ការចាប់បានឈើចំនួន៩៩ដុំនៅស្រុកសង្គមថ្មីដ៏តិចតួចនេះវាមិនឆ្លុះបញ្ចាំងឱ្យបទល្មើសព្រៃឈើកើតមានស្ទើរគ្រប់ស្រុកនោះទេ

0
296

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ បទល្មើសដឹកជញ្ជូនឈើលេខ១គឺ ប្រភេទឈើសុក្រំ និងឈ្លីក របស់មេឈ្មួញមានលុយ និងអំណាច ដែលបានកើតមាននៅក្នុង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចបង្ក្រាប​បានចំនួន៩៩ដុំកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែការបង្ក្រាបបានឈើដ៏តិចតួចនេះវាមិនឆ្លុះបញ្ចាំងឱ្យបទល្មើសព្រៃឈើកើតមានស្ទើរ គ្រប់ស្រុកនោះទេ។ វាមិនខុសអ្វីពាក្យចាស់លោកពោលថា «ខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៍មិនហ៊ានដែរ»។

លោក តូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានឱ្យដឹងថាកាលពីវេលាខាងលើកម្លាំងជំនា ញចុះស្រាវជ្រាវរកមុខសញ្ញាដឹកជញ្ជូនបទល្មើសព្រៃឈើ។ ជាលទ្ធផលគឺរកឃើញក្រុមឈ្មួញយកឈើមកលាក់ ទុកចំនួនបួនកន្លែងមានឈើចំនួន៩៩ដុំ។ ក្នុងនោះមាន ឈើអារបួនជ្រុង មុខកាត់ចាប់ពី១៥ជុំ រហូតដល់៤០ជុំ នៅតាមផ្ទះប្រជាពលរដ្ឋស្ថិតក្នុង ភូមិស្វាយ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឱ្យដឹងថា ឈើលេខ១ ប្រភេទសុក្រំ និងឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូល ទៅលួចអារនៅក្នុង ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចកាលីនឆយ ដែលមានទីតាំងស្ថិតក្នុង ឃុំស្តៅ ស្រុកសង្គមថ្មី ដើម្បីយកមកលក់ឱ្យក្រុមឈ្មួញក្នុងមួយម៉ែត្រគូបតម្លៃ៣០០ដុល្លារ។ វត្ថុតាងមានឈើចំនួន៩៩ដុំខាងលើត្រូវ បានដឹកជញ្ជូនយកមករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តតាមច្បាប់។

យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងពីបទល្មើសបំផ្លាញព្រៃឈើនៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះថា បទល្មើសព្រៃឈើនៅ ខែត្រព្រះវិហារ កើតមានឡើងពេញបន្ទុកស្ទើរតែគ្រប់ស្រុកទាំង៧នៃ ខែត្រព្រះវិហារ។ ដូចជា ស្រុកជ័យសែន ជាំក្សាន្ត គូលែន ត្បែងមានជ័យ ឆែប រវៀង សង្គមថ្មី និង ក្រុងព្រះ វិហារ ដឹកឈើចេញទៅលក់ខាង ខែត្រសៀមរាប និង ខែត្រកំពង់ធំ ទៀតផង។

ប្រភពបន្តទៀតថា ព្រៃឈើព្រះរកា និងព្រៃឡង់ រលាយរលត់អស់ហើយ គឺទប់មិនឈ្នះនោះទេ។ ដោយសារ មាន ជំងឺកូវីដ១៩ អីចឹងផងបទល្មើសព្រៃឈើចេញស្ទើររៀងរាល់ថ្ងៃយប់។ មន្ត្រីសមត្ថកិច្ចជំនាញនានាគ្រប់ ស្ថាប័នមានច្រើនណាស់។ ប៉ុន្តែធ្វើអ្វីមិនកើតពីព្រោះពួកគេមករកតែលុយដើម្បីស្រង់ដើមមុនបានមកឈរជើង នៅទីនេះគឺម្នាក់ៗសុទ្ធចំណាយលុយកាក់…។

ប្រភពដដែលបន្តទៀតថា ដេប៉ូឈើក្រាំងដូង និងដេប៉ូឈើ នៅក្នុង ស្រុកជាំក្សាន្ត គឺពួកគេកាប់ឈើដឹកចេញពី ព្រៃព្រះរកា និងព្រៃឡង់។ ពួកគេគ្មានឈើដឹកចេញពីព្រៃសប្បទានសេដ្ឋកិច្ច នោះទេគឺមានតែកាប់ចេញពីព្រៃ ឡង់នោះឯង៕