Main Menu
loading...

បន្ទាប់ពីប្រកាសរកក្រុមគ្រួសារមិនឃើញ សពមិនស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ចុះ

ខេត្តរតនគិរី៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីព្រលប់ថ្ងៃទី០៧ ឧសភា ២០១៨ ត្រូវនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ទៅបញ្ចុះនៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ។


 បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកត្រូវគេរក្សាសពទុកអស់រយៈពេល១យប់ ១ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្ត និង ផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញជាច្រើនអង្គភាពមកហើយ ព្រមទាំងវិទ្យុ ទូរទស្សន៍ផងដែរ តែមិនទាន់មានលទ្ធផលនៅឡើយទេ ។ ម្យ៉ាងសពជនរង្គ្រោះ មិនមានអត្តសញ្ញាណប័ណ្ណ ទូរស័ព្ទក៏មិនឃើញ ម៉ូតូក៏អត់ស្លាកលេខទៀត ដូច្នេះមានតែផ្សព្វផ្សាយរកអ្នកដែលបាត់សាច់ញាតិ និងតាមរូបភាពជនរង្គ្រោះតែប៉ុណ្ណោះ ។

 លោក មឿង សារិទ្ធ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋានខេត្តរតនគិរី បានឲ្យដឹងថា លោកបានបញ្ជូនព័ត៌មានតាមបណ្ដាញផ្សព្វផ្សាយជាច្រើនអង្គភាពមកហើយ ព្រមទាំងវិទ្យុ ទូរទស្សន៍ផង តែមិនទាន់មានលទ្ធផលនៅឡើយទេ។ ដូច្នេះក៏សម្រេចចិត្តយកទៅបញ្ចុះ ។

 លោកបានបន្តថា ដំបូងគិតថាយកទៅបូជា តែក្រែងសាច់ញាតិរកភិនភាគសំគាល់មិនច្បាស់ ហេតុដូចនេះលោកសម្រេចចិត្តបញ្ចុះវិញ ។ លោកនាយការិយាល័យ បានសូមអំពាវនាវថា បើសិនជាសាច់ញាតិសពបានដឹង សូមមេត្តាមកទាក់ទងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។

 គួរបញ្ជាក់ថា សពបុរសមិនស្គាល់អត្តសញ្ញាណខាងលើនេះ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៦.៣៥នាទី យប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុច ចុះចំណោតអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដោយជនរងគ្រោះជិះម៉ូតូម៉ាកវេវ ទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ(៥ភ្លៅ) ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ៕


សូមជួយចែករំលែក


loading...
Footer Menu