កម្មវិធីប្រកួតប្រដាល់គុនខ្មែរថ្មីទើបតែបង្កើតឡើងនៅស្ថានីយ៍ទូរទស្សន៍ CNC

0
207

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ចាប់ពីសប្តាហ៍នេះតទៅកម្មវិធីប្រដាល់ថ្មីមួយទៀតដែលមានឈ្មោះថា “មីស៊ីលថាមពលអ្នកប្រយុទ្ធ គុនខ្មែរ” នឹងត្រូវចាប់ផ្តើមសកម្មភាពរបស់ខ្លួនហើយនៅសង្វៀន CNC ខណ្ឌឫស្សីកែវ។ កម្មវិធីនេះបានបង្កើត ឡើងជំនួសកម្មវិធីចាស់ ដែលតែងតែប្រព្រឹត្តធ្វើឡើងនៅរៀងរាល់ ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង១១:០០ដល់ ម៉ោង១៣:០០រសៀល។

យោងបើតាមអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS លោក ម៉ា ស៊ីថេត បានថ្លែងឱ្យដឹងថា កម្មវិធីប្រកួត “មីស៊ី លថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងជ្រើសរើសគូប្រកួតដែលជាកីឡាករគុនខ្មែរល្អៗយកមកប្រកួតគ្រប់កម្រិត ប្រភេទទម្ងន់មិនថា ទីជិតឬឆ្ងាយ​ ហើយតាមរយៈកម្មវិធីនេះដែរលោកក៍នឹងព្យាយាមបណ្តុះបណ្តាលកីឡាករ គុនខ្មែរពន្លកថ្មីយកមកប្រកួតជារៀងរាល់សប្តាហ៍ដើម្បីឱ្យពួកគេកាន់តែមានបទពិសោធន៍ប្រកួតស្ទាត់ជំនាញឱ្យក្លាយជាកីឡាករដែលមានសមត្ថភាពពិតប្រាកដ។

អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះលោកនឹងប្រើប្រាស់សង្វៀន នៃកម្មវិធីមួយនេះមកធ្វើជាកន្លែងប្រ កួតសម្រាប់កីឡាករដែលត្រៀមប្រកួតលក្ខណៈអន្តរជាតិដូចជាការប្រកួតត្រៀមខ្លួនសម្រាប់ព្រិត្តិការណ៍ «ស៊ីហ្គេម» ជាដើម។

ក្នុងគោលបំណងលើកស្ទួយ វិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាមរតកកេរ្តិ៍ដំណែលដូនតា។ អ្នករៀបចំការ ប្រកួតខាងលើក៍បានធ្វើការអំពាវនាវឱ្យប្រជាជានកម្ពុជាគ្រប់រូបចូលរួមតាមដានទស្សនាការប្រកួតមួយនេះតាមរយៈស្ថានីយ៍ទូរទស្សន៍ CNC ដែលធ្វើការផ្សាយផ្ទាល់ជារៀងរាល់សប្តាហ៍ និងតាម Facebook Page ផ្លូវការ របស់ CNC តាមពេលវេលាដូចដែលបានជម្រាបជូនខាងលើ។ “ភេសជ្ជៈប៉ូវកម្លាំងមីស៊ីលថាមពលឆ្ពោះទៅមុខ ជានិច្ច” ៕