Main Menu
loading...

ត្រកូល ឃីម នឹងត្រូវប៉ះថៃនៅស៊ីធីអិនឫស្សីកែវ

ភ្នំពេញៈ គូអន្តរជាតិរវាងខ្មែរថៃ ក្នុងកម្មវិធីហ្គេនស្បើក អ្នកលេងកែងដ៏ល្បីល្បាញ កីឡាករ ឃីម ឌីម៉ាមកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ សាកថ្វីដៃនឹងអ្នកលេងរន្ទះជើងកី​ឡា​ករ​ថៃ យ៉តឃុនភុន អេកប៉ាងសៃ (Yorthkhunphun Ekbangsai) ក្នុងប្រភេទ​ទម្ង​ន់​​៦៣,៥គីឡូ​ក្រាម​ស្ថិ​ត​នៅសង្វៀនស៊ីធីអិនឫស្សីកែវរាជធានីភ្នំពេញរសៀល​​​​ថ្ងៃ​ទី២៩ខែ​តុលាឆ្នាំ២០១៦។

ឌីម៉ាប្រកួតចុងក្រោយបានវាយឱ្យកីឡាករថៃបោះបង់ក្នុងទឹកទីបួននៅសង្វៀនអាស៊ីអាគ្នេ​យ៍។ មួយរយៈកន្លងមក ឌីម៉ា បានសាងកេរឈ្មោះកម្ពុជា ឱ្យមានភាពល្បីល្បាញ តាមរយៈ​ផ្តួល​ជើ​ង​ខ្លាំងថៃសន្លប់ធំក្នុងទឹកទីមួយនឹងកែវនៅថៃក្នុងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ។

អ្នកប្រដាល់ចេញពីកងរាជអាវុធហត្ថរាជធានីភ្នំពេញវ័យក្មេងវាយមានលក្ខណៈសាហាវណាស់ជាពិសេសផ្លែកែង។ ឌីម៉ា វាយមានកណ្តាប់ដៃទាត់ជង្គង់កែងទាំងព្រម​និងចេ​ញ​ចូ​ល​លឿន​ៗ​។ គេមានផ្លែសម្លាប់គូប្រកួតគឺកែងដ៏មុតស្រួច។

យ៉តឃុនភុន ធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ជាពិសេសវាយដណ្តើមខ្សែក្រគោ​ជ​ល់នៅស៊ីអិនស៊ីវគ្គបីចាញ់កីឡាករថៃ។ យ៉ត ពីមុនជាអ្នកប្រដាល់ឡាវ តែឥឡូវគេ​ដាក់​ថា កីឡា​ករ​​ថៃវិញម្តង។ គេជាជើងខ្លាំងម្នាក់ធ្លាប់វាយឱ្យកីឡាករខ្មែរសន្លប់ច្រើននាក់​នៅស៊ីអិនស៊ី។

យ៉តឃុនភុន គេវាយចេញល្អទាំងព្រមមានទាត់ជង្គង់កែងកណ្តាប់ដៃកាច់ផ្តួលនិងធាក់ត្រង់។គ្រ​ប់ស្នៀតវាយចេញរបស់គេធ្ងន់ ហើយចេញចូលលឿនៗ។ គេប្រើឆ្វេងមួយចំហៀងខ្លួន។ ជំហរ រឹងរបស់គេធ្វើឱ្យចេញចូលលឿន។ ប៉ុន្តែគេអន់ខ្សោយជើងក្រោមបន្តិច។ កីឡាករ អ៊ុំ ចម្រើន ធ្លា​ប់​ទាត់ឱ្យថៃនេះខូចជើងក្រោមចូលទេព្យម្តងនៅស៊ីអិនស៊ី។

ប្អូនប្រុស ឌីម៉ា បង្កើតកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក៍ត្រូវប៉ះ នឹង​​កីឡាករថៃ ភិតណយ ពៀកឃែរ(Phitnoy Piekcarcare) ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ មួយ​រយៈកន្លងទៅ បូរ៉ា វាយពុំសូវឈ្នះគូប្រកួតថៃទេ។ គេវាយទាំងព្រមដែរមាន​ទាត់ជង្គង់​កែង​និង​ក​ណ្តាប់ដៃ។ បូរ៉ា វាយប្រចាំបន្តិចគឺទុកឱកាសឱ្យគូប្រកួតចេញមុនរហូត។ គេមានជំ​ហររឹង​ចេ​ញ​ចូលលឿនៗមិនចាញ់បងប្រុសរបស់គេប៉ុន្មានទេ។ បូរ៉ា ពិបាកសង្ឃឹមណាស់ព្រោះប៉ះជើងខ្លាំង ថៃមកវាយនៅស្រុកខ្មែរញឹកញាប់កម្រចាញ់។

ភិតណយ ធ្លាប់មកប្រកួតច្រើនដងនៅកម្ពុជា ហើយវាយកម្រចាញ់ណាស់។ គេវាយល្អទាត់និង​ជង្គង់ចំណែកកណ្តាប់ដៃកែងក៍ចេះប្រើការដែរ។គេនៅមានធាក់ត្រង់និងកាច់ផ្តួលគូប្រកួតឱ្យដួលមួយជំហរ។ ថៃនេះវាយឆ្លាតវៃគ្រាន់បើហើយជំហររឹងចេញចូលលឿនៗ។

អ្នកប្រដាល់ ឃីម ឌីម៉ា បានប្រាប់បាយ៉ង់ថែមស៍នៅរសៀលថ្ងៃទី២៧ ខែតុលាថា គេបានស្គាល់កី​ឡាករឡាវនេះច្បាស់តាមរយៈវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់សន្លប់ទឹកទីបួននៅស៊ីអិនស៊ីរបស់កីឡាករថៃ។ ឌីម៉ា ពុំសូវបានហាត់ពេញលេញប៉ុន្មានទេដោយសាររវល់ការងារច្រើ​ន​ជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដ៏មមាញឹក។គេមិនហ៊ាននិយាយអំពីក្តីសង្ឃឹមនៃការឈ្នះឬចាញ់ទុកមុនឡើយ៕







សូមជួយចែករំលែក


loading...
Footer Menu