Main Menu
loading...

ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ អះអាងពីព្រំដែនរដ្ឋបាលរបស់ខ្លួន ទាំងបំពានគ្មានមូលដ្ឋានច្បាប់ (ផ្សាយឡើងវិញ)

ខែត្រព្រះសីហនុ៖ លោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ អះអាងទាំងបំពានគ្មានមូលដ្ឋានច្បាប់ថា ទីតាំងដីមានទំនាស់រវាងប្រជាពលរដ្ឋ ១៤៩ គ្រួសារ និង លោកស្រី ហ៊ឹម សុវណ្ណរី ស្ថិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាដែនដីរដ្ឋបាលគ្រប់គ្រងដោយសង្កាត់របស់ខ្លួន ។


 ប៉ុន្តែផ្ទុយទៅវិញ អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បញ្ជាក់យ៉ាងច្បាស់ថា ទីតាំងនោះស្ថិតក្នុងដែនដីស្រុកស្ទឹងហាវទេ ។ នេះលោកយោងតាមសេចក្ដីប្រកាសលេខ៤៩៣ប្រ.ក របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសហរដ្ឋមន្រ្តី តាំងពីឆ្នាំ ២០០១ ។ (សូមស្ដាប់ការលើកឡើងរបស់ លោក ឈិត សុផាត និង លោក ឆាយ សុគន្ធដា)


 ដោយមានការអះអាងតាមមាត់តៗគ្នារបស់អាជ្ញាធរមូលដ្ឋានសង្កាត់លេខ១ និង អតីតអភិបាលក្រុងព្រះសីហនុ លោក ជិន សារិន ថាទីតាំងទំនាស់នោះស្ថិតក្នុងសង្កាត់១នេះហើយ ទើបវាបានក្លាយជាដើមចមបង្កឱ្យមានទំនាស់អូសបន្លាយរហូតដល់សព្វថ្ងៃ ។

 លោក មាស ហាន់ ដែលជាអតីតអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានចែកឋានទៅប៉ុន្មានឆ្នាំកន្លងទៅ ធ្លាប់មានប្រសាសន៍ថា មិនមានអ្វីគួរឱ្យសង្ស័យនោះទេ ព្រោះមានឯកសារច្បាស់លាស់ តម្កល់ទុកតាមស្ថាប័នពាក់ព័ន្ធរួចហើយពីបញ្ហាព្រំប្រទល់ស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ ។ លោកបន្តថា ពេលរូបលោកត្រឡប់មកពីសិក្សានៅប្រទេសវៀតណាមវិញ លោកបានដឹងថា ប្រជាពលរដ្ឋមួយចំនួនបានទៅរស់នៅទីតាំងមានទំនាស់នោះ តាំងពីឆ្នាំ១៩៨៨ ឬ ១៩៨៩ ។(សូមស្ដាប់ប្រសាសន៍ លោក មាស ហាន់) 

កាលពីថ្ងៃទី ០៨ មិនា ២០១៦ កន្លងទៅថ្មីនេះ ប្រជាសហគមអូរដំរី ចំនួន ១៤៩ គ្រួសារ បានប្រមូលផ្ដុំគ្នាធ្វើសន្និសីទសារពត៌មាន សំណូមពរទៅអាជ្ញាធរមូលដ្ឋាន និង រាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះផង ដោយពួកគាត់អះអាងថា ពួកគាត់បានទៅកាប់ឆ្កា រានព្រៃរស់នៅទីនោះតាំងពីឆ្នាំ ១៩៨៨-៨៩ មកម្លេះ ។ 
លោក ស្រី ហ៊ឹម សុវណ្ណរី ដែលប្រជាពលរដ្ឋចោទប្រកាន់ថាបានឃុបឃិតគ្នា បន្លំឯកសារនៃទីតាំង ប្លន់យកដីរបស់ពួកគាត់ បានអះអាងថា លោកស្រី មិនបានទៅយកដីប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវនោះទេ ដីរបស់លោកស្រី ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ 

 ទាក់ទិននឹងបញ្ហាដ៏ចម្រូងចម្រាស់ខាងលើ ខាងអង្គការសង្គមស៊ីវិល មានការងឿងឆ្ងល់ដែរថា ហេតុអ្វីដីមានទំនាស់ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ម៉េចបានឯកសារមួយចំនួនបញ្ជាក់ថានៅសង្កាត់១ ក្រុងព្រះសីហនុទៅវិញ និង សង្ឃឹមជឿជាក់ថា តុលាការនឹងអាចរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។ (សូមស្ដាប់លើកឡើងរបស់ពួកគាត់)

 គួរបញ្ជាក់ថា នៅចុងខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរមូលដ្ឋានសង្កាត់លេខ១ និង អធិការនគរបាលក្រុងព្រះសីហនុ នៅតែព្យាយាមចេញបញ្ជាក់ឱ្យពលរដ្ឋដែលកំពុងមានទំនាស់នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ។  

និងគួររំឭកផងដែរថា គូភាគីម្ខាងទៀតឈ្នះក្ដីនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ប៉ុន្តែយកទៅអនុវត្តសាលក្រមនៅលើដីក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវទៅវិញ ដូច្នេះទើបតំណាងប្រជាពលរដ្ឋ ១៤៩ គ្រួសារ លោក ម៉ន ស៊ីណា នាពេលកន្លងទៅថ្មីៗនេះ លោកបានប្ដឹងទៅតុលាការខេត្តព្រះសីហនុ សុំមោគភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ទាំងឡាយណានៅលើទីតាំងមានទំនាស់ ដែលចេញដោយនាយកដ្ឋានសុរិយោដី ៕


សូមជួយចែករំលែក


loading...
Footer Menu