Main Menu
loading...

សមត្ថកិច្ចរឹបអូសម៉ូតូ១៤គ្រឿង ពីទីតាំងបញ្ចាំគ្មានច្បាប់ប្រកបអាជីវកម្ម

ខេត្តរតនគិរី៖ ទីតាំងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចរឹបអូសយកម៉ូតូ១៣គ្រឿង បន្ទាប់ពីរកឃើញថា ទីតាំងបញ្ចាំម៉ូតូនោះ មិនមានច្បាប់ប្រកបអាជីវកម្មបញ្ចាំ គ្រាដែលសមត្ថកិច្ចតាមស្រាវជ្រាវរកម៉ូតូមួយគ្រឿងផ្សេងទៀត តាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូ កាលព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។



 បន្ទាប់ពីម្ចាស់ម៉ូតូប្ដឹងជនសង្ស័យឈ្មោះ ហុក ស្គី ពីបទរំលោភសេចក្ដីទុកចិត្ត ដែលខ្ចីម៉ូតូរបស់ខ្លួនយកមកបញ្ចាំនៅទីតាំងប្រកបអាជីវគ្មានច្បាប់ខាងលើ ។ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយនគរបាលអធិការក្រុងបានលុង ចុះស្រាវជ្រាវរកឃើញម៉ូតូ ម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពាញ.1S.5378 នៅផ្ទះបញ្ចាំនោះ និង ម៉ូតូ១៣គ្រឿងផ្សេងទៀតមានភាពមិនប្រក្រតី ។ លោកព្រះរាជអាជ្ញារង រ៉ាបូ រ៉ាន់ឌី ក៏តម្រូវឲ្យដកហូតយកម៉ូតូទាំងអស់ចំនួន១៣គ្រឿងថែមទៀត មករក្សាទុកនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបណ្ដោះអាសន្ន ដើម្បីដោះស្រាយបន្តតាមច្បាប់ ព្រោះសមត្ថកិច្ចពិនិត្យឃើញកន្លែងបញ្ចាំនោះ មិនមានលិខិតអនុញ្ញាតធ្វើអាជីវកម្មឡើយ ។



 លោកឧត្ដមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ ១គ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពាញ.1S.5378 ពីផ្ទះបញ្ចាំមួយកន្លែងស្ថិតនៅទីតាំង ភូមិ សង្កាត់ខាងលើ តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ហុក ស្គី ដែលម្ចាស់ម៉ូតូបានប្ដឹងថា បានខ្ចីម៉ូតូហើយយកទៅបាត់កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ។


 បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហុក ស្គី ត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត។ រីឯម៉ូតូទាំង១៣គ្រឿង សមត្ថកិច្ចបានតម្រូវឲ្យម្ចាស់ផ្ទះបញ្ចាំ យកឯកសារពាក់ព័ន្ធនឹងម៉ូតូ មកធ្វើការផ្ទៀងផ្ទាត់ ។ ចំណែកការផ្ទៀងផ្ទាត់ឯកសារ ហើយដោះស្រាយយ៉ាងណានោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ កាលពីល្ងាចថ្ងៃទី១២ ខែមិថុនានេះ។

 គួរបញ្ជាក់ថា ម្ចាស់ទីតាំងបញ្ចាំល្មើសនឹងច្បាប់ខាងលើនេះ សមត្ថកិច្ចមិនបានបង្ហើបឲ្យដឹងពីអត្តសញ្ញាណនោះឡើយ ៕


សូមជួយចែករំលែក


loading...
Footer Menu