Main Menu
loading...

ក្រសួងធនធានទឹកបើកកិច្ចប្រជុំចរចាថ្លៃលើគម្រោងសាងសង់អាងទឹករក្សានៅស្រុករវៀង

ភ្នំពេញ៖លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំចរចាថ្លៃលើគម្រោងសាងសង់អាងទឹករក្សាស្ថិតនៅក្នុង ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយមនិងតំណាងក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តី ការក្រសួងធនធានទឹក ។


 លោករដ្ឋមន្ត្រីធនធានទឹកបានថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គាំទ្រដល់ការអភិវឌ្ឍលើវិស័យទឹកហើយនៅពេលនេះទៀតសោត ក៍បានចាត់បញ្ជូននូវតំណាងមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

 លោក លឹម គានហោ រដ្ឋមន្ត្រី ក៍បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់ក្រុមការងារក្នុងន័យធ្វើយ៉ាងណាកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់បរិស្ថាន និង សង្គមដែលអាចកើតមានឡើងដោយសារការសាងសង់អាងទឹកនេះ។ ក្នុងន័យនេះលោកបានកំណត់យកក្រឹតកម្ពស់ទំនប់អាងទឹកត្រឹមតែ៤៩ម៉ែត្រ។

 សូមបញ្ជាក់ជូនថា ទំនប់អាងទឹករក្សាមានទីតាំងស្ថិតនៅក្នុង ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងករណីដែលការសាងសង់អាងទឹកដោយទំនប់អាងមានកម្ពស់៤៩ម៉ែត្រនោះ អាងទឹករក្សានឹងអាចរក្សាទឹកទុកបានប្រមាណ២៥៧លានម៉ែត្រគូបសម្រាប់ធ្វើការស្រោចស្រពលើផ្ទៃដីស្រូវវស្សា១៣១.៣២៣ហិកតានិងស្រូវប្រាំង២២.៨៧៣ហិកតា។តួនាទីសំខាន់មួយទៀតរបស់អាងទឹកនេះគឺជួយកាត់បន្ថយជំនន់ ស្ទឹងសែន នៅរដូវវស្សានិងផ្តល់ទឹកសម្រាប់ការប្រើប្រាស់នៅរដូវប្រាំង។

 លោករដ្ឋមន្ត្រីក៍បានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេសដកចេញនូវគម្រោងវារីអគ្គិសនី។ ប៉ុន្តែក្នុងគម្រោងប្លង់និងការសាងសង់ត្រូវតែរក្សាទុកនូវចន្លោះសម្រាប់ការបំពាក់ Turbine ។ការធ្វើដូច្នេះគឺមានផលចំណេញច្រើន ពោលគឺ នាថ្ងៃអនាគត នៅពេលដែលរាជរដ្ឋាភិបាលចង់ទាញយកថាមពលអគ្គិសនីពីទំនប់នេះ យើងគ្រាន់តែបំពាក់នូវ Turbine ជាការស្រេច ៕


សូមជួយចែករំលែក


loading...
Footer Menu