ក្រសួងធនធានទឹកនឹងរៀបចំដាក់បាវខ្សាច់ចំណុចប្រឈមទប់ស្កាត់ការបាក់ច្រាំងទន្លេក្រុងកំពង់ចាម

0
508

ដោយ: កោះប៉ែន
កំពង់ចាម: ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរ ខេត្តកំពង់ចាម នឹងរៀបចំដាក់បាវខ្សាច់ ទប់ស្កាត់ការបាក់ច្រាំងនៅចំកន្លែងប្រឈមបាក់ស្រុត ច្រាំងទន្លេមេគង្គ នាពេលឆាប់ៗខាងមុខនេះ។ ដើម្បីថែ រក្សាច្រាំងទន្លេនេះរបស់ ក្រុងជ័យលាភីផ្ការំដួលបីទង ឳ្យបានស្ថិតស្ថេរយូរអង្វែង។

លោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នេះថា ខាងលោកមិនអាចបញ្ជាក់ចម្ងាយប្រវែងច្រាំងទន្លេដែលត្រូវ តម្រៀបបាវខ្សាច់ដាក់ នៅពេលខាងមុខបានទេ។ ដោយអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ច្រាំងដែលនឹងប្រឈមបាក់នោះ។

ប្រធានមន្ទីរបានឳ្យដឹងទៀតថា ប៉ុន្តែយើងអាចបង្ហាញចំណុច ជើងច្រាំងទន្លេ ដែលត្រូវរៀបបាវខ្សាច់ គឺប្រឈម នឹងបាក់ច្រាំងខ្លាំងនៅត្រង់កន្លែងកំពង់រង់ចាំត្រង់កន្លែងការដ្ឋានច្រាំងទន្លេ កំពុងសាងសង់ បានជាង៥០ភាគរយ និងត្រង់កន្លែងអាងហែលទឹកដើមជ្រៃ ក្បែរខណ្ឌរដ្ឋបាលជលផលកំពង់ចាម។

លោកបានបន្តថា ចំណែកការបូមយកខ្សាច់ច្រកបាវមកដាក់ទប់ ច្រាំងទន្លេ កុំឳ្យបាក់បន្តទៀតនេះលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអនុញ្ញាតបូមយកខ្សាច់នៅខាងក្បាល កោះប៉ែន និងខាង ចុងកោះដាច់ ទល់មុខ វត្តជ្រោយថ្ម គឺស្ថិតក្រោមការត្រួតពិនិត្យឳ្យបានច្បាស់លាស់ពីលក្ខណ:បច្ចេកទេសរបស់ មន្រ្តីរ៉ែនិង ថាពល។

គួរបញ្ជាក់ថា ទឹកជន់ ទន្លេមេគង្គ ឆ្នាំ២០១៩ កន្លងទៅនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរគឺបណ្តាលឳ្យដី ច្រាំង ទន្លេមេគង្គរបស់ស្រុកក្រុងទាំងប្រាំមួយនៅជាប់ដងទន្លេមួយនេះបានបាក់ស្រុតបំផ្លាញអស់ចូលក្នុងទន្លេចម្ងាយ១៣គីឡូម៉ែត្រ។ ពិសេសបាត់បង់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋមាន ផ្លូវថ្នល់ ជាច្រើនម៉ែត្របាក់ចូលទៅក្នុងទន្លេអស់៕