាទអាស្រមមហាប្ញស្សី ស្ថិតនៅ ស្រុកអង្គរបុរី ព្រមទាំង សោមសូត្រ ធ្វើអំពីថ្មស្រទាប់ឬថ្មពពុះ មួយជាប់នឹងជញ្ជាំងខាងជើងពោលគឺបែរមុខទៅបឹងទន្លាប់ទៅវិញ។

ទិដ្ឋភាពដ៏អណោចអធ័មមួយទៀតរបស់ ប្រាសាទព្រះបាទដៃខ្លី គឺខ្លោងទ្វារប្រាសាទ ត្រូវរលំពុកផុយរយះខេ្ទច ខ្ទាំទាំងអស់នៅសល់តែដុំថ្មមួយដុំតែលតោលគួរឱ្យរន្ធត់ចិត្ដ។​​ លោកបណ្ឌិតបានបន្ដទៀតថា វត្ដមានរបស់ សោមសូត្រ ថ្មសម្រាប់បង្ហូរទឹកមន្ដពីក្នុងប្រាសាទដែលមាន ព្រះសិវលិង្គ ស្ថិតនៅចំកណ្ដាលប្រាសាទចេញ
មកខាងក្រៅបង្ហាញឱ្យដឹងថាការកសាងនេះត្រូវបានធ្វើឡើងតាមសណ្ដាប់សាសនាព្រាហ្មណ៍សិវនិកាយ ឬនិ កាយព្រះឥសូរ ដែលមានចម្លាក់ ព្រះសិវលិង្គ ដែលគេគោរពប្រតិបត្ដិជាង ទេវតា ផេ្សងៗឯទៀត ហើយដែលជា មូលហេតុនៃការសាងសង់ប្រាសាទនេះដើម្បីឧទ្ទិសថ្វាយព្រះ។

សព្វថ្ងៃ ព្រះសិវលិង្គ និងទម្រព្រះសិវលិង្គ ដែលតំណាងយោនីរបស់ «នាងឱមា» ដែលបាត់បង់ទៅហើយតែ កាលពីដើមវាពិតជាមានមហិទ្ធិប្ញទ្ធិយ៉ាងក្រៃលែងចំពោះអ្នកធ្វើដំណើរទីជិតឆ្ងាយ។ ព្រោះនៅទីនេះហើយដែល មានទឹកមន្ដស្រោចស្របលើភស្ដុភា និងប្រជាជនខ្មែរគ្រាប់ឋានៈ វណ្ណៈ ជាពិសេសនៅក្នុងពិធីបុណ្យសិវរាត្រី
ដើម្បីឱ្យទឹកមន្ដដ៏ពិសិដ្ឋខាងលើនេះប្រោសព្រំស្រែចម្ការក្នុងរដូវអំណត់ទឹកភ្លៀង។

ដូចេ្នះកាលបើយើងបានឃើញនូវវត្ដមានរបស់បំណែក សោមសូត្រ ដែលនៅជាប់នឹងជញ្ជាំងប្រាសាទគួរឱ្យ យើង នឹកនាដល់សម័យបុរាណដោយឥតមន្ទិលសង្ស័យឡើយថា ប្រាសាទព្រះបាទដៃខ្លី របស់យើងពិតជា បានដើរតួនាទីមួយយ៉ាងសំខាន់នាសម័យនោះ។

តាមការសិក្សាប្រៀបធៀបក្បាច់សសរពេជ្រលោក មីសែល អាចកត់សម្គាល់ថា ប្រាសាទនេះដែលមានអាយុ កាលចាស់ជាង សសរពេជ្ររចនាបថសម្បូរណ៍ព្រៃគុក ដែលបានកសាងក្នុងរវាង ស.វទី៦គ.ស ដើម្បីឧទ្ទិស ថ្វាយដល់ ព្រះសិវៈឬព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

ពាក់ព័ន្ធទៅនឹងចំណាស់នៃ ប្រាសាទព្រះបាទដៃខ្លី លោក មីសែល ជឿជាក់ថា បូជនិយដ្ឋាននេះមានអាយុកាល ចាស់ជាងប្រាសាទផេ្សងៗឯទៀតជាពិសេស ប្រាសាទនាងសក់ក្រអូប ប្រាសាទដុបតាញ្ញាណ និង ប្រាសាទ បាយ៉ង់ ដែលស្ថិតក្នុង រចនាបថសម្បូរណ៍ព្រៃគុក និងព្រៃកេ្មង។ គ្មានអ្វីហាមប្រាមមិនឱ្យអ្នកស្រាវជ្រាវយើង
សន្និដ្ឋានថា ប្រាសាទរបស់យើងមានចំណាស់ចាស់ជាងប្រាង្គកណ្ដាលនៃ ប្រាសាទបាយ៉ង់ ដែលត្រូវបានសាង សង់ឡើងក្នុងរជ្ជកាលរបស់ ព្រះបាទភវវម៌្មទី១ ដែលព្រះវត្ដមានត្រូវបានគូសបញ្ជាក់នៅ ឆ្នាំ៥៩៨គ.ស ឬក៍ ព្រះបាទភវវម៌្មទី២ នៅក្នុង ឆ្នាំ៦៣៩។

ក្នុងរយៈកាលនៃការគ្រប់គ្រងរបស់ព្រះរាជាទាំងពីរព្រះអង្គនេះដូចទើបពោលខាងលើលោកយល់ឃើញថា មាន ការកសាងនូវស្ថាបត្យកម្មប្រាសាទមួយចំនួនទៀតនៅលើជួរ ភ្នំបាយ៉ង់ ដែលជាដែនដីមួយគេទទួលស្គាល់ថា ជាទឹកដីរបស់ នគរភ្នំ នៅឡើយក្នុងសម័យកាលនោះ។

ដោយសារតែលក្ខណៈនៃចម្លាក់សសរពេជ្ររបស់ប្រាសាទយើងធ្វើអំពីឥដ្ឋហើយមានរាងមូលដូច អជន្ដា លោក បានឱ្យដឹងថា ប្រាសាទរបស់យើងមិនមែនស្ថិតនៅក្នុងរជ្ជកាលរបស់ ព្រះបាទឥសានវម៌្មទី១ ទេដែលសោយ រាជ្យនៅ ឆ្នាំ៦២៨ គ.ស នៅឡើយ ហើយបានបង្កើត រចនាបថសម្បូរណ៍ព្រៃគុក។ កត្ដាមួយទៀតដែលជាភស្ដុ
តាងជាប្រយោលគឺសិលាចារឹកដែលចាស់ជាងគេនៃ ប្រាសាទភ្នំបាយ៉ង់ គឺត្រូវបានចារឡើងនៅ ឆ្នាំ៦០៤ និង ឆ្នាំ៦២៤គ.ស ពិពណ៌នាអំពីការសាងសង់ ព្រះសិវ មួយនេះដោយ ព្រាហ្មណ៍ម្នាក់ឈ្មោះ វិទ្យាវិន្ឌូ។

ទាំងនេះសឱ្យឃើញថា ប្រាសាទព្រះបាទដៃខ្លី ត្រូវបានកសាងឡើងមុនរជ្ជកាលរបស់ ព្រះបាទភវវម៌្មទី១ ឬទី២ ហើយយ៉ាងហោចណាស់ក៍ក្នុងរជ្ជកាលរបស់ ព្រះបាទភវវម៌្មទី១ ដែរ។

ដោយមូលហេតុទាំងនេះហើយគប្បី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គួរតែជួយស្រោចស្រង់ឬសង្គ្រោះ ប្រាសាទ ព្រះបាទដៃខ្លី នេះផងឱ្យរួចផុតពីក្ដីវិនាសកម្មជាយថាហេតុ។ ពីព្រោះប្រាសាទនេះ បានរងគ្រោះធ្ងន់ធ្ងរ ជាងប្រា សាទណាៗទាំងអស់។

រហូតដល់សព្វថ្ងៃអ្នកស្រុកនៅតែមានជំនឿថា ប្រាសាទបាក់បែកនេះនៅតែរក្សាភាពស័ក្ដិសិទ្ធិនៅឡើយ ដោយ សារតែវត្ដមានរបស់ពុំនូកកណ្ដៀរមួយស្ថិតនៅក្បែរនោះពីខាងមុខប្រាសាទដែលចេះតែរីកធំៗឡើងពីមួយថ្ងៃ ទៅមួយថ្ងៃទៀតហាក់បីដូចជាមាន បារមីកាន់ ហើយមានជីវិតរស់នៅ។

ប្រាសាទព្រះគោ ស្ថាបត្យកម្ម ព្រះបាទឥសានវម៌្មទី១។ ប្រាសាទនេះស្ថិតនៅលើកំពូលភ្នំមួយ នៃជួរភ្នំបាយ៉ង់ ក្នុង ភូមិពោធិរោង និង ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដដែល។ ប្រាសាទព្រះគោ ដែលមាន សភាពទ្រុឌទ្រោមនោះត្រូវបានសាងសង់ឡើងក្នុងរាជ ព្រះបាទឥសានវម៌្មទី១ នាសម័យចេនឡា ឬគេហៅ
ថាសម័យបុរេអង្គរ (សម័យមុនអង្គរ)។

យោងតាមបទសម្ភាសន៍លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា បាននិ យាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ នេះថា ដូចប្រាសាទដ៏ទៃៗឯទៀតនៅ ជួរភ្នំបាយ៉ង់ បូជនិយដ្ឋាន ខាងលើនេះធ្វើអំពីឥដ្ឋ ដែលហ៊ុមព័ទ្ធដោយកំពែងមួយ ហើយវាស្ថិតនៅលើខឿនដែលមានប្រវែងប្រមាណ
ជា៥ម៉ែត្រ៤ជ្រុងចម្ងាយប្រមាណពី ប្រាសាទបាយ៉ង់ ជាង២០០ម៉ែត្រ មានកម្ពស់ប្រមាណជា១១ម៉ែត្រ។

គួរឱ្យសងេ្វកនៅជុំវិញប្រាសាទនេះត្រូវបានជនអគតិដ៏ចង្រៃជីកគាស់កកាយបំផ្លាញស្ទើរគ្មានសល់មើលមិនយល់ទម្រង់ដើមឬចាស់ដោយសារពួកគេរុករកវត្ថុបុរាណ។ មនុស្សជាច្រើនមិនបានយល់ដឹងអំពីការដាក់ «បណ្ដា សារ» របស់ដូនតាខ្មែរនៅលើសិលាចារឹកនានា គឺហាមចាប់យករបស់របបឬរំលោភបំពានរបស់ ព្រះអាទិទេព កុំថាឡើយវត្ថុសំខាន់នៅក្នុងប្រាសាទគឺសូម្បីតែរបស់របបនៅក្រៅប្រាសាទក៍យើងមិនអាចទៅប៉ះពាលបានដែរគឺវានឹងត្រូវចុះនរកងងឹត៣២ជាន់។

លោក មីសែល បានបន្ដទៀតថា តួប្រាសាទព្រះគោ ស្ថិតក្នុងសភាពទ្រុឌទ្រោមធ្លុះធ្លាយដំបូលខាងលើគួរឱ្យ សងេ្វកតែវារក្សាបាននូវទ្រង់ទ្រាយនៅឡើយ។ ប្រាសាទនេះមានរាងតូចជាង ប្រាសាទបាយ៉ង់ ដែលធ្វើអំពីឥដ្ឋ បូកបាយអផ្សំពី កំបោរនិងស្ករត្នោត លើកលែងតែច្រកទ្វារបង្អួច សសរពេជ្រ ក្បាច់ផ្ដែរ និងថ្មជណ្ដើរ ដែលធ្វើ អំពីថ្មភក់និងថ្មក្រែ។

ទេសភាពនៅទីនោះមានលក្ខណៈស្រស់បំព្រងខៀវខ្ចីដែលគួរឱ្យចង់ទស្សនាជាទីបំផុត ហើយបើគេក្រឡេក មើលទិសខាងត្បូងឃើញមានជួរភ្នំជាប់ៗគ្នាដាច់កន្ទុយភ្នែក។ តួប្រាសាទព្រះគោ មានសារសំខាន់យ៉ាងខ្លាំង គឺស្ថិតនៅត្រង់វត្ដមានរបស់ «សោមសូត្រា» មួយនៅជញ្ជាំងខាងត្បូងមានចារជា អក្សរយន្ដមួយជួរ នៅខាង
ស្ដាំដៃដែលគួរឱ្យចាប់អារម្មណ៍ជាអតិបរិមា។ ប៉ុន្ដែអី្វដែលចម្លែកហើយខុសប្រក្រតីនៅទីនោះ គឺជួរអក្សរដ៏ ស័កិ្ដសិទ្ធិនេះត្រូវ សរសេរផ្កាប់ចុះក្រោម ពោលគឺដាក់បញ្ច្រាសដោយចេតនា។ សិលាចារឹកយន្ដនេះ ត្រូវបាន រកឃើញដោយលោក តិល ពិសិដ្ឋ អ្នកកាសែត រស្មីកម្ពុជាពេលចុះធ្វើការស្រាវជ្រាវក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនា ពេលកន្លងមកនេះដែលជាស្រុកកំណើតរបស់គាត់។

ការរកឃើញនេះលោក មីសែល ត្រាណេ ចាត់ទុកថា វាប្រកបដោយលក្ខណៈជាប្រវត្ដិសាស្ដ្រដ៏ប្រពៃបំផុត ដោយហេតុថា នេះជាលើកដំបូងហើយដែលលោកបណ្ឌិតបានឃើញរូបមន្ដដ៏ពិសិដ្ឋនេះ ដែលសរសេរជា ភាសាសំស្ក្រឹត ដ៏មានចំណាស់ជាងគេពោលគឺក្នុងអំឡុងចុង សតវត្សរ៍ទី៦ ដើម សតវត្សរ៍ទី៧ នៃគ្រិស្តសក រាជ។ ចំណាស់នៃ អក្សរសំស្ក្រឹត ទាំងនោះអាចឆ្លុះបញ្ជាក់តាមរយៈតួអក្សរដែលមាន លក្ខណៈវែងជាងអក្សរ ធម្មតា ដែលគេរមែងតែងជួបប្រទះនៅតាមផ្ទាំងសិលាចារឹកផេ្សងៗ។

សូមជម្រាបថា ការដែលតួអក្សរទាំងនោះត្រូវបានគេចារផ្កាប់បែបនេះលោក មីសែល ត្រាណេ គិតថា វាគឺប ណ្ដាលមកពីខ្មែរជំនាន់នោះជឿថា របស់ដែលស័ក្ដិសិទ្ធិត្រូវបង្កប់នូវអាថ៌កំបាំង។ ក៍ប៉ុន្ដែគេក៍អាចកត់សម្គាល់ នោះដែរថា ទង្វើនេះគឺជាការធ្វើឱ្យមន្ដអាគមនេះខ្លាំងពូកែដែលសរសេរកាត់ ឬដោយបំព្រួញអក្សរនោះឱ្យកាន់
តែស័ក្ដិសិទ្ធិលើសដើមថែមទៀត។ ដោយហេតុថា ពួកព្រាហ្មណ៍ដែល ប្រារឰពិធីសិវរាត្រី អាចបញ្ជាទឹកមន្ដ តាមបុណ្យបារមីរបស់ខ្លួនឱ្យផ្ដល់នូវអំណាចដ៏ស័ក្ដិសិទ្ធិចំពោះសាសនិកជន ដែលមកស្រង់ទឹកមន្ដនៅខាង ក្រៅប្រាសាទ ដែលពួកគាត់មកពីភូមិជិតឆ្ងាយដើម្បីបន់ស្រន់សុំសេចក្ដីសប្បាយពី ព្រះអាទិទេព។

ទឹកមន្ដដែលហូរចេញពីផ្នែកក្នុងនៃប្រាសាទតាមរយៈ «សោមសូត្រា» នេះបានក្លាយទៅជាទឹក អម្រឹតដ៏ត្រជាក់ ត្រជុំក្រោយពីហូរកាត់តួព្រះអក្ខរាទាំងនោះដែលជាភាសារបស់ ព្រះអាទិទេព។ អក្សរសំស្ក្រឹត គឺជាអក្សររបស់ ព្រះ ពីព្រោះត្រូវបានបង្កើតឡើងនោះ ព្រះក្នុងប្រព័ន្ធគំនិតឥណ្ឌា-ខ្មែរ។

ភាពស័ក្ដិសិទ្ធិ នៃទេវដ្ឋាន នេះគួបផ្សំនិងសោភ័ណភាព នៃទីតាំងដែលព័ទ្ធជុំវិញដោយជួរភ្នំខៀវស្រងាត់ដាច់ កន្ទុយភ្នែកកាន់តែធ្វើឱ្យសាសនិកជនយើងពិតជាមានអារម្មណ៍ក្នុងខ្លួនថា កំពុងស្ថិតនៅលើ ភ្នំកៃលាស ដែល ជា ស្ថានសួគ៌ា យ៉ាងប្រាកដជាក់ច្បាស់។

ច្រកទ្វារចូល ប្រាសាទព្រះគោ ត្រូវបានបុព្វបុរសដូនតាខ្មែរយើងជួសជុលឡើងវិញដោយថ្មបាយក្រៀមនា ស.វ ទី១០-១១នៃគ.ស។ នេះសឱ្យឃើញថា ប្រជាប្រិយភាពនៃ ប្រាសាទព្រះគោ ត្រូវបានបន្ដរហូតដល់ សម័យ អង្គរ។ ការពង្រីកបូជនិយដ្ឋានក៍ជាសញ្ញាមួយបង្ហាញឱ្យឃើញនូវការគោរពបូជាមិន ដាច់ក្នុងទីតាំង មួយនេះ
ពីសំណាក់ប្រជាជនដែលនៅតែមានជំនឿលើ បុណ្យបារមី ដ៏ខ្លាំងក្លានៃ ប្រាសាទបុរេអង្គរ ខាងលើនេះ៕