Main Menu
loading...

សពកប់រួចហើយ ត្រូវគាស់កាយយកវិញទាំងយប់

ខេត្តរតនគិរី៖ ព្រះសង្ឃ និង នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានគាស់កាយយកសពវិញទាំងយប់ថ្ងៃទី០៩ ឧសភា ឆ្នាំ២០១៨ ខណៈស្រ្តីម្នាក់មកទំនាក់ទំនងជាមួយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និង អះអាងថាខ្លួនជាប្រពន្ធរបស់សពបុរសម្នាក់គ្មានអត្តសញ្ញាណ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ។  


បុរសមិនស្គាល់អត្តសញ្ញាណម្នាក់នោះ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅចូលឡាន ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា កាលពីវេលាម៉ោង៦.៣៥នាទី យប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តនគិរី ។ បន្ទាប់មកសពនោះ ត្រូវបានគេរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្ត អស់រយៈពេល១យប់ ១ថ្ងៃ រហូតដល់យប់ម៉ោង៧.១០នាទី ថ្ងៃទី០៨ ទើបលោកវរៈសេនីយ៍ឯក មឿង សារិទ្ធ ដឹកនាំកម្លាំងក្រោមឳវាត យកសពទៅបញ្ចុះនៅវត្តភ្នំស្វាយ ។

 ស្ត្រីឈ្មោះ ទីង ថូ ដែលអះអាងថាជាប្រពន្ធជនរង្គ្រោះ បានរៀបរាប់ថា ប្ដីគាត់បានជិះម៉ូតូទៅលេងផ្ទះម្ដាយគាត់នៅស្រុកលំផាត់ តាំងពីព្រឹកថ្ងៃទី០៧ ខែឧសភា បាត់ពីរយប់ពីរថ្ងៃ រហូតដល់ថ្ងៃទី០៩ ទើបទទួលព័ត៌មានពីបណ្ដាញផ្សព្វផ្សាយ ។

 លោកវរៈសេនីយ៍ឯក មឿង សារិទ្ធ នាយការិយានគរបាលចរាចរណ៍នៃស្នងការខេត្តបានឲ្យដឹងថា បន្ទាប់ពី ស្ត្រីឈ្មោះ ទីង ថូ បានបញ្ជាក់ថា សពស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវជាប្ដី ដែលមានឈ្មោះ ប៉ាន ចាន់ថាវង្ស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិឡាវ មានទីលំនៅភូមិលុងឃុង ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ព្រមទាំងមានភស្ដុតាងបញ្ជាក់ផងនោះ ទើបលោកសុំការអនុញ្ញាតពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ប្រគល់សព ព្រមទាំងសម្ភារខ្សែក ខ្សែដៃរបស់សព ជូនដល់ដៃប្រពន្ធជនរង្គ្រោះ ។

 លោកបញ្ជាក់ថា លោកបានដឹកនាំកម្លាំងម្ដងទៀតទៅគាស់យកសព ដឹកដោយរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត យកទៅជូនដល់ផ្ទះក្រុមគ្រួសារនៃសព នៅស្រុកលំផាត់ ដើម្បីធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុមគ្រួសារសពបានមកធ្វើការស្នើសុំ ៕


សូមជួយចែករំលែក


loading...
Footer Menu