រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋទំនាស់ដីធ្លី នៅតែមានការចាប់ចង

0
644

ខែត្រព្រះសីហនុ៖ សម្ដេចមានប្រសាសន៍ទើបបានមួយថ្ងៃ ប្រជាពលរដ្ឋ៧នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានសហការជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៥ មករា ២០២០ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនវិនិយោគ អេវើហ្គ្រីន ។

ក្នុងជំនួបសំណេះសំណាលលើកទី៤ រវាងសម្ដេចតេជោហ៊ុន សែន ជាមួយអ្នកសារពត៌មានក្នុងស្រុក សម្ដេចមានប្រសាសន៍ថា មិនត្រូវមានការចាប់ចងប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លីនោះទេ ។ ប៉ុន្តែការអនុវត្តន៍ចាប់ចងនៅតែមានជាហូរហែក្នុងទឹកដីខែត្រព្រះសីហនុ ។

ប្រធានអង្គការ ស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអិនរ៉ូ (CNRO) ប្រចាំខែត្រព្រះសីហនុ មានប្រសាសន៍លើកឡើងតាមប្រព័ន្ធតេឡេក្រាម កាលពីព្រឹកថ្ងៃទី១៦ មករា ២០២០ថា នៅខេត្តព្រះសីហនុយើងនេះ ពលរដ្ឋក្រីក្រត្រូវអាជ្ញាធរបណ្តេញចេញលឿនណាស់ ក្នុងរឿងទំនាស់ដីធ្លី ប៉ុន្តែបើអ្នកមានលុយមានអំណាចទៅរំលោភបំពានគេឯងវិញ មានតែជួយការពារថែម ។

លើសពីនេះលោកបន្ថែមថា ខ្ញុំយល់ឃើញបញ្ហារបស់ប្រជាពលរដ្ឋកំពុងមានបញ្ហាដីធ្លី លើដីសាធារណរបស់រដ្ឋ ព្រៃឈើ និង ធនធានធម្មជាតិ ព្រៃកោងកាង  មិនត្រូវបានគេលើកយកមកដោះស្រាយ និង មានវិធានការទប់ស្កាត់ តាមច្បាប់នោះទេ ដោយទុកឱ្យនៅទំនាស់រាំរ៉ៃ និងបាត់បង់ទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ ធនធានធម្មជាតិស្ទើរតែទាំងស្រុងទៅហើយ មានន័យថា អាជ្ញាធរមិនបានគោរពតាមថ្នាក់លើទេ ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ (Fresh News) http://m.freshnewsasia.com/index.php/en/localnews/145636-2020-01-15-09-00-36.html ថា កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយកម្លាំងចម្រុះ នៃរដ្ឋបាលស្រុកព្រៃនប់ ដែលដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ ចុះធ្វើការទប់ស្កាត់ និងរុះរើសំណង់ផ្ទះខ្ទមអនាធិបតេយ្យ ដែលសង់លើដីឧទ្យានជាតិព្រះសីហនុ (រាម) ត្រង់ចំណុចតាបិន ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលវិនិយោគឱ្យក្រុមហ៊ុនអេវើហ្គ្រីន ។

ក្នុងគេហទំព័រនេះ សរសេរទៀតថា នៅក្នុងប្រតិបត្តិការនេះ ក្រុមអនាធិបតេយ្យទាំងនោះ បានប្រើអំពើហិង្សាមកលើក្រុមកាងារ ដោយប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ចំពាមកៅស៊ូ និងដបសាំង វាយ កាប់ និងគប់បណ្តាលឱ្យនគរបាល រងរបួសម្នាក់ឈ្មោះ នី សារ៉ាត់ ជានាយប៉ុស្តិ៍ទួលទទឹង, មន្រ្តីអាវុធហត្ថរងរបួសម្នាក់ឈ្មោះរឿង សុខជា ជាសមាជិកកងអន្តរាគមន៍ពិសេស អាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងប្រជាការពារឃុំរងបួសម្នាក់ឈ្មោះ លន់ សារិទ្ធ។

ភ្លាមៗ កម្លាំងនគរបាល នៃស្នងការខេត្តបានឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៧នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សៅ សេង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិទួលរការ ឃុំទួលរការ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ លី សារឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
*ទី៣៖ ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តពកំពង់ធំ
*ទី៤៖ ឈ្មោះ ដន លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិផ្តើម ឃុំសាមខួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
*ទី៥៖ ឈ្មោះ ទឹម ឯម ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិព្រៃកន្សា ឃុំចារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី៦៖ ឈ្មោះ ទូច សុខា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិទួលរការ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី៧៖ ឈ្មោះ លឹម សំបូរ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្មាក់ មាក់ចំនារលើ ស្រុកស្ទោង ខេត្តពកំពង់ធំ ។

ផ្ទុយទៅវិញ លោក ស៊ុន សុផាត តំណាងសហគមន៍ សេអ៊ី៥ លើកឡើងថា ធម្មតាប្រជាពលរដ្ឋពុំដែលហ៊ានបើកការវាយប្រហារទៅលើសមត្ថកិច្ចប្រដាប់ដោយអាវុធនោះទេ ប៉ុន្តែក្នុងរឿងនេះ គឺសមត្ថកិច្ចបានឡើងលើផ្ទះប្រជាពលរដ្ឋ រុញឱ្យពួកគាត់ចុះចេញ អ្នកជិតខាងពួកគាត់ឃើញដូច្នេះក៏នាំគ្នាជួយ ហើយមានការប្រតាយប្រតប់ គប់គ្រឿងចក្រដូចក្នុងរូបវីដេអូទៅ លោក សុផាត បានបញ្ចប់ ៕ តិល សាមុត