ស្រះធម្មជាតិមុខរោងចក្រស្រាបៀរអង្គរ ខែត្រព្រះសីហនុ នឹងរលាយៗៗៗៗៗៗៗៗៗ រលុបបាត់ស្រមោល !

0
784

ស្រះធម្មជាតិមុខរោងចក្រស្រាបៀរអង្គរ ខែត្រព្រះសីហនុ នឹងរលាយៗៗៗៗៗៗៗៗៗ រលុបបាត់ស្រមោល !

ដោយ បាយ៉ង់ថែមស៍

ស្រះមុខរោងចក្រស្រាបៀរអង្គរ ខែត្រព្រះសីហនុ នឹងបាត់ស្រមោលកប់នៅក្រោមដី ដោយស្នាដៃចាស់ៗ ក្នុងទសវត្សរ៍១៩៩០ និង សហស្សវត្សរ៍២០១០ ។ ក្មេងជំនាន់ក្រោយលែងបានឃើញស្រះធម្មជាតិមុខ រោងចក្រស្រាបៀរអង្គរនេះទៀតហើយ និងប្រជាពលរដ្ឋក៏មិនអាចអាស្រ័យផលលើស្រះនេះតទៅទៀតដែរ ។ ប៉ុន្តែអ្វីដែលជាអកុសលនោះ គឺលោក យន្ត មីន អតីតអភិបាលខែត្រព្រះសីហនុ បានខិតខំធ្វើផែនការ ចេញជាគម្រោងរៀបចំធ្វើជាសួនច្បារសាធារណៈព័ទ្ធជុំវិញស្រះធម្មជាតិនេះសម្រាប់ប្រជាពលរដ្ឋដើរ ហាត់ប្រាណ ឬ អង្គុយលេងលំហែរកាយា ។ នាពេលឆាប់ៗខាងមុខនេះ វានឹងបាត់ស្រមោលហើយ !

ព្រៃ ភ្នំ អូរ ប្រឡាយ ព្រែក ស្ទឹង បឹង បឹងបួ ស្រះ ត្រពាំង ទន្លេ ឆ្នេរខ្សាច់ សមុទ្រ កោះ ។ល។ ជាសម្បត្តិសាធារណៈរបស់រដ្ឋ !

 

សាលាខែត្រព្រះសីហនុ គួរតែដាក់ពាក្យប្ដឹង ស្នើសុំនិរាករណ៍ប័ណ្ណកម្មសិទ្ធិទាំងឡាយណា ដែលមានភាពមិនប្រក្រតី ប៉ុន្តែផ្ទុយទៅវិញ លោក គួច ចំរើន អភិបាលខែត្រព្រះសីហនុ បែរជាបានចុះហត្ថលេខាយល់ព្រមឱ្យភាគីម្ចាស់ប័ណ្ណកម្មសិទ្ធិក្នុងស្រះទឹកឬបឹងបួធម្មជាតិ ឱ្យចាក់ដីលុបបឹងបួនោះទៅវិញ កាលពីថ្ងៃទី៣០ ខែកក្កដា ២០១៩ បន្ទាប់ពីលោកឡើងកាន់ដំណែងនៅថ្ងៃទី២៩ មិថុនា ២០១៩ ។ តើពលរដ្ឋខែត្រព្រះសីហនុសង្ឃឹមអ្វី ?

នេះយោងតាមការបញ្ចេញមតិយោបល់ របស់មន្ត្រីរាជការ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និង ប្រិយមិត្តក្នុងបណ្ដាញពត៌មានសង្គមហ្វេសប៊ុគ ។

ក្នុងប័ណ្ណកម្មសិទ្ធិ នៅស្រះទឹកឬបឹងបួធម្មជាតិនោះ ត្រូវគេសរសេរថា ដីចម្ការ ចេញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ ចុះហត្ថលេខាដោយ លោក លឹម វ៉ាន់ ប្រធាននាយកដ្ឋាន សុរិយាដី ស្តីទីនាពេលនោះ ។ និងលោក គួច ចំរើន ឡើងកាន់ដំណែងជាអភិបាលខែត្រព្រះសីហនុ មិនទាន់បានមួយខែស្រួលបួលផង ក៏ចុះហត្ថលេខាអនុញ្ញាតឱ្យភាគីម្ខាស់ប័ណ្ណចាក់ដីលុបស្រះទឹក ឬបឹងបួមួយជ្រុងភ្លាម ដែលមានទំហំ៦៧៦៩ ម៉ែត្រការ៉េ ។

នៅនឹងស្រះទឹក ឬបឹងបួធម្មជាតិនេះផងដែរ កាលពីថ្ងៃទី០៤ ធ្នូ ២០១៩ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខែត្រព្រះសីហនុ បានចេញប័ណ្ណកម្មសិទ្ធមួយថ្មីមួយទៀតឱ្យ​លោក ឡាយ ប៊ុនប៉ា និង លោកស្រី ឡាយ ឈុននី ដែលមានទំហំ ៦៧០១ ម៉ែត្រការ៉េ ។

លោក គួច ចំរើន អភិបាលខែត្រព្រះសីហនុ ដែលអ្នកសារពត៌មាន និង មន្រ្តីជាច្រើនចាត់ទុកថា លោករើសអើងនឹងអ្នកសារពត៌មាននោះ មិនអាចសុំការបញ្ជាក់ឬបំភ្លឺបានទេ ថាតើហេតុអ្វីលោកមិនប្ដឹងនិរាករណ៍ប័ណ្ណកម្មសិទ្ធិមិនប្រក្រតីចោល ម្ដេចចុះហត្ថលេខាយល់ព្រមឱ្យចាក់ដីលុបទៅវិញ ។

 

គួរបញ្ជាក់ថា បើពុំមានការទប់ស្កាត់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលទេ ស្រះឬបឹងបួធម្មជាតិមួយនេះ នឹងបាត់ស្រមោលស្ថិតនៅក្រោមដីទាំងអស់ ៕ តិល សាមុត