Main Menu
loading...

ស្ថានីយ៍ប្រេងឥន្ធនៈបីកន្លែងក្រុងស្វាយរៀងលក់និងចែកចាយប្រេងមិនគ្រប់តាមស្តង់ដាររង្វាស់រង្វាល់

ស្វាយរៀង៖ ប្រជាពលរដ្ឋនៅតាមបណ្តា ក្រុង ស្រុក មួយចំនួន ខេត្តស្វាយរៀង មានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលមានភាពមិនប្រក្រតីចំពោះបញ្ហាស្ថានីយ៍ប្រេងឥន្ធនៈចំនួនបីកន្លែងបានរកស៊ីលក់ប្រេងឱ្យអតិថិជនមិនត្រឹមត្រូវតាមស្តង់ដាររង្វាស់រង្វាល់ខណៈមានកន្លែងដេប៉ូចែកចាយប្រេងក្នុងខេត្តនេះកំពុងតែរីកចម្រើនស្អេកស្កះជាច្រើនទៀត ហើយគេមិនដែលឃើញមន្ត្រីជំនាញកាំកុងត្រូលចុះត្រួតពិនិត្យម្តងណាសោះវាទំនងជាត្រូវដងត្រូវផ្លែគ្នា។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ថាការងារកាំកុងត្រូលគឺសំខាន់ណាស់តែនៅពេលប្តូរមេកាំកុងត្រូលសាខាស្វាយរៀងមកថ្មីកាលពីចុង ខែមករា ឆ្នាំ២០១៨ សកម្មភាពរបស់មន្ត្រីកាំកុងត្រូលមួយចំនួនហាក់បីដូចជាមានសភាពសោះអង្គើយទៅៗនៅតែក្នុងបន្ទប់ធ្វើការដែលមានម៉ាស៊ីនត្រជាក់អង្គុយឆែកហ្វេសប៊ុក(facebook)ឡាយក៍ហ្វ្រេនហើយមើលទៅដែលវាខុសប្លែកកាលពីពេលមុនដែលថ្នាក់ដឹកនាំកាំកុងត្រូលសាខាស្វាយរៀងចាស់តែងតែចុះទៅពិនិត្យរកសារធាតុគីមីដែលច្បាប់ហាមឃាត់ហើយព្រមទាំងចុះធ្វើការអប់រំដល់អាជីវករ ដកហូតនូវមុខទំនិញណាដែលច្បាប់ហាមឃាត់ ហើយក៍ធ្លាប់ធ្វើការដុតកម្ទេចចោលដែរ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ផឹង និល ប្រធានសាខាកាំកុងត្រូលថ្មី ខេត្តស្វាយរៀង ដែលទើបនឹងត្រូវធ្វើការតែងតាំងនោះមិនអាចធ្វើការទំនាក់ទំនងបានទេ។

ប៉ុន្តែមន្ត្រីសាខាកាំកុងត្រូលបានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានកាំកុងត្រូល និងបាននាំយករថយន្តចល័តមន្ទីរពិសោធន៍ចុះពិនិត្យស្ថានីយប្រេងឥន្ធនៈនៅក្នុងខេត្តស្វាយរៀងដើម្បីពិនិត្យរកអនុលោមភាពផ្នែកបរិមាណនិងគុណភាពបានចុះពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងនោះ មានស្ថានីយ៍លក់ប្រេងឥន្ធនៈចំនួនបីកន្លែង ក្នុងចំណោមប្រាំមួយកន្លែង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជាលទ្ធផលមន្ត្រីជំនាញផ្នែកប្រេងឥន្ធនៈពិនិត្យនិងរកឃើញថា មានការលក់ចែកចាយមិនគ្រប់តាមស្តង់ដារ រង្វាស់រង្វាល់ ដែលជាហេតុធ្វើឱ្យអតិថិជនមានការខាតបង់ប្រយោជន៍ជាធំ។

ប្រភពខាងលើបានបញ្ជាក់ទៀតថា ការចុះត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈធ្វើនៅតាមស្ថានីយទូទាំងប្រទេស។ ជាក់ស្តែងការចុះត្រួតពិនិត្យគុណភាពបរិមាណប្រេងឥន្ធនៈ និងដេប៉ូចែកចាយទាំងប្រាំមួយស្ថានីយនៅក្នុងក្រុងស្វាយរៀងនាពេលនេះដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយបំពាក់នូវឧបករណ៍វិភាគនិងឧបករណ៍រង្វាស់រង្វាល់ដែលអាចបញ្ជៀសការក្លែងបន្លំ។

ប្រភពដដែលបានរៀបរាប់ពីភាពមិនប្រក្រតីថា លទ្ធផលនៃការពិនិត្យលើផ្នែកគុណភាពប្រេងសាំងធម្មតា សាំងស៊ុបពែនិងប្រេងម៉ាស៊ូតលើស្ថានីយចំនួនប្រាំមួយ គឺត្រឹមត្រូវតាមស្តង់ដារតែបីកន្លែង។ដោយឡែកបីកន្លែងទៀតមិនត្រឹមត្រូវទៅតាមស្តង់ដារឡើយ ដោយផ្នែកបរិមាណបាញ់ចេញពីទុយោវិញមានកម្រិតលំអៀងពីបីលីត្រ ទៅប្រាំមួយលីត្រក្នុង១០០លីត្របាញ់ចេញពោលគឺមិនមានអនុលោមភាពផ្នែកមរិមាណមួយកន្លែងនិងមិនមានអនុលោមគុណភាពពីរកន្លែង។

ទោះយ៉ាងណាក៍ដោយស្ថានីយទាំងបីកន្លែងគេពុំបានបង្ហាញអត្តសញ្ញាណនោះទេត្បិតក្រុមជំនាញបានលាក់ទុកស៊ីក្រោមលេសអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះឱ្យធ្វើកិច្ចសន្យាជាលើកទីមួយ ឲ្យកែប្រែឡើងវិញដោយទុកឱកាសក្នុងរយៈពេលមួយខែ ហើយខាងមន្ត្រីជំនាញថា នឹងចុះមកពិនិត្យម្តងទៀត។

គេនៅរង់ចាំមើលថា តើលោក ផឹង និល ប្រធានសាខាកាំកុងត្រូលថ្មី ខេត្តស្វាយរៀង អាចមានវិធានការក្តៅយ៉ាងណាចំពោះបញ្ហាដែលកំពុងតែកើតមានឡើងនឹងការប្រឈមយ៉ាងខ្លាំងចំពោះមុខបែបនេះ ?៕









សូមជួយចែករំលែក


loading...
Footer Menu