Main Menu
loading...

ជាប់ខ្នោះដោយសារទំនាស់ដីធ្លីលើដីរបស់ខ្លួនជាមួយឧកញ៉ា

ខែត្រព្រះសីហនុ៖ ប្រជាសហគមន៍អូរខ្សាច់ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ចំនួន០៦នាក់ដែលកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធខែត្រព្រះសីហនុចាប់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ទាក់ទងនឹងទំនាស់ដីធ្លី តាមបណ្ដឹងរបស់លោកឧកញ៉ា តាន់ តាត់ ហើយត្រូវបានគេឃុំខ្លួនមួយយប់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បន្ទាប់មកពួកគាត់ត្រូវកម្មាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅតុលាការនារសៀលថ្ងៃទី០៧ ឧសភា ដើម្បីបន្តនីតិវិធី ។

និងនៅល្ងាចថ្ងៃទី០៧ ខែឆ្នាំដដែលនេះ ប្រជាសហគមន៍ទាំង០៦រូបនោះ ត្រូវបានគេបញ្ជូនខ្លួនត្រឡប់មកឃុំខ្លួនបន្តនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុវិញ តាមការស្នើសុំរបស់មេធាវី ដោយសារនីតិវិធីនៅតុលាការមិនទាន់បំពេញចប់សព្វគ្រប់ ។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកមានទ្រព្យាស្តុកស្ដម្ភ លោក ឧកញ៉ា តាន់ តាត់ ដាក់ពាក្យប្ដឹងប្រជាសហគមន៍ ថាបានប្រើអំពើហិង្សាលើអចលនទ្រព្យ និង បំផ្លាញដំណាំរបស់អ្នកដទៃ កាលពីប៉ុន្មានខែមុន តែទើបមកចាត់ការចាប់ខ្លួនប្រជាសហគមន៍ទាំងនោះ ដោយគ្មានដីកាឡើយកាលពីរសៀលថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ក្រោមរូបភាពបទល្មើសជាក់ស្ដែង ។

តំណាងសហគមន៍ អូរខ្សាច់ លោកស្រី ឡុច ទូច ដែលត្រូវបានគេចាប់ខ្លួនដែរនោះ មានប្រសាសន៍ថា រូបគាត់និងប្រជាសហគមន៍ទាំងអស់ បានរស់នៅលើដីដែលខ្លូនបានកាប់ឆ្កា ដាំដំណាំ អាស្រ័យផលតាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០០៣ លោកស្រី និង ប្រជាសហគមន៍បានដាក់ពាក្យស្នើសុំកាន់កាប់ដីនោះតាមរយៈមេភូមិ និង មេឃុំ ។ ស្រាប់តែនាពេលថ្មីៗនេះ មានលេចលោក ឧកញ៉ា តាន់ តាត់ មកអះអាងថា លោកមានលិខិតកាន់កាប់ដីហ្នឹងដែរតាំងពីឆ្នាំ១៩៩៥ លោកស្រីបានបន្ថែម ។

លោកស្រី ឡុច ទូច ឆ្ងល់ថា បើលោក ឧកញ៉ា តាន់ តាត់ មានលិខិតកាន់កាប់ តាំងពីឆ្នាំ១៩៩៥ ម្ដេចមិនដែលឃើញលោកឧកញ៉ា រស់នៅទីនោះ ឬ ដាំដំណាំអ្វីសោះ ? ហេតុដូច្នេះលោកស្រី ស្នើសុំអភិបាលខែត្រព្រះសីហនុ និង សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយផ្ដល់ភាពយុត្តិធម៌ដល់ពួកគាត់ដែលជាពលរដ្ឋក្រីក្ររស់នៅទីនោះពិតផង ។

លោកឧកញ៉ា តាន់ តាត់ ដែលគេកោតគោរពថាជាអ្នកមានទ្រព្យថ្លៃថ្នូរ ត្រឹមត្រូវ បែរទៅជាមានរឿងប្លែកបែបនេះ មិនអាចសុំការបំភ្លឺបានទេ ថាតើលោកបានកាន់កាប់ដឺនោះដោយរបៀបណា និង នៅឆ្នាំណា ដោយទូរស័ព្ទរបស់លោកចូលហើយមិនមានការឆ្លើយតប កាលពីល្ងាចថ្ងៃទី០៧ ឧសភា ២០១៨ ។

លោកស្រី ជាប សុធារី អ្នកសម្របសម្រួល សមាគម អាដហុក ប្រចាំខែត្រព្រះសីហនុ មានប្រសាសន៍ថា ភាគីទាំងពីរសុទ្ធតែអះអាងរៀងខ្លួនថា ពួកគេមានលិខិតបញ្ជាក់កាន់កាប់ដីនោះ ហេតុដូចនេះ លោកស្រីមានជំនឿជឿជាក់ថា លោកស្រីព្រះរាជអាជ្ញា អមសាលាដំបូងខែត្រព្រះសីហនុ នឹងពិចារណាយ៉ាងល្អិតល្អន់ ហើយដោះលែងក្រុមប្រជាសហគមន៍ទាំងអស់នេះ ឱ្យនៅក្រៅឃុំ ដើម្បីមានឱកាសតតាំងគ្នាតាមផ្លូវច្បាប់ដោយសន្តិវិធី ។

ទាក់ទិននឹងការចាប់ខ្លួនប្រជាសហគមន៍ខាងលើ គេហទំព័រ www.bayongtimes.com មិនអាចសុំការបញ្ជាក់បានទេ ពីលោក ហេង ប៊ុនទី មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រព្រះសីហនុ ថាតើការចាប់ខ្លួនពលរដ្ឋទាំងអស់នេះ សំអាងលើអ្វីខ្លះ ។

សូមតាមដានទាំងអស់គ្នា តើសង្រ្គាមដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋក្រក្រី និង អ្នកមានលុយ មានអំណាច អាចទទួលបានភាពយុត្តិធម៌ដែរឬទេ ចំពោះពលរដ្ឋអត់លុយអត់អំណាចនោះ ? ៕

សូមជួយចែករំលែក


loading...
Footer Menu