Main Menu
loading...

អត្តសញ្ញាណសម្គាល់ខេត្តមណ្ឌលគិរី គឺសត្វគោព្រៃ តើពួកវាកំពុងមានវត្តមានរស់នៅក្នុងព្រៃ នៃខេត្តភាគឦសានមួយនេះដែរឬយ៉ាងណា?

មណ្ឌលគិរី៖ សត្វគោព្រៃគឺជាប្រភេទសត្វដ៏កម្របំផុតលើពិភពលោក ដែលអាចវិវត្តន៍ទៅដល់ការផុតពូជពីភពផែនដីនេះបាត់ទៅហើយ ព្រោះនៅរយៈពេលជិត១០០ឆ្នាំចុងក្រោយនេះ គេពុំបានប្រទះឃើញវត្តមានសត្វគោព្រៃនៅលើផែនដីនេះទៀតទេ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាត្រូវបានអ្នកជំនាញអះអាងថា ធ្លាប់មានវត្តមានសត្វគោព្រៃរស់នៅ ។ មិនតែប៉ុណ្ណោះនៅខេត្តមណ្ឌលគិរី ប្រទេសកម្ពុជាគឺមានរូបសំណាករង្វង់មូលគោព្រៃមួយ ដែលមានទីតាំងនៅចំកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលរូបសំណាក់សត្វគោព្រៃនេះគេបានដឹងថា ជានិមិត្តរូប ឬ ជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី ។

រង្វង់មូលរូបគោព្រៃនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មិនត្រឹមតែជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី នោះទេ រូបសំណាកគោព្រៃក៏ជាផ្នែកមួយបានទាក់ទាញ់ចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ផងដែរ ដោយពួកគាត់ចូលចិត្តថតរូបភាពអនុស្សារីវយ៍ជាមួយនឹងរូបសំណាករង្វង់មូលគោព្រៃនេះ ។ ហើយជាមួយគ្នានេះដែរ មានចម្ងល់ជាច្រើន បានលើកឡើងថា មូលហេតុអ្វីបានជាខេត្តមណ្ឌលគិរី លើកយករូបសត្វគោព្រៃមកធ្វើជារូបតំណាងឲ្យខេត្ត ហើយសត្វគោព្រៃពិតជាមានវត្តមានរស់នៅក្នុងព្រៃខេត្តមណ្ឌលគិរីមែនទេ ។

លក្ខណៈនៃរូបរាង្គរបស់គោព្រៃគឺស្រដៀងគ្នាទៅនឹងសត្វទន្សោង មានប៊ួរវែងធ្លាក់ចុះដល់ជង្គង់ និងហៀរស្ទើរដល់ដីចំពោះគោឈ្មោល ។ គោព្រៃមានប្រវែងដងខ្លួនពី ២,១ ទៅ ២,៣ម៉ែត្រ មានកម្ពស់ពី ១,៧ ទៅ១,៩ និងមានទម្ងន់ពី៧០០ទៅ៩០០គីឡូក្រាម ។ ស្នែងរបស់គោព្រៃឈ្មោលនិងញីមានលក្ខណៈខុសប្លែកគ្នាដោយស្នែងអាឈ្មោលធំជាង ដោយដុះចេញកោងទៅមុខ និង ងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង ។ ស្នែងមីញីដុះមកខាងមុខរាងងើបបន្តិច ហើយគួចរមួលឡើងលើ ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌ស ឬ ប្រផេះ និងប្រផេះចាស់នៅពេលមានអាយុច្រើន

អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានឲ្យដឹងថា ការសាង់សង់រូបសំណាកគោព្រៃ និង យកសត្វមួយនេះជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី គឺជាការប្រសិទ្ធនាមរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា និង បានសាង់សង់រូបសំណាករង្វង់មូលគោព្រៃនេះឡើងនៅឆ្នាំ២០០៤ ព្រោះតែខេត្តមណ្ឌលគិរីជាខេត្តមួយមានគំរបព្រៃឈើក្រាស់ក្រែល មានសក្ដានុពលធនធានធម្មជាតិសំបូរបែប ជាពិសេសគឺសំបូរទៅដោយប្រភេទសត្វព្រៃជាច្រើនប្រភេទ ហើយក្នុងនោះសត្វគោព្រៃគឺជាសត្វតំណាងឲ្យជីវចម្រុះទាំងនោះ ព្រោះតែសត្វមួយនេះជាសត្វដែលកម្របំផុត ។ លោកបន្តថា ទោះជាយ៉ាង ពុំមាននរណាម្នាក់បានអះអាងថា ធ្លាប់បានឃើញវត្តមានសត្វគោព្រៃនោះទេ ក្នុងព្រៃខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះ ដោយពុំអាចដឹងថា តើសត្វក្រមមួយនេះនៅសេសសល់ ឬផុតពូជទៅហើយនោះទេ ។

អ្នកជំនាញផ្នែកធនធានធម្មជាតិ និងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះ លោកពុំអាចសន្និដ្ឋានថា នៅក្នុងព្រៃខេត្តមណ្ឌលគិរីនៅមានវត្តមានសត្វគោព្រៃរស់នៅឬយ៉ាងណានោះទេ តាមការសិក្សារបស់អ្នកជំនាញនៅពេលកន្លងមកគឺបានបង្ហាញថា សត្វគោព្រៃគឺពិតជាធ្លាប់មានវត្តមានរស់នៅ ក្នុងព្រៃខេត្តមណ្ឌលគិរីប្រាកដមែន ប៉ុន្តែនៅពុំទាន់មាននរណាម្នាក់បានឃើញរូបរាងសត្វគោព្រៃផ្ទាល់នោះទេក្នុងព្រៃខេត្ត មណ្ឌលគិរី ។

លោកបន្តថា នៅអំឡុងចុងទសវត្សរ៍ទី៩០ អ្នកជំនាញសត្វព្រៃធ្លាប់បានប្រទះឃើញស្នែងរបស់វាបន្សល់ទុកក្នុងព្រៃខេត្តមណ្ឌលគិរី ដែលជាភស្តុតាំងរួមផ្សំមួយបញ្ជាក់ថា ក្នុងព្រៃខេត្តមណ្ឌលគិរីពិតជាធ្លាប់មានសត្វគោព្រៃរស់នៅយ៉ាងជាក់ច្បាស់ ។

លោក កែវ សុភក៌ បញ្ជាក់ថា សត្វគោព្រៃនាពេលបច្ចុប្បន្ននេះ ប្រហែលជាផុតពូជបាត់ទៅហើយ ព្រោះគេពុំដែលបានឃើញវារាប់សិបឆ្នាំមកហើយនៅលើពិភពលោក ហើយការប្រទះសត្វគោព្រៃលើកចុង ក្រោយបង្អស់ គឺជនជាតិបារាំងម្នាក់បានឃើញវា នៅខេត្តព្រះវិហារ ប្រទេសកម្ពុជា នៅអំឡុងទសវត្សរ៍ទី៥០ បន្ទាប់មកគេពុំធ្លាប់បានឃើញសត្វគោព្រៃទៀតនោះទេ ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសន្និដ្ឋានថា សត្វគោព្រៃនៅកម្ពុជា អាចផុតពូជព្រោះកត្តាសង្គ្រាម ការបរបាញ់ និងជាពិសេស គឺជំងឺរាតត្បាត ៕







សូមជួយចែករំលែក


loading...
Footer Menu