សម្បត្តិសាធារណៈរបស់រដ្ឋជាច្រើនកន្លែងក្នុងក្រុងនៃខែត្រព្រះសីហនុអាចនឹងរលាយៗៗៗ! ក្មេងៗជំនាន់ក្រោយនឹងលែងស្គាល់ឬចេញចូលបាន

0
487

ដោយៈ បាយ៉ង់ថែមស៍

ព្រះសីហនុៈ អាចនឹងរលាយៗៗៗ ! ព្រៃ ភ្នំ អូរ ព្រែក ស្ទឹង បឹង បឹងបួ ស្រះ ត្រពាំង ទន្លេ ឆ្នេរខ្សាច់ សមុទ្រ កោះ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានក្លាយជាកម្មសិទ្ធិឯកជន ដែលសាធារណជនទូទៅមិនអាចចេញចូល ប្រើប្រាស់ឬអាស្រ័យផលបានឡើយ នៅទីតាំងមួយចំនួន នាពេលបច្ចុប្បន្ននា ខែត្រព្រះសីហនុ ក្នុងនោះគេ ឃើញមាន ឆ្នេរសុខា ស្ទើរទាំងអស់ ស្រះមុខស្រាបៀរមួយផ្នែក។ នេះយោងតាមលិខិតបទដ្ឋានផ្សេងៗនិង កន្លែងជាក់ស្ដែង។

ប្រជាពលរដ្ឋនៅ ក្រុងនិង ខែត្រព្រះសីហនុ មានក្ដីសោមនស្សរីករាយក្រៃងលែង ពេលឃើញអភិបាល ខែត្រថ្មីសព្វថ្ងៃត្រូវបានតែងតាំងឱ្យមកស្ដារស្ថានភាពនៅព ក្រុងព្រះសីហនុ ដែលគេមើលឃើញថា មានភាពដុនដាប។ ប៉ុន្តែផ្ទុយទៅវិញមិនទាន់បានមួយខែផងលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ បច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋខកចិត្តអស់សង្ឃឹមឥតឧបមា ដែលលោកបានចុះហត្ថលេខាលើលិខិត អនុញ្ញាតឱ្យម្ខាស់ប័ណ្ណកម្មសិទ្ធិមួយកន្លែងចាក់ដីលុបបឹងបួជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលគេ មើលឃើញជាទូទៅថា ជាបឹងបួធម្មជាតិ ហើយត្រូវគេកាឡៃជាដីចម្ការ។ ស្រះឈូកប្រែក្លាយទៅជា  ចម្ការឈូកទៅវិញ។

ទីតាំងបឹងបួ ដែលគេចាក់ដីលុប និងមានការរិះគន់វាយប្រហារខាងលើថា ជាស្រះទឹក ឬជាបឹងបួធម្មជាតិ ដែលប្រជាពលរដ្ឋអាស្រ័យផល ឬជាអាងស្ដុកទឹកស្ថិតនៅក្នុង សង្កាត់លេខ១ (ឃ្លាំងលើទល់មុខឈៀងបន្តិច នៃរោងចក្រស្រាបៀរអង្គរ) ជាប់ផ្លូវជាតិលេខ៤ស្ថិតក្នុង ក្រុងនិង ខែត្រព្រះសីហនុ។ ទីតាំងបឹងបួ ដែលគេចាក់ ដីលុបនេះមានទំហំជិតកន្លះហិកតានៃទំហំទាំងមូលដែល អតីតអភិបាល ខែត្រព្រះសីហនុ លោក យន្ត មីន បានធ្វើផែនការចេញជាគម្រោងរៀបចំធ្វើជាសួនច្បារសាធារណៈព័ទ្ធជុំវិញសម្រាប់ប្រជាពលរដ្ឋដើរហាត់ ប្រាណឬអង្គុយលេងលំហែកាយ។

តើហេតុអ្វីមុននឹងលោកអភិបាលខែត្រ ចុះហត្ថលេខាលើលិខិតអនុញ្ញាតឱ្យគេចាក់ដីលុបបឹងបួនោះ ម្ដេចលោកមិន បង្កើតគណៈកម្មការចុះ អង្កេត ពិនិត្យជាមុនសិនថា តើទីតាំងនោះជាដីចម្ការមែន ឬជាបឹងបួធម្មជាតិ ? ឬមួយលោកមានអ្វីបិទបាំង ?

អភិបាល ខែត្រព្រះសីហនុ សព្វថ្ងៃលោក គួច ចំរើន ពុំមានប្រសាសន៍អ្វីបញ្ជាក់ពីមូលហេតុដែលលោកបានចុះ ហត្ថលេខា ឱ្យម្ចាស់ប័ណ្ណកម្មសិទ្ធិមួយកន្លែងខាងលើដែលគេយល់ថា ជាបឹងបួ សម្បត្តិសាធារណៈរបស់រដ្ឋ នោះទេតាម ប្រព័ន្ធតេឡេក្រាម ដែល បាយ៉ង់ថែមស៍ បានសុំការបំភ្លឺអះអាង។ ការចុះហត្ថលេខាយល់ព្រមឱ្យ  គេចាក់ដីលុបស្រះនេះ ប្រហែលព្រោះលោកសំអាង លើគេមានប័ណ្ណកម្មសិទ្ធិស្របច្បាប់លេខពន ០០៣៩៦២ (A1 0686) ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩៧។ លើសពីនេះលោកពុំមានអ្វីបកស្រាយឡើយ។

 

លោក សុខ សុខុម ប្រធានអង្គការ ស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា «ស៊ីអិនរ៉ូ (CNRO)» ប្រចាំ ខែត្រព្រះ សីហនុ មានប្រសាសន៍ថា​ រដ្ឋបាល ខែត្រព្រះសីហនុ គួរតែប្ដឹងស្នើសុំនិរាករណ៍ប័ណ្ណកម្មសិទ្ធិមិនប្រក្រតី ក្នុងបឹងបួធម្មជាតិ និងកន្លែងដទៃផ្សេងទៀតចោលមកដាក់ជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ។

គួររំលឹកថា សាលា ខែត្រព្រះសីហនុ គួរតែដាក់ពាក្យប្ដឹងស្នើសុំនិរាករណ៍ប័ណ្ណកម្មសិទ្ធិទាំងឡាយណាដែល មានភាពមិនប្រក្រតី។ ប៉ុន្តែផ្ទុយទៅវិញលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ បែរជាបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ យល់ព្រមឱ្យភាគីម្ចាស់ប័ណ្ណកម្មសិទ្ធិក្នុងស្រះទឹក ឬបឹងបួធម្មជាតិចាក់ដី លុបបឹងបួនោះទៅវិញ តើពលរដ្ឋសង្ឃឹមអ្វី ? និងក្នុងប័ណ្ណកម្មសិទ្ធិនៅនឹងស្រះទឹក ឬបឹងបួធម្មជាតិនោះត្រូវ គេសរសេរថា ជាដីចម្ការ ចេញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ ចុះហត្ថលេខាដោយលោក លឹម វ៉ាន់ ប្រធាន នាយកដ្ឋានសុរិយាដី ស្តីទីនាពេលនោះ៕ តិល សាមុត

23-08-19