Main Menu
loading...

សាកសពស្រ្តីជនជាតិបរទេសត្រូវបានគេដឹកមកទម្លាក់ចោល

ខេត្តព្រះសីហនុ ៖ សាកសពស្រ្តីជនជាតិរុស្ស៊ីម្នាក់អាយុ៧០ឆ្នាំ ត្រូវបានគេដឹកមកពីមន្ទីរពហុព្យាបាល សេតេ ទុកចោលនៅអគារសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុវេលាម៉ោងប្រមាណ៣ជាងទៀបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ។ នេះយោងតាមការឱ្យដឹងពីអ្នកប្រចាំការនៅអគារសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

បុរសជនជាតិខ្មែរម្នាក់ដែលចេះនិយាយភាសារុស្ស៊ីយ៉ាងស្ទាត់ សុំមិនបញ្ចេញឈ្មោះ រៀបរាប់ប្រាប់ បាយ៉ង់ថែមស៍ថា ស្រ្តីស្លាប់ខាងលើបានជួលផ្ទះមួយកន្លែង ស្ថិតនៅក្រុមទី៣៤ ភូមិ០៣ សង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ ។ នៅយប់ថ្ងៃទី១១ មករា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ២រំលងអាធ្រាត្រ ស្រ្តីស្លាប់នោះនិយាយថាគាត់ចុកដើមទ្រូង រួចក៏យកថ្នាំពីរគ្រាប់មកលេប ប៉ុន្តែនៅតែមិនបានធូរស្បើយ ក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅ គ្លីនិក សេតេ ហៅពេទ្យដើមស្វាយ ។ ដោយស្ថានភាពអ្នកជម្ងឺធ្ងន់ធ្ងរមិនអាចសង្រ្គោះបាន គ្លីនិក សេតេ បានយករថយន្តសង្រ្គោះរបស់ខ្លួន ដឹកមកផ្នែកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខែត្រព្រះសីហនុ សំណាងអាក្រក់ស្រ្តីនោះដាច់ខ្យល់ស្លាប់តាមផ្លូវ ។

លោក លិ គឹមហួរ ម្ចាស់មន្ទីរពហុព្យាបាល សេតេ (គ្លីនិកឯកជន)មិនអាចសុំការបំភ្លឺបានទេ ថាតើស្រ្តីស្លាប់នោះបានចូលទទួលការព្យាបាលនៅកន្លែងលោកម៉ោងប៉ុន្មាន មានអាការៈបែបណា និងស្លាប់ដោយសារអ្វីឡើយ ព្រោះទូរស័ព្ទរបស់លោក ០៩៦ ៥៨៨ ៦៦៦៦ ហៅចូលហើយមិនទទួលនៅម៉ោង១៦ និង ៥២នាទីថ្ងៃទី១១ មករា ២០១៧ ។

លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធាន មន្ទីរសុខាភិបាលខេត្ត ព្រះសីហនុ បញ្ជាក់ថា តាមការធ្វើកោសល្យវិច្ច័យ ជនរងគ្រោះ(សាកសព) បានស្លាប់ដោយជម្ងឺគាំងបេះដូង ។

ស្រដៀងគ្នានេះដែរ ជនជាតិរុស្ស៊ី ជាមិត្តភក្ដិរបស់កូនស្រ្តី ដែលបានស្លាប់ និយាយថា មុននឹងស្លាប់គាត់ធ្វើទុកបេះដូង លេបថ្នាំពីរគ្រាប់រួចក៏បញ្ជូនមកគ្លីនិក សេតេ ។

គួរបញ្ជាក់ថា សាកសពស្រ្តីជនជាតិរុស្ស៊ីនោះត្រូវបានគេយកទៅទុកនៅសាលតម្កល់សពក្នុងមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំសាច់ញាតិ ឬស្ថានទូតមកទទួល ។

និងគួររំលឹកផងដែរថា ជាទូទៅនៅផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តមិនទទួលអ្នកជម្ងឺដែលបានស្លាប់ហើយនោះទេ ប៉ុន្តែតែងតែមានការយកសាកសពមកទុកចោលរបៀបហ្នឹង គ្មានភាពទទួលខុសត្រូវ ឬ គ្មានការបញ្ជាក់ច្បាស់លាស់ច្រើនលើកច្រើនសាររាប់មិនអស់ ។ ហើយកាលពីពេលថ្មីៗនេះ នៅថ្ងៃទី០៦ មករា ២០១៧ កន្លងទៅ ក៏មានករណីស្រដៀងគ្នានេះបានកើតឡើងដែរ ។ នេះយោងតាមការបង្ហើបឱ្យដឹងពីអ្នកបម្រើការនៅផ្នែកសង្រ្គោះបន្ទាន់ ។







សូមជួយចែករំលែក


loading...
Footer Menu