Main Menu
loading...

ចាប់រថយន្តក្រុងក្រុមហ៊ុន «សិលាអង្គរខ្មែរ» លួចលាក់ដឹកសត្វព្រៃជាង៤០០គីឡូក្រាម

ភ្នំពេញ៖កម្លាំងអធិការខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញចាប់រថយន្តក្រុងក្រុមហ៊ុន សិលាអង្គរខ្មែរអ៊ិចប្រេស្ស លួចលាក់ដឹកសត្វព្រៃជាង៤០០គីឡូក្រាម នៅវេលាម៉ោង៥ និង ១០នាទីទៀបភ្លឺនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៧០ ស្ថិតនៅក្នុង សង្កាត់បឹងកក់មួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ករណីបង្ក្រាបនេះដឹកនាំដោយលោក គាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។ សត្វព្រៃដែលធ្វើការបង្ក្រាបបានមានចំនួន១៧កេស។ ក្នុងនោះមានសត្វចំនួនប្រាំប្រភេទដូចជា ទន្សង កន្ធាយ អណ្តើក ពស់ និង សត្វប្រវឹក សរុប ទាំងអស់ស្មើនឹង៤២១គីឡូក្រាម។

 

បើតាមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញប្រាប់ថា រថយន្តដែលបង្ក្រាបបាន គឺជាប្រភេទរថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សិលាអង្គរខ្មែរអ៊ិចប្រេស្ស ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ ៣C-៩៧៧៤។ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។ រថយន្តក្រុងនេះលួចដឹកសត្វព្រៃនោះ ត្រូវបានគេយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ខណ្ឌចម្ការមន រង់ចាំព្រះរាជអាជ្ញា ចុះមកត្រួតពិនិត្យដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃបន្ត។

 

លោក គាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានប្រាប់ថា ករណីនេះគឺកម្លាំងរបស់លោក បានធ្វើការតាមដានស៊ើបអង្កេតអស់រយៈពេលមួយសប្តាហ៍មកហើយទើបតែនៅព្រឹកកើតហេតុកម្លាំងរបស់លោក ឃើញរថយន្តក្រុងដឹកអ្នកដំណើរនេះ ដោយមានការសង្ស័យក៍ឃាត់ឱ្យឈប់ដើម្បីធ្វើការឆែកឆេរ និងរកឃើញសត្វព្រៃជាច្រើនកេស ដែលលាក់ទុកនៅក្នុងរថយន្តក្រុងដឹកអ្នកដំណើរនេះ ។

 

សត្វព្រៃទាំងអស់ត្រូវក្រុមការងារខាងលើប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំងនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ដើម្បីយកទៅព្រលែងនៅតាមតំបន់ព្រៃភ្នំ។ រីឯសត្វដែលងាប់គឺក្រុមការងារយកទៅដុតកម្ទេចចោល ៕



សូមជួយចែករំលែក


loading...
Footer Menu