Main Menu
loading...

កីឡាករល្បីៗប្រាំមួយរូបមកពីរប្រទេសផ្សេងគ្នាដណ្តើមខ្សែក្រវាត់គូបូតា

ភ្នំពេញៈ ក្រុមហ៊ុន គូបូតាខេមបូឌា ផលិតគ្រឿងយន្តដ៏ល្បីល្បាញ ស្ថានីយ៍ទូរទស្សន៍បាយ័ននិងសហព័ន្ធកីឡាប្រដាល់កម្ពុជា រៀបចំបច្ចេកទេស នៃការប្រកួត បានធ្វើសន្និសីទកាសែតរួម គ្នាមួយស្តីពី«ជើងឯកប្រដាល់លេខ១គូបូតារដូវកាលទី៦»មានកីឡាករល្បីៗចំនួនប្រាំមួយរូបកម្ពុ ជាបួននាក់និងថៃពីររូបវាយដណ្តើមខ្សែក្រវាត់គូបូតា នៅសង្វៀនបាយ័នបឹងស្នោរសៀលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៦។

សន្និសីទថ្ងៃបើកឆាករដូវកាលទីប្រាំមួយនោះ មានការចូលរួមជាអធិបតីពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា។ លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងកម្មវិធីកីឡាប្រដាល់ប្រចាំទូរទស្សន៍បាយ័ន។ លោក ឆាឆឹមឆៃ គីទីប៊ុនតន អគ្គនាយកក្រុមហ៊ុនគូបូតានិងលោក ពេជ្រ អំបូរពង្ស អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនគូបូតាប្រចាំកម្ពុជា។

កីឡាករខ្មែរបួននាក់និងថៃពីរនាក់ត្រូវបានបង្ហាញខ្លួនក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។ ភាគីកម្ពុជាមានកីឡាករ ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩,១១។ កីឡាករ ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានឫទ្ធិ។ កីឡាករ ឈឿន ឆៃដែន ក្លិបនិរោធមានជ័យនិងកីឡាករ សុខ សុវណ្ណ មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ រីឯថៃពីររូបទៀតមានកីឡាករ ឌើនឈុនលេក (Dernchhunlek Rungrean Kilapisanulork) និងកីឡាករ ហ្វាសុទ្ធសែ (Fashootshai Chheangmaipahuyth)។

ពួកគេទាំងប្រាំមួយនាក់វាយសន្សំពិន្ទុដណ្តើមខ្សែក្រវាត់គូបូតាជុំទីមួយ សប្តាហ៍ទីមួយ អ្នកឈ្នះរកបានបីពិន្ទុអ្នកចាញ់ បានមួយពិន្ទុ ហើយអវត្តមានសូន្យពិន្ទុ។ ពួកគេចាប់ផ្តើមធ្វើការប្រកួតនៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោងមួយដល់ម៉ោងបីរសៀលនៅបាយ័នបឹងស្នោ។

សម្រាប់អ្នកឈ្នះបានលេខមួយទទួលបានខ្សែក្រវាត់គូបូតាមួយគ្រឿងថវិកាចំនួនប្រាំពាន់ដុល្លារនិងពានរង្វាន់អនុស្សាវរីយ៍មួយ។ជាប់លេខពីរទទួលបានថវិកាចំនួន៣០០០ដុល្លារនិងពានរង្វាន់មួយ។ រីឯអ្នកចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចប់ជាស្ថាពរ។

ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាលោក តែម ម៉ឺន មានប្រសាសន៍ថា លោកសូមឱ្យកីឡាករទាំងអស់ថែទាំសុខភាព ត្រៀមខ្លួនឱ្យបានល្អប្រសើរ គោរពវិន័យ និងពង្រឹងសមត្ថភាពរបស់ខ្លួនធ្វើជាកីឡាករគំរូល្អដល់ប្អូនៗជំនាន់ក្រោយ។

លោកសូមធ្វើការអំពាវនាវដល់អ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជាចូលរួមគាំទ្រលើកកម្ពស់កីឡាប្រដាល់ខ្មែរឱ្យបានច្រើនថែមទៀត។ ចំពោះការដាក់ពិន្ទុក្នុងការប្រកួតលោកបានពង្រឹងមន្ត្រីផ្នែកបច្ចេកទេស ឱ្យឈរលើគោលការណ៍យុត្តិធម៌អាចទទួលយកបានទាំងអស់គ្នា។

លោក ឆាឆឹមឆៃ គីទីប៊ុនតន អគ្គនាយកក្រុមហ៊ុនគូបូតាខេមបូឌាបានលើកឡើងថា តាមរយៈការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងជាតិនិងអន្តរជាតិចំពោះកម្មវិធីប្រដាល់ដែលរៀបចំឡើងដោយគូបូតាប្រាំរដូវកាលជាប់ៗគ្នា។គូបូតារដូវកាលទីប្រាំមួយបានជម្រុញឱ្យយើងខ្ញុំសម្រេចធ្វើការឧបត្ថម្ភទាំងស្រុងបន្តទៀតដើម្បីនាំមកនូវការប្រកួតកាន់តែស្វិតស្វាញនិងកាន់តែអស្ចារ្យមកបំពេញការទទូចចង់បាននៃអ្នកគាំទ្រកីឡាប្រដាល់។

អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រដាល់ប្រចាំទូរទស្សន៍បាយ័នលោក នាង ស៊ីវុត្ថា បានបញ្ជាក់ថាក្នុងប្រាំរដូវកាលកន្លងទៅគឺគូបូតារៀបចំកាន់តែធ្ងន់ៗទៅជាពិសេសកីឡាករក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។លោកបន្តថាយើងអស់ជម្រើសហើយសម្រាប់នៅកម្ពុជាកីឡាករប្រភេទគីឡូនេះ។ ទម្ងន់នេះយើងមិនខ្វះទេក៍ប៉ុន្តែយើងពិបាករកអ្នកដែលមានសមត្ថភាពខ្ពស់បែបទាំងនេះណាស់៕













សូមជួយចែករំលែក


loading...
Footer Menu