ការធ្វើរបងថ្មហ៊ុំព័ទ្ធយកដីចំណីឆ្នេរនិងចាក់ដីចូលសមុទ្ទធ្វើជាកម្មសិទ្ធិស្ទើរក្លាយជាប្រពៃណីទៅហើយនៅព្រះសីហនុ

0
189

ដោយៈ អធិបតី
ខែត្រព្រះសីហនុៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្ដិតយករូបភាពផ្ទាល់របស់ អ្នកសារ ព័ត៌មាន ស្ថិតនៅតំបន់ទំនប់រលករំដួលជើងភ្នំស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ មានក្រុមជនខិលខូចឱកាសនិយមបានលួចធ្វើរបងបេតុងគ្រឹះរឹងមាំហ៊ុំព័ទ្ធយកដីចំណីឆ្នេរ ចាក់គ្រឹះរៀបថ្មចូល ក្នុងសមុទ្ររួចចាក់ដីបំពេញក្នុងសមុទ្ទរំលោភកាន់កាប់ជាកម្មសិទ្ធិឯកជនខណៈអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ ព័ន្ធពុំទាន់មានចំណាត់ការអ្វីផ្លូវច្បាប់នៅឡើយ។

សកម្មភាពខាងលើ គឺពួកគេសម្រុកចាក់ដីទាំងថ្ងៃទាំងយប់បានយ៉ាងរលូនដែលពុំមានការរំខានដល់អាជ្ញាធរ មូលដ្ឋាន ឬមន្ត្រីជំនាញពាក់ព័ន្ធណាមួយឡើយ។ ការចាក់ដីយ៉ាងរលូនសម្រេចបាន១០០ភាគរយដែលមិន មានការរំខានពីសមត្ថកិច្ចនេះត្រូវបានគេសង្ស័យថា ម្ចាស់ទីតាំងខាងលើទំនងជាមានការបើកដៃគប់គិតគ្នា ជាមួយ អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ហើយទើបបានគេអាចចាក់គ្រឹះរៀបខឿនថ្មចូលទៅក្នុងសមុទ្រនិង ចាក់ដីបំពេញបានសម្រេចដោយរលូនយ៉ាងត្រជាក់ចិត្ត…។

ពាក់ព័ន្ធនឹងសកម្មភាពរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងអនាធិបត្តេយ្យខាងលើលោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ ឆ្លើយតបនឹងការសុំបញ្ជាក់ពី អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម យ៉ាងខ្លីដូច្នេះថា «ខ្ញុំបានបញ្ជូនសំណួរនេះទៅលោក អភិបាល ក្រុងព្រះសីហនុ និងលោកអភិបាល ស្រុកស្ទឹង ហាវ ដើម្បីឱ្យលោកចាត់មន្ត្រីចុះត្រួតពិនិត្យ»។

ចំណែកលោក សេង សុខណាក់ អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្មសុរិយោដី និងសំណង់ ខែត្រ ព្រះសីហនុ មានប្រសាសន៍ ខ្លីតាមប្រព័ន្ធទូរស័ព្ទថា «ខ្ញុំមិនដឹងទេបងបញ្ហាហ្នឹង…ពីព្រោះខ្ញុំមិនមែនជាអ្នក ទទួលខាងសំណង់ទេ…»។

ប្រធានភូមិ និងលោកចៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ អង្គភាពយើងពុំអាចសុំការបញ្ជាក់បានទេទាក់ទង នឹងបញ្ហាខាងលើ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ឆ្នេរសមុទ្រប្របតាមបណ្ដោយផ្លូវពី ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ ស្រុកស្ទឹងហាវ ខែត្រព្រះ សីហនុ ចាប់ពីចំណុចរំដួលជើងភ្នំរហូតទៅដល់ រោងចក្រប្រេងកាត មានការរៀបរបងថ្មចាក់ដីចូលក្នុង សមុទ្រធ្វើជាកម្មសិទ្ធិយ៉ាង អនាធិបតេយ្យ បំបាំងភ្នែក អាជ្ញាធរមូលដ្ឋាន បានយ៉ាងរលូន៕