Main Menu
loading...

ខេមែនថបហ្វៃធ័រ ចាប់ដំណើរការចេញពីខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី០៥ ឧសភា

ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ ភីអ៊ិនអ៊ិន (PNN) ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខេមែន(K man) និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើសន្និសីទកាសែតរួមគ្នាបង្កើព្រឹត្តិការណ៍ប្លែកមួយឈ្មោះថា ខេមែនថបហ្វៃធ័រ (K man Top Fighter) ប្រកួតលក្ខណៈអន្តរជាតិបែបទេសចរណ៍ ដោយកំណត់យក១២ ខេត្ត ក្រុង ជាទីតាំងដែលចាប់ដំណើរការដំបូងចេញពី ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី០៥ ឧសភា ២០១៨ ឆាប់ៗខាងមុខនេះ។ 


 ស្ថាប័នទាំងបីនេះបានធ្វើសន្និសីទកាសែតបើកឱ្យដំណើរការ នៃកម្មវិធីខាងលើនៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរស្តាតអូឡាំពិក កីឡាដែលមានការចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធ លោក រស់ សុវណ្ណវាសនា អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខេមែន លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និង លោក ឃុន ប្រម៉ូត នាយកចាក់ការទូទៅ នៃស្ថានីយទូរទស្សន៍ ភីអ៊ិនអ៊ិន ។

 នៅក្នុងឱកាសនោះក៍មានការបង្ហាញខ្លួនកីឡាករកម្ពុជាសំខាន់ៗពីររូប គឺកីឡាករ ឃីម ឌីម៉ា ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ អ្នកលេងរន្ទះជើងធ្ងន់ សេន ប៊ុនធេន និង កីឡាករកម្ពុជាល្បីៗជាច្រើននាក់ទៀត។ ក៍ប៉ុន្តែគេពុំបានឃើញវត្តមានកីឡាករថៃចូលរួមនោះទេ។ 

 ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន ដែលបានចាត់ទុកកម្មវិធីមួយនេះថា ល្អមែនទែនដែលមានរយៈពេលវែង ចាប់ដំណើរការដំបូងនៅ ខេត្តបាត់ដំបង និងបន្តដំណើរទៅ ខេត្តសៀមរាប...។ ការរៀបចំព្រឹត្តិការណ៍មានគោលដៅច្បាស់លាស់យ៉ាងដូច្នេះ ដើម្បីចូលរួមវិស័យ សេដ្ឋកិច្ច ទេសចរណ៍ នៅកម្ពុជាដែលបម្រើឱ្យអ្នកទស្សនាកម្សាន្តបានការសប្បាយ ។

 ដើម្បីលើកស្ទួយកីឡាករកម្ពុជា នៅស៊ីហ្គេមខ្មែរធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ នោះលោកប្រធានសហព័ន្ធបានបញ្ជាក់ថា បើសិនជាមន្ត្រីរបស់យើងណាមួយបម្រើការងារមិនបានល្អ ឬមិនសមរម្យនោះ លោកសូមឱ្យមានការរិះគន់ក្នុងលក្ខណៈស្ថាបនាគ្នាទើបល្អប្រសើរ ។ លោកបានប្រកាសបើកកម្មវិធីនេះជាផ្លូវការ ចាប់ពីល្ងាចថ្ងៃសៅរ៍វេលាម៉ោងបួននាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នេះតទៅ ។

 លោក រស់ សុវណ្ណវាសនា អគ្គនាយកក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងខេមែន បានបញ្ជាក់ថា ដោយក្រុមហ៊ុនរបស់លោកមើលឃើញវិស័យកីឡាគុនខ្មែរសព្វថ្ងៃ មានការរីកចម្រើន និង ទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់មហាជនយ៉ាងច្រើនកុះករ ទើបធ្វើឱ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍ចង់ជំរុញបន្ថែម ដើម្បីធ្វើឱ្យកីឡាករខ្មែរឈានទៅរកភាពល្បីល្បាញដូចបណ្តាប្រទេសជឿនលឿនមួយចំនួនក្នុងសកលលោក។

 ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន លោកគិតថា ខ្ញុំពិតជាមានចិត្តសប្បាយរីករាយ និង ពេញចិត្តក្នុងការសហការជាមួយ សហព័ន្ធនិងភីអ៊ិនអ៊ិន ការបង្កើតឱ្យមានកម្មវិធីគុនខ្មែរលក្ខណៈជាតិ និង អន្តរជាតិនេះឡើងធ្វើឱ្យការប្រកួតក្នុងមួយខែម្តង ហើយក្រុមហ៊ុនអាចនឹងបង្កើនការប្រកួតពីរដងក្នុងមួយខែផងដែរ។

 លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាចាត់ទុកថា កីឡាបែបទម្រង់ទេសចរណ៍នេះថ្មីហើយប្លែក។ យើងនឹងបង្ហាញក្បាច់គុនបុរាណខ្មែរ ដែលជាសិល្បៈ ដ៏យូរលង់មួយ និង បង្ហាញបានសមិទ្ធផលខ្មែរនៅគ្រប់ទីកន្លែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាន។

 នាយកចាក់ការទូទៅនៃស្ថានីយទូរទស្សន៍ ភីអ៊ិនអ៊ិន បានគូសបញ្ជាក់ថា «ភីអ៊ិនអ៊ិន មានសិទ្ធផ្សាយផ្តាច់មុខនៅទូទាំង១២ខេត្តក្រុង ក្នុងកម្មវិធីនេះចាប់ពីល្ងាចថ្ងៃទី០៥ ឧសភា តទៅ ។ ខ្ញុំសង្ឃឹមថា ការផ្សាយរបស់ ភីអ៊ិនអ៊ិន ជាលក្ខណៈស្តង់ដារហ្វូលអេជឌី ដែលនឹងធ្វើឱ្យកម្មវិធីមួយនេះបានយ៉ាងរលូន» ៕


សូមជួយចែករំលែក


loading...
Footer Menu