Main Menu
loading...

មន្ទីរការងារខែត្រស្ទឹងត្រែងចាយថវិកាអស់ខ្ទង់៤០០លានរៀល គ្រាន់តែជួសជុលរបងចាក់សាបនិងចាក់ដីតិចតួច

ភ្នំពេញ៖ បែកធ្លាយការចាយវាយថវិកាជាតិអស់ខ្ទង់៤០០លានរៀលសម្រាប់ឆ្នាំ២០១៨ ចេញពីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង ដែលមានភាពមិនប្រក្រតី ដោយគ្រាន់តែជួសជុលរបងមានស្រាប់ ចាក់សាបបេតុងជុំវិញអគាររដ្ឋបាល និង ចាក់ដីបំពេញទីធ្លាបន្តិចបន្តួច ត្រូវបានលោកប្រធានមន្ទីរមួយនេះបំប៉ោងគម្រោងស៊ីលុយរដ្ឋអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។


 យោងតាមប្រភពពីមន្ត្រី នៃមន្ទីរការងារបានខ្សឹបប្រាប់ បាយ៉ង់ថែមស៍ នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ថា ប្រធានមន្ទីរលោក បូរ វិរុន កំពុងតែសម្ងំស៊ីលុយរដ្ឋសោយសុខម្នាក់ឯង គឺបំប៉ោងស៊ីគម្រោងឆ្នាំ២០១៨ដ៏ច្រើនហួសហេតុ ។ ក្នុងនោះមានដូចជា ទីមួយការជួសជុលរបងមន្ទីរដែលមានស្រាប់លាបថ្នាំតិចតួចសោះ ចំណាយថវិកាអស់ចំនួន១៦០លានរៀលជាង ។ ទីពីរគ្រាន់តែចាក់សាបបេតុងនៅជុំវិញបរិវេណអគាររដ្ឋបាលមន្ទីរ ចំណាយថវិកាអស់ជាង៦០លានរៀល និងទីបីគ្រាន់តែចាក់ដីបំពេញបន្ថែមក្នុងទីធ្លា នៃមន្ទីរអគាររដ្ឋបាល ខេត្តស្ទឹងត្រែង គឺចាយអស់ថវិកាជាង១០០លានរៀលឯណោះ ។

 មន្ត្រីខាងលើបន្តថាការបំប៉ោងគម្រោងចំណាយថវិកាជាតិខាងលើដ៏ច្រើនហួសហេតុនេះ បើតាមការជាក់ស្តែងធ្វើការងារសរុបទាំងបីចំណុចគឺអស់ថវិកាប្រហែលជាង១០០លានរៀលតែប៉ុណ្ណោះ ។ 

 ប្រភពបានបន្តទៀតថា នៅក្នុងគម្រោងការចាយលុយអស់ជាង៤០០លានរៀលនេះ គឺមានភាពមិនប្រក្រតីជាខ្លាំង ។ ដូច្នេះក្រសួងការងារនិងអង្គភាពប្រឆាំងអំពើពុករលួយគួរតែត្រួតពិនិត្យរឿងមួយនេះជាបន្ទាន់ ។ចំពោះដកលុយចាយនៅក្នុងគម្រោងនេះគឺដកសាច់ប្រាក់បានអស់មួយចំនួនធំហើយនៅសល់មួយចំនួនតូចទៀតគឺលោកប្រធានមន្ទីរ បូរ វិរុន នឹងត្រូវដកលុយដែលនៅសល់ឱ្យអស់នៅក្នុង ខែសីហា និង ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខទៀត ។

 នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ លោក បូរ វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង បាននិយាយថា ថវិកាដែលមន្ទីររបស់លោកបើកមក គឺមិនបានគ្រប់ចំនួន១០០ភាគរយនោះទេ។ លោកបានបង់ពន្ធចូលថវិការដ្ឋវិញគឺនៅពន្ធដារខេត្តស្ទឹងត្រែង តែលោកមិនចាំច្បាស់ទេថាត្រូវបង់ពន្ធចូលថវិការដ្ឋវិញនោះអស់ចំនួនប៉ុន្មានឡើយ៕


សូមជួយចែករំលែក


loading...
Footer Menu