Main Menu
loading...

ចំណាស់រាជធានីភ្នំពេញតាមរយៈសិលាចារឹកកា.លេខ១០២៨នៅវត្តព្រៃវែង

ភ្នំពេញៈ បន្ទាប់ពីមាន ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រជើងឯកមក នូវមានស្លាកស្នាមតឹកតាងដ៏វ័យចំ ណាស់នៃរាជធានីភ្នំពេញ ជាច្រើនកន្លែងទៀត ជាពិសេសគឺផ្ទាំងសិលាចារឹក កា.លេខ១០២៨ ស្ថិតក្នុងវត្ដព្រៃវែងសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញត្រូវបានគេរកឃើញផ្ទាំងសិលាចារឹកសរសេរជាអក្សរខ្មែរបុរាណមួយផ្ទាំងនិងសិលាចារឹកអក្សរសំស្ក្រឹតមួយផ្ទាំងទៀតមានវ័យចំណាស់ជិត១៤០០ឆ្នាំ។វាត្រូវបានគេចុះបញ្ជីលេខរៀងកា.១០២៨(k១០២៨)ដោយសាលាបារាំងចុងបូព៌ាប្រទេសដ៏ល្បីល្បាញសព្វថ្ងៃស្ថិតនៅក្នុងវត្តឧណ្ណាលោម។

កាលពីឆ្នាំ២០១១លោកបណ្ឌិត មីសែល ត្រាណេ បានទៅដល់ទីទួលបុរាណស្ថាននោះ ដោយ ផ្ទាល់មានព្រះសង្ឃគង់នៅវត្ដព្រៃវែងនិងគណៈកម្មការវត្ដបានអះអាងដូចៗគ្នាថា សិលាចារឹកនេះស្ថិតក្នុងវត្ដនេះដដែលទេ។ ព្រោះបន្ដិចទៀតនឹងត្រូវបានអភិរក្សនៅនឹងកន្លែង មានបណ្ណាល័យថ្មីមួយឧបត្ថ ម្ភកសាងពីលោក គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រាសាទឥដ្ឋនេះស្ថិតនៅលើទីទួលខ្ពស់ត្រូវបានខ្មែរជំនាន់ក្រោយសាងសង់ព្រះវិហារវត្ដព្រៃវែងគ្របពីលើខឿនចាស់ នៃប្រាសាទនេះ ដែលធ្វើឱ្យគេពុំអាចមើលដឹងថា មានប្រាសាទបុរាណនោះទេ។ នៅជុំវិញព្រះវិហារ មានបំណែកថ្មស្រទាប់, ថ្មបាយក្រៀម និងថ្មភក់ ជាពិសេសនៅជាប់របងព្រះវិហារ ឈៀងខាងលិចមានទម្រស្នានតូនីបីត្រូវគេដាក់ត្រួតលើគ្នាលាយឡំជាមួយបំណែកថ្មភក់,ថ្មស្រទាប់និងថ្មបាយក្រៀម។

ក្រៅពីនោះគេពុំអាចឃើញក្បាច់ផ្ដែរដ៏សំខាន់នោះទេរីឯបារាយណ៍នៅពីខាងលិចជាប់របងវត្ដវិញក៍ត្រូវបានរលុបបាត់អស់ទៅហើយដែរ។វាសំណាងណាស់ប្រាសាទនេះចេះនៅមានសិលាចារឹកធ្វើឱ្យយើងបានដឹងអំពី ទិន្នន័យព័ត៌មានខ្លះៗ។ នៅក្នុងបរិវេណវត្ដមានដើមឈើធំៗ ហើយខ្ពស់ដែលមាន ម្លប់ត្រឈឹងត្រឈៃយូរៗម្ដងគេឮសំឡេងសត្វស្លាបយំល្វើយៗនៅលើដើមឈើខ្ពស់ៗ។

អ្វីដែលមិនអាចបំភ្លេចបាន លោកបណ្ឌិត មីសែល ត្រាណេ បានលើកឡើងថា លោកបានរកឃើញឡើងវិញសិលាចារឹកនេះនៅក្នុងខ្ទមអ្នកតាមួយក្នុងបរិវេណវត្ដព្រៃវែងកាលពីឆ្នាំ១៩៩៣។នៅឆ្នាំ ២០០៩លោកក៍បានចុះលេខរៀងថ្មី របស់ក្រសួងវប្បធមនិងវិចិត្រសិល្បៈ គឺកា.លេខ៧១៦(K៧១៦)។ នៅក្នុងអំឡុងនៃទស្សនកិច្ចសិក្សារបស់លោកកន្លងមកនោះ ផ្ទាំងសិលាចារឹកនេះ ពុំទាន់ត្រូវបានបាក់បែក ជាច្រើនកំណាត់ឬបំណែកដូចបច្ចុប្បន្ននេះទេ។

នៅឆ្នាំ២០០១ វាត្រូវបានបកប្រែដោយអ្នកស្រី ពៅ សាវរស់ ជនជាតិខ្មែរ ដែលជាសិស្សគណ ម្នាក់របស់លោក ហ្សក សឺដេស អ្នកប្រាជ្ញជាតិបារាំង ដ៏ល្បីល្បាញ បានផ្តិតសិលាចារឹក ប្រទេសកម្ពុជាយើងទាំងអស់ទុកជាគរុភ័ណ្ឌជាតិ។លោកស្រីជាអ្នកប្រាជ្ញខាងភាសាសាស្ដ្រជំនាញពិសេសខាងផ្នែកសិលាចារឹកភាសាខ្មែរនៅសម័យយើងនេះ។

នៅក្នុងខែមេសា ឆ្នាំ២០១១ លោកបណ្ឌិតសាស្ដ្រាចារ្យ មីសែល ត្រាណេ ក៍បានស្នើសុំយ៉ាងទទូចទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីទៅយកផ្ទាំងសិលាចារឹកដ៏សំខាន់នេះ មករក្សាតម្កល់ទុកនៅសារមន្ទីជាតិជាសម្បត្ដិរដ្ឋតែរហូតមកដល់សព្វថ្ងៃសំណូមពរនោះមិនត្រូវបានគេអនុវត្ដឬរវីរវល់អ្វីឡើយ។ ព្រោះតែគេគិតថាវាមិនសំខាន់ប្រហែលទាល់តែ សម្ដេចតេជោសែន ស្រែកហើយមើលទៅ ទើបបានវាសំខាន់ត្រូវគេធ្វើ...!។

លោក មីសែល បានលើកឡើងថា សិលាចារឹកដែលយើងបានពិនិត្យ ខ្លឹមសារនោះ ឥឡូវវាស្ថិតក្នុងចំណោមសិលាចារឹកខ្មែរចំនួនប្រាំផ្ទាំងទៀត ដែលត្រូវបានគេរកឃើញ នៅក្នុងតំបន់រាជធានីភ្នំពេ ញ។សិលាចារឹកទាំងនោះសុទ្ធសឹងតែត្រូវបានបុព្វបុរសដូនតាខ្មែរយើងចារឡើងនៅក្នុងសម័យចេនឡា ពោលគឺដើមសតវត្សរ៍ទី៧ នៃគ្រិស្កសករាជ។ សិលាចារឹកបុរេអង្គរទាំងនោះ ត្រូវបានចារឡើងក្នុងពេល ជាមួយគ្នានឹងការស្ថាបនារូបចម្លាក់តំណាងឱ្យព្រះអាទិទេពនៃលទ្ធិព្រហ្មញ្ញសាសនាព្រមទាំងប្រាង្គប្រាសាទឥដ្ឋដែលសព្វថ្ងៃបានរលំរលាយ បាក់បែកបាត់អស់។ ប៉ុន្ដែប្រាសាទមួយចំនួននៅសល់ខឿនខ្លះៗដូចជាប្រាសាទឥដ្ឋនៅខាងក្រោយសាលាសង្កាត់សាក់សំពៅ,ក្បាច់ផ្ដែររចនាបថកំពង់ព្រះរួមនឹងសំណល់ថ្មប្រាសាទមួយចំនួននៅក្នុងវត្ដជើងឯកខណ្ឌដង្កោ ហើយប្រាសាទសែនសុខកសាងអំពីឥដ្ឋ នៅខាង ជើងវត្ដឃ្មួញខណ្ឌសែនសុខភ្នំពេញ។

លោកបានរំលឹកអំពីវប្បធម៌អង្គរបុរីសាយភាយមកដល់ទីនេះថា «ចំពោះការបង្កើតនូវមូលនិធិ សាសនាទាំងនោះមានសណ្ឋានទីមួយបើយើងសិក្សាវិភាគខ្លឹមសារសិលាចារឹកយើងនឹងដឹងថា តំបន់រា ជធានីភ្នំពេញមានការអភិវឌ្ឍន៍ព្រោះថាត្រូវបានទទួលឥទ្ធិពលវប្បធម៌ពីទីក្រុងអង្គរបុរីដែលជាព្រះរាជធានី។ទីពីរផ្ទុយពីទស្សនៈពីជំនាន់មុនបើយើងពិនិត្យចំនួននៃបុរាណវត្ថុឬបុរាណស្ថានយើងនឹងឃើញ ថាតំបន់នេះ ស្ថិតក្រោមរលកឥណ្ឌូរូបនីយកម្ម ឬសាកលភាវូបនីយកម្ម ដែលបានសាយភាយជាហេតុ នាំឱ្យប្រជាជនកម្ពុជាមានភាពរុងរឿងខាងសង្គមវប្បធម៌យ៉ាងប្រាកដ»។

មានចំណុចសំខាន់ថែមទៀតលោកបន្ដថា បើយើងសិក្សាពិនិត្យអក្សរនៅលើផ្ទាំងសិលាចារឹក ទាំងនោះយើងនឹងដឹងថាអក្សរខ្មែរកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លាពោលគឺអត្ថបទជាភាសាខ្មែរកាន់តែវែងជាងសម័យនគរភ្នំ។ ទោះបីយ៉ាងណាអត្ថបទជាភាសាសំស្ក្រឹតនៅត្រូវបានរក្សាជាង។ តែទោះ យ៉ាងនេះ ក្ដីកន្លងមកការសិក្សាវិភាគសិលាចារឹកដែលក្នុងតំបន់រាជធានីភ្នំពេញ បានដាក់ទម្ងន់ទៅលើតែវិស័យសាសនាដែលគេចាត់ទុកថា ពុំទាន់មានតុល្យភាពក្នុងការវិភាគនៅឡើយ។

ពាក់ព័ន្ធទិន្នន័យខាងសង្គមវប្បធម៌សិលាចារឹកកា.លេខ១០២៨នេះវាមានឋានុក្រមនៃមុខងារមន្ដ្រីនៅទីនេះក៍មិនខុសប្លែកគ្នាពីអាណាខេត្ដផ្សេងៗឯទៀតដែរដែលស្ថិតក្នុងសម័យអន្ដរកាលរវាងនគរភ្នំនិងចេឡា។

លោកបណ្ឌិតបានគត់សម្គាល់ទៀតថា ព្រះអាទិទេពដែលមានព្រះនាមថា ចណ្ឌកាត្យយិនី ក្នុងផ្ទាំងសិលាចារឹកនេះគឺតាមពិតទៅវាតំណាងឱ្យព្រះអាទិទេពទាំងពីរអង្គ។ ទីមួយ ជាភេទប្រុសគឺព្រះសិវៈ (ចណ្ឌ)និងទីពីរជាភេទស្រីគឺព្រះនាងទូគ៌ា(កាត្យយិនី)ដែលរាំឱបគ្នា។ នេះបើយោងទៅលើចម្លាក់បុរាណ នាសម័យបាយ័នដែលគេបានជួបប្រទះកន្លងមក។

ខាងលើនេះក៍ត្រូវធ្វើឡើងព្រមគ្នាជាមួយនឹងព្រះមហាគណបតីឬព្រះគណេសព្រមទាំងព្រះសិវៈដែលតំណាងដោយព្រះសិវលិង្គមួយដែលមានព្រះនាមថា “អម្រាតកេស្វរ” ផងដែរ។

អ្នកស្រីសាស្ដ្រាចារ្យ ពៅ សាវរស អ្នកប្រាជ្ញខ្មែរខាងសិលាចារឹកសាស្ដ្រ បានចាប់អារម្មណ៍អំពី ផ្ទាំងសិលាចារឹកនេះដែរ។ គាត់មិនបានលើកឡើង នូវគុណសម្បត្ដិ និងអត្ថប្រយោជន៍ចម្បង របស់ឯក សារថ្មមួយនេះទេ។

ខាងក្រោមនេះគឺសេចក្ដីបកប្រែសិលាចារឹកវត្ដព្រែវែងដែលជាជ្រុងទីពីរពីលោកបណ្ឌិតសាស្ត្រា ចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺលោក យាង វិរបុត្រ “...បានប្រតិស្ថាន កសាងព្រះបដិមាទេវព្រះនាម«ចណ្ឌកាត្យយិនី»និង«ព្រះមហាគលាបតិ» ហើយបានដាក់បញ្ជូលនូវគ្រឿងឧបភោគបរិភោគទាំងឡាយរួមផ្សំជាមួយនឹងទេវស្ថានស្រីអម្រាតកេស្វរនៅឯតំបន់ខហ្វេរ។ចំណែកឯអំណាចរបស់មន្ដ្រីតាងអញដែលបានថ្វាយចំពោះទេវចណ្ឌកាត្យយិនីមានស្ដ្រីនាមតាងអញដែលមានភារកិច្ចដូចជារៀបចំពិធីបូជាយញ្ញថ្វាយដល់ព្រះនៅពេលរៀងរាល់ថ្ងៃសីល(ថ្ងៃព្រះ)រៀបចំតុបតែងលម្អនូវផ្កាប្រអូបឈើក្រអូបសុគន្ធវារី (ទឹកអប់) ថ្វាយដល់ព្រះ។

អ្នកមានភារកិច្ចកត់ត្រាថ្ងៃសំពះព្រះ(ថ្ងៃសីល)គឺនារីកបន្លាងដែលគេបានថ្វាយដល់ទេវស្ថាន។ខ្ញុំបម្រើ(ទាសាទាសី)ដែលបានថ្វាយដល់ទេវស្ថានមានឈ្មោះដូចជាបុរសកន្ទោស បុរសសត្វះ បុរសវងាប ន្សោត បុរសវងាអញកាលអាសន្ន បុរសកន្សោង បុរសកន្ដេង...នារីទ្មោច និងកូនស្រីប្រាំនាក់ នារីត្យុង និងកូន...នារីសេងនាអវៃ និងកូនស្រីបីនាក់ នារីកញ្ជុងវីនាបន្ហេម នារីចបតអ្វៃ នារីមញ្ជុ...នារីបួសគុ ណេ នារីតំវេ នារីបញ្ជុងនិងកូនស្រីម្នាក់ នារីបលិហដ្ដ នារីកល្បិត នារីច្អាបនិងកូនម្នាក់ នារីអំរសនិងកូ នពីរនាក់ នារីជុងហេង នារីតំនរ បុរសកញ្ជិត បុរសត្មុរ។

ទ្រព្យសម្បត្ដិដទៃទៀតមាន គោ របស់ទេវស្ថាន៤០ក្បាល ក្របី២០ក្បាល ស្រែ...២០០ ស្លា នៅឯជើង...”។

លោកបណ្ឌិត យាង វិរបុត្រ សាស្ដ្រាចារ្យ ជំនាញបកប្រែ សិលាចារឹក ភាសាខ្មែរបុរាណ បានឱ្យដឹងទៀតថាសិលាចារឹកនៅវត្ដព្រៃវែងមានពីរភាសា គឺភាសាខ្មែរនិងសំស្ក្រឹត។ ជាទូទៅនៅក្នុងសិលាចារឹកខ្លះមានដាក់បណ្ដាសារ និងខ្លះមិនដាក់បណ្ដារទេ ប៉ុន្ដែភាគច្រើនដាក់។ លោកបានបកប្រែសិលាចារឹកនេះគឺមិនបានឃើញមានដាក់បណ្ដាសារដូចសិលាចារឹកឯទៀតៗឡើយ។

លោកបានលើកពីអត្ថន័យខ្លឹមសារនៃសិលាចារឹកនេះថា ទីមួយទាក់ទង និងការកសាងការឧប ត្ថម្ភដល់ប្រាសាទ។ ទីពីរ គឺឧទ្ទិសកុសលដល់ព្រះអាទិទេព និងទីបី បានបង្ហាញពីគ្រឿងដង្វាយដូចជាមនុ ស្សប្រុសនិងស្រីហើយមានទ្រព្យសម្បត្ដិដីស្រែ ដើមស្លា គោនិងក្របីជារបស់ព្រះអាទិទេព។ល។

ប្រាសាទនៅវត្ដព្រៃវែងនេះ មិនត្រូវបានគេស្គាល់ថាមានឈ្មោះអ្វីទេ។ ប៉ុន្ដែតាមលោកបណ្ឌិត ធ្លាប់បានបកប្រែយល់ថា ជាទូទៅព្រះអាទិទេពឈ្មោះអ្វីគឺប្រាសាទនោះឈ្មោះហ្នឹង។ សិលាចារឹកវត្ដព្រៃព្រៃវែងមានព្រះសិវៈដែលតំណាងដោយព្រះសិវលិង្គមួយមានព្រះនាមថា“អម្រាតកេស្វរ”។ពាក្យនេះដែលជាឈ្មោះរបស់ព្រះសិវប្រែជាភាសាខ្មែរថា“អម្រាតឬអម្រា”។ភាសាសំស្ក្រឹត“អមរ”និងភាសាបាលីប្រែថា“អមតៈ”ដូច្នេះវាមានន័យថា មិនចេះស្លាប់ ។

ព្រះសង្ឃ គី ស៊ុនហាក់ គង់នៅវត្ដព្រៃវែងបានឱ្យដឹងថាសិលាចារឹកនេះត្រូវបានរក្សាទុកនៅក្នុងវត្ដដដែល។ លោក គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសាងសង់បណ្ណាល័យមួយនៅក្នុងវត្ដជ្រុងខាងជើងដើម្បីអភិរក្សវត្ថុបុរាណទាំងអស់នោះផ្ទាល់តែម្ដង។សំខាន់វត្ដទុកវត្ថុបុរាណនេះឱ្យកូនខ្មែរជំនាន់ក្រោយមកសិក្សាស្រាវជ្រាវរៀនសូត្រ។

ព្រះអង្គមានសង្ឃដិកាទៀតថា វត្ដនេះអាចសាងសង់នៅក្នុងឆ្នាំ១៩៤០ជាង។ ពីដើមវត្ដស្ថិតនៅ ពីខាងជើងឈៀងខាងលិចវត្ដសព្វថ្ងៃមានចម្ងាយប្រហែល១៥០ម៉ែត្រដែលអ្នកស្រុកនៅទីនោះបាននាំគ្នាហៅថា “អង្គចកៗ” ។

សូមរំលឹកឡើងវិញថា សិលាចារឹកកា.១០២៨ ត្រូវបានចារឡើងនៅឆ្នាំ៥៣៦ស.ក ដែលត្រូវជា ឆ្នាំ៦១៥នៃគ្រិស្គសករាជ។ យើងពិតជារំជើបរំជួល ហើយរំភើបក្នុងចិត្ដជាខ្លាំង កាលបើបានឃើញផ្ទាំង សិលាចារឹកនេះដែលមានអាយុកាលជិត១៤០០ឆ្នាំមកហើយ គឺមុនសម័យអង្គរ។ យើងមានអារម្មណ៍រំ ភើបញាប់ញ័រយ៉ាងខ្លាំង។អ្វីដែលទើបលើកឡើងនេះសឱ្យឃើញថាទីក្រុងភ្នំពេញវាមិនមែនទើបតែនឹងកកើតថ្មីនោះទេ ហើយវឌ្ឈនភាពនៃតំបន់នេះ មានការប្រែប្រួលតាមសម័យកាលនីមួយៗ នៃប្រវត្ដិសាស្ដ្រមុននឹងឈានមកដល់សម័យទំនើបយើងនេះ៕

០១ៈ លោកបណ្ឌិតមីសែលត្រាណេកំពុងតែសម្ដែងការសោកស្ដាយនៅពេលដែលបានឃើញសិលាចារឹកនេះបាក់បែកជាច្រើនបំណែក។
០២ៈ សិលាចារឹកនេះបានបាក់បែកជាច្រើនបំណែកនិងទម្រស្នានតូនីនាងឱមានៅលើព្រះវិហារវត្ដព្រៃវែង។
០៣ៈ ព្រះវិហារវត្ដព្រៃវែងដែលពុទ្ធបរិស័ទខ្មែរយើងជំនាន់ក្រោយបានកសាងគ្របពីលើខឿនប្រាសាទបុរាណ។
០៤ៈ ក្លោងទ្វារចូលវត្ដព្រៃវែងសង្កាត់ព្រៃវែងខណ្ឌដង្កោជាកន្លែងបុរាណស្ថានគេអាចហៅបានថាប្រាសាទអម្រាឬប្រាសាទអមតៈ។
០៥ៈ ទម្រស្នានតូនីត្រូវបានគេប្រមូលគរលើគ្នានៅឈៀងខាងលិចព្រះវិហារក្នុងចំណោមបំណែកថ្មជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញព្រះវិហារ។
០៦ៈ សិលាចារឹកនេះត្រូវបានបាក់បែកជាបំណែកតូចៗគួរឱ្យសង្វែកនៅក្នុងព្រះវិហារសព្វថ្ងៃ៕











សូមជួយចែករំលែក


loading...
Footer Menu