Main Menu
loading...

តំបន់ខ្មែរក្រហមឈរជើងរហូតដល់ឆ្នាំ១៩៩៨ តើក្នុងឆ្នាំ១៩៩៥គេអាចកសាងប័ណ្ណកាន់កាប់ដី ជូនឧកញ៉ា តាន់ តាត់ ទាំងដីនោះជាគម្របព្រៃបានដែរឬ ?

ទីតាំងដីមានទំនាស់រវាងឧកញ៉ា តាន់ តាត់ ជាមូយប្រជាពលរដ្ឋសហគមន៍ អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ នាពេលបច្ចុប្បន្ន ជាអតីតតំបន់ខ្មែរក្រហមឈរជើងកាលពីក្នុងទសវត្សរ៍៩០ ។ មន្រ្តីមូលដ្ឋាន និង មន្រ្តីជំនាញមិនអាចចេញចូលក្នងតំបន់នោះបានទេ តើគេអាចកសាងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីជូនលោក ឧកញ៉ា តាន់ តាត់ ដោយរបៀបណាក្នុងឆ្នាំ១៩៩៥ ?


 ខែត្រព្រះសីហនុ ៖ លោក ហ៊ូ សុផាត មេភូមិ៤ លើកឡើងថា វាមិនអាចទៅរួចទេ ដែលថាលោកឧកញ៉ា តាន់ តាត់ មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ព្រោះថាតំបន់នោះជាកន្លែងឈរជើងរបស់ខ្មែរក្រហមចាប់តាំងពីឆ្នាំ១៩៩០ជាង រហូតមកដល់ឆ្នាំ១៩៩៨ និងម្យ៉ាងទៀតដីនោះ ស្ថិតក្នុងតំបន់គម្របព្រៃឈើបៃតងរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ដែលមានចែងនៅក្នុងលិខិតលេខ ១០៣៩ សជណ កស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។

 ដោយសារតែប័ណ្ណសំគាល់សិទ្ធិកាន់កាប់ មិនប្រក្រតីនេះ ក្រុមប្រជាសហគមន៍ទាំង០៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធខែត្រព្រះសីហនុចាប់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ក្រោមរូបភាពបទល្មើសជាក់ស្ដែង ប្រើអំពើហិង្សាលើ អចលនវត្ថុដោយសុចរិត របស់អ្នកមានស្តុកស្ដម្ភ ឧកញ៉ា តាន់ តាត់ និង ឡុញ វណ្ណៈ ។ និងនៅរសៀលថ្ងៃទី០៨ ឧសភា ២០១៨ ប្រជាសហគមន៍០៤នាក់ក្នុងចំណោម០៦រូបនោះ ត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ គឺទី១.លោកស្រី ឡុច ទូច ២.លោក កៅ ហេង ៣.លោក មែន ខេន និងទី៤.លោក ញ៉ាញ់ ជាតិ ។ ចំណែកឯមនុស្សពីរនាក់ទៀត ត្រូវបានដោះលែង តាមការសម្រេចរបស់ អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ សំណុំរឿងលេខ៖ ២៧០/០៧.០៥.១៨ លេខ៖ ១៥០៨ អ.ក/១៨ ។

 ទាក់ទិននឹងការកសាងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ មិនប្រក្រតីខាងលើ លោក ឌី សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខែត្រព្រះសីហនុ ពេលអ្នកសារពត៌មានសួរលោកតាមទូរស័ព្ទ ដើម្បីស្នើសុំឯកសារកាត់ឆ្វៀលដីចេញពីតំបន់គម្របព្រៃឈើ លោកមានប្រសាសន៍ដោយខ្លីប្រាប់អ្នកសារពត៌មានថា លោកអត់ដឹងផង ។ លោកសួរអ្នកពត៌មានវិញថា តើដីគម្របព្រៃឈើនៅត្រង់ណា ទំហំប៉ុន្មាន ? ។

 ទាក់ទងនឹងនីតិវិធីនៃការកសាងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់មិនប្រក្រតីនេះទៀតសោត ក្រុមអ្នកសារពត៌មានព្យាយាមសុំការបំភ្លឺពីមន្រ្តីមូលដ្ឋាន និង មន្រ្តីជំនាញនៅស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ តែមិនអាចទទួលបានការបញ្ជាក់អ្វីឡើយ ដោយសាលាឃុំអូរត្រេះបិទទ្វារ សាលាស្រុកបើកទ្វារតែគ្មានមនុស្សធ្វើការ ស្នាក់ការអាវុធហត្ថបើកចំហរតែគ្មានមនុស្ស និងការិយាល័យភូមិបាលស្រុក ក៍គ្មានមនុស្សនៅដែរ។ ក៏ប៉ុន្ដែក្រុមអ្នកសារព័ត៌មាន បានជួបមេឃុំអូរត្រេះ និង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្ទឹងហាវ នៅហាងលក់កាហ្វេឈ្មោះ ឡាយ គាង ស្ថិតនៅជិតរង្វង់មូលស្រុកស្ទឹងហាវ ។

 ពេលនោះលោក ហាក់ ម៉េង មេឃុំអូរត្រេះ បានរត់ចូលឡានកាមរីបាលែនពណ៌ទឹកប្រាក់របស់គាត់ ហើយគាត់បង្ហើបកញ្ចក់ប្រាប់ថា «ខ្ញុំ អត់ដឹងទេ » ។

 ដោយឡែកលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្ទឹងហាវ លោក សំរិទ្ធ កុសល(ហៅសឿនធំ) ក៏បានរត់ចូលក្នុងឡានលុចស៊ីសទំនើបរបស់គាត់ដែរ រួចបង្ហើបកញ្ចក់រថយន្តគាត់ប្រាប់ក្រុមអ្នកសារពត៌មានយ៉ាងខ្លីថា «សូមទៅសួរមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខែត្រព្រះសីហនុទៅ »។

 ឆ្លើយតបនឹងការលើកឡើងរបស់ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភុមិបាលស្រុកស្ទឹងហាវ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ដព្រះសីហនុថ្មី មានប្រសាសន៍តាមទូរស័ព្ទថា ទាក់ទងទៅនឹងលក្ខណៈបច្ចេកទេសកសាងប័ណ្ណសម្គាល់សិទ្ធកាន់កាប់ដីនេះ តាមពិតអាជ្ញាធរមូលដ្ឋាន និងមន្ត្រីភូមិបាលជំនាញស្រុកដឹងច្បាស់លាស់ណាស់ ហេតុអ្វីត្រូវឲ្យមកសួរនៅមន្ទីរទៅវិញ? ហើយលោកបានប្រាប់ថា លោកជាប់បេសកកម្មប្រជុំនៅក្រសួងដែនដី រាជធានីភ្នំពេញ ។

 រីឯលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ក៏មានប្រសាសន៍តាមទូរស័ព្ទដែរថា ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់នោះ គេមានជាប់២០ឆ្នាំយូរមកហើយ ដីនៅជិតជាប់ដីតំបន់ក្បាលឆាយ ហើយក៏មានប្រជាពលរដ្ឋមកចាប់ដីគេ ដែលគេបានទិញជាង១០ឆ្នាំហើយ គឺលោក ឡុញ វណ្ណៈ និង លោកឧញ៉ា តាន់ តាត់ ។ ម្យ៉ាងទៀតលោក អភិបាលស្រុក ក៍ទទួលស្គាល់ដែរថា ដីតំបន់នោះជាដីគម្របព្រៃឈើរបស់រដ្ឋ ។

 ជុំវិញបញ្ហាកសាងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់មិនប្រក្រតី និង ប្រវត្ដិរឿងដីធ្លីមានទំនាស់ខាងលើនេះ លោក ហ៊ូ សុផាត មេភូមិ៤ បានរៀបរាប់ឲ្យដឹងថា វាមិនអាចទៅរួចទេ ដែលថាលោកឧកញ៉ា មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅតំបន់នោះ ព្រោះថាតំបន់នោះជាកន្លែងឈរជើងរបស់ខ្មែរក្រហមចាប់ពីឆ្នាំ១៩៩០ជាង រហូតមកដល់ឆ្នាំ១៩៩៨ ។

 លោកបន្តថា លោកបានចូលប្រជុំនៅសាលាខេត្ដរឿងដីគម្របព្រៃឈើបៃតងរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ដូចមានចែងនៅក្នុងលិខិតលេខ៖ ១០៣៩ សជណ កស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ១៩៩៩ ដោយគេឲ្យលុបចោលរាល់ប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់ប្រភេទនៅលើដីព្រៃបំរុងទុក តំបន់ក្បាលឆាយ ខេត្ដព្រះសីហនុ ក្នុងរង្វង់ដី ដែលកំណត់ដោយអនុក្រឹត្យលេខ ៧៦ អនក្រ ចុះថ្ងៃទី២០ វិច្ឆិកា ១៩៩៧ ។

 លោកសង្កត់ធ្ងន់ថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកមិនដែលបានឮឈ្មោះ ឧកញ៉ា តាន់ តាត់ មាននៅក្នុងមូលដ្ឋានលោកឡើយ ហើយក៏មិនដែលបានទទួលឯកសារកាន់កាប់ដីធ្លីនៅតំបន់នោះដែរ ។

 លោកស្រី ជាប សុធារី អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្ដព្រះសីហនុ លើកឡើងថា តាមនីតិវិធី មុននឹងទទូលបានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដី ភោគីត្រូវដាក់ពាក្យស្នើសុំចេញប័ណ្ណតាមរយៈអាជ្ញាធរមូលដ្ឋាន ដោយផ្អែកលើលក្ខណៈសម្បត្តិប្រាំយ៉ាង កាន់កាប់ដីដោយពិតប្រាកដ គ្មានហឹង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខានប្រាំឆ្នាំជាប់គ្នា និង ដោយសុចរិត ។

 គួររំឭកថា ច្បាប់ភូមិបាលមាត្រា៣៨ ចែងថា ដើម្បីក្លាយទៅជាកម្មសិទ្ធិលើអចលនវត្ថុបាន លុះត្រាតែភោគៈនោះត្រូវបានកាន់កាប់ដោយពិតប្រាកដ គ្មានហឹង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាន និងដោយសុចរិត។ ភោគី ត្រូវកាន់កាប់អចលនវត្ថុដោយពិតប្រាកដ គឺថា ភោគីទោះកាន់កាប់ដោយខ្លួនឯកក្ដីឲ្យអ្នកដទៃធ្វើឲ្យក្ដី ត្រូវកាន់កាប់ឲ្យឃើញថា ការនោះប្រាកដជាធ្វើដើម្បីខ្លួនក្នុងគោលដៅខ្លួនជាភោគីយ៉ាងផ្ដាច់មុខ កុំឲ្យឃើញថាការដែលធ្វើនោះ គឺធ្វើដោយសារសិទ្ធិណាមួយផ្សេងទៅវិញ។ ប្រសិនបើ ភោគីពិតប្រាកដ មិនចេញមុខ នៅពីក្រោយភោគីមិនពិតប្រាកដ ភោគីនោះមិនអាចទាមទារប័ណ្ណ បានទេ ។

 រីឯមាត្រា២៥៣ ចែងថា ជនណាប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ទោះមិនទាន់បានធ្វើប័ណ្ណកំពុងទំនាស់ក៍ដោយ ត្រូវផន្ទាទោស ពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ខែ ដល់ ២ (ពីរ) ឆ្នាំ ដោយពុំទាន់គិតបញ្ចូលនូវទោសប្រព្រឹត្ដិអំពើហិង្សាប្រឆាំងមនុស្ស ៕


សូមជួយចែករំលែក


loading...
Footer Menu