សិក្ខាសាលារៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង២:០០ រសៀលនៅទីស្តីការ ក.ប.ទ. ក្រោមអធិបតី ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ ក.ប.ទ. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន សមាគមតាមវិស័យ គ្រឹះស្ថានឯកជន ធុរកិច្ចថ្មី គ្រឹះស្ថានសិក្សានិងអប់រំ ហើយអង្គការសង្គមស៊ីវិល សរុបប្រមាណ១២០នាក់។
គោលបំណង នៃសិក្ខាសាលាគឺ ប្រមូលធាតុចូលលើ សេចក្តីព្រាងមគ្គទេសក៍ បន្ថែមនេះជំរុញការប្រាស្រ័យទាក់ទងជាផ្លូវការរវាង តួអង្គអភិបាលកិច្ចបញ្ញាសិប្បនិមិត្ត វិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងសង្គមស៊ីវិល តម្រែតម្រង់ការរចនា ការអភិវឌ្ឍន៍ និងការដាក់ឱ្យប្រើបញ្ញាសិប្បនិមិត្តបង្កើតមាតិកានៅ អាស៊ាន ឱ្យមានសីលធម៌ និងការទទួលខុសត្រូវ និងដើម្បីលើកកម្ពស់កិច្ចសហការគ្នាលើ អភិបាលកិច្ចបញ្ញាសិប្បនិមិត្តក្នុងតំបន់ស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិមិត្តរបស់ ឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) ចំណុះឱ្យ រដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។
អង្គសិក្ខាសាលា បានចាប់ផ្តើមដោយ ទី១.មតិស្វាគមន៍របស់ ឯកឧត្តម រដ្ឋលេខាធិការ ខូវ មករា។ ទី២. បទបង្ហាញរបស់ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃ ក.ប.ទ។ ទី៣. បទបង្ហាញរបស់លោកបណ្ឌិត អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថល នៃគណៈកម្មាធិការរដ្ឋា ភិបាលឌីជីថល (គ.រ.ឌ.) និងទី៤. កិច្ចពិភាក្សារបស់អង្គសិក្ខាសាលា។
នៅក្នុងសេចក្តីព្រាងមគ្គទេសក៍ បន្ថែមរបស់អាស៊ាននោះមាន លើកឡើងអំពីគោលគំនិត និងនិយមន័យពាក់ព័ន្ធបញ្ញាសិប្បនិមិត្ត ហានិភ័យនានាដូចជា គុណភាព សន្តិសុខ ការការពារទិន្នន័យ ឯកជនភាព តម្លាភាព គណនេយ្យភាព កម្មសិទ្ធិបញ្ញា ការអភិវឌ្ឍន៍ ការប្រើប្រាស់ និងការរាយការណ៍អំពីបញ្ហានានា និងបានផ្តល់ការណែនាំអំពីគោលនយោបាយសម្រាប់ការគ្រប់គ្រងលើបញ្ញាសិប្បនិមិត្ត ជាពិសេស បញ្ញាសិប្បនិមិត្តបង្កើតមាតិកា។
ការណែនាំនៅក្នុងគោលនយោបាយនោះមាន១៧ចំណុច ដែលចែកជា៤ផ្នែកគឺ ទី១. ការចែករំលែកចំណេះដឹង និងការសម្របសម្រួលក្នុងតំបន់។ ទី២. ក្របខ័ណ្ឌអភិបាលកិច្ចបន្ថែមសម្រាប់បញ្ញាសិប្បនិមិត្តអាស៊ាន។ ទី៣. ស្តង់ដារ និងក្របខណ្ឌនៃការធ្វើតេស្តក្នុងតំបន់ និងទី៤. អនុសាសន៍សម្រាប់គោលនយោបាយជាតិ។
នៅក្នុងកិច្ចពិភាក្សាសិក្ខាកាម បានលើកឡើងអំពីបញ្ហាច្បាប់ថា តើកម្ពុជាគួរមានច្បាប់ស្តីពី បញ្ញាសិប្បនិមិត្តដែរឬទេ ? ហើយតើច្បាប់អាចរារាំងនវានុវត្តន៍ក្នុងវិស័យនេះដែរឬទេ? សិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញា ដែលបង្កើតចេញពីបញ្ញាសិប្បនិមិត្តថា តើយើងគួរគ្រប់គ្រងវាយ៉ាងម៉េច ? ការប្រើប្រាស់បច្ចេកវិទ្យា និងការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាបញ្ញាសិប្បនិមិត្ត គួរពិចារណាបញ្ចូលទាំងផ្នែកសន្តិសុខជាតិផងដែរ។
ក្រុមការងារបច្ចេកទេសរបស់ ក.ប.ទ. បានឆ្លើយ និងពន្យល់យ៉ាងក្បោះក្បាយលើបញ្ហានេះ ដោយលើកឡើងអំពីខ្លឹមសារនៅក្នុងសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិមិត្ត សម្រាប់បញ្ញាសិប្បនិមិត្តបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” និងបរិបទអាស៊ានការអនុវត្តរបស់សហភាពអ៊ឺរុប (EU) ដែល EU ក៍មានច្បាប់គ្រប់គ្រងវិស័យនេះដែរ និងការអនុវត្តរបស់ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។
ចំណែក ឯកឧត្តម នាង ម៉ៅ បានលើកឡើងថា អាស៊ានជាទូទៅផ្តោតលើការរៀបចំ និងអនុវត្តក្របខណ្ឌគោល នយោបាយបច្ចេកទេស និងស្តង់ដារ នានាសម្រាប់វិស័យពាក់ព័ន្ធនីមួយៗ។ ចំពោះផ្នែកច្បាប់អាស៊ានគួរតែគិតគូរ និងរៀបចំជាគោលការសម្រាប់រដ្ឋសមាជិកនីមួយប្រើប្រាស់ ជាគោលក្នុងការរៀបចំច្បាប់របស់ខ្លួន។
ឯកឧត្តម រដ្ឋលេខាធិការ ទេសចរ មិនអាចសន្មតថា ច្បាប់រារាំងដល់នវានុវត្តន៍ទេ។ ពីព្រោះវាអាស្រ័យលើខ្លឹមសារដែលយើងរៀបចំក្នុងច្បាប់នោះ។ យើងអាចរៀបចំច្បាប់ដើម្បីជំរុញ និងលើកកម្ពស់នវានុវត្តន៍ និងទប់ស្កាត់ ហានិភ័យឬផលប៉ះពាល់អវិជ្ជមាននានាបាន ហើយកម្ពុជាគួរចាប់ផ្តើមពិចារណាលើការងារនេះផងដែរ។
ចំពោះសិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញា ដែលបង្កើតចេញពី បញ្ញាសិប្បនិមិត្ត ឯកឧត្តម បន្តទៀតថា យើងគួរសិក្សាអំពីផលប្រយោជន៍ និងផលប៉ះពាល់អវិជ្ជមានលើការងារនេះ ហើយគួរសិក្សាពីបទពិសោធរបស់បណ្តារដ្ឋនានានៅក្នុងតំបន់ និងនៅលើពិភលោកដែរ។
បច្ចុប្បន្ននេះ អាស៊ាន ធ្វើការទៅតាមផ្នែក និងសហគមន៍ (សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌) ហើយអ្វីដែលយើងកំពុងសិក្សានេះស្ថិតនៅក្នុង សហគមន៍សេដ្ឋកិច្ច។ ចំពោះបញ្ហាសន្តិសុខជាតិគឺស្ថិតនៅក្នុង សហគមន៍សន្តិសុខ-នយោបាយ។
យើងអាចសិក្សាបញ្ចូលគ្នាគ្រប់ករណីបាននៅពេលដែលយើងមានក្រុមការងារ ឬ គណៈកម្មាធិការចម្រុះសហគមន៍
(Cross-Community Working Group or Committee)។
សូមបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ជាបច្ចេកវិទ្យាព័ត៌មាន ដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើអេអាយ ( AI ) កាន់តែខ្លាំងដោយសារការរីកដុះដាល នៃបញ្ញាសិប្បនិមិត្តបង្កើតមាតិកា (Generative AI ឬ Gen AI)៕