ម្ចាស់បទ«ជិះដំរីលេងនឹងបង»លោក ឆៃ ឆាយ៉ា បានទទួលមរណភាពក្នុងជន្មាយុ៧២ឆ្នាំ

0
245

ដោយៈ អធិបតី
ភ្នំពេញៈ សិល្បករជើងចាស់ដ៏ល្បីល្បាញពហុជំនាញម្ចាស់បទ« ជិះដំរីលេងនឹងបង » លោក ប៉ា សុធី ហៅ ឆៃ ឆាយ៉ា បានទទួលមរណភាពក្នុងជន្មាយុ៧២ឆ្នាំដោយសារ «ជំងឺមហារីកលំពែង» នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅ មន្ទីរពេទ្យព្រះកេតុមាលា ខាងជើងវត្តភ្នំ ខណ្ឌដូនពេញ។

កូនប្រុសស្រីមកពីអាម៉េរិក និងក្មួយៗរស់នៅ រាជធានីភ្នំពេញ បាននាំគ្នាធ្វើពិធីបូជាសពលោក ប៉ា សុធី នៅវត្តទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ លោកបានវិលត្រឡប់ពីអាម៉េរិកមករស់នៅស្រុកខ្មែរតាំងពី ឆ្នាំ១៩៩៧ មកម្ល៉េះជាមួយភាពស្ងប់ស្ងៀម។ លោកបានស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយមាន ស្ទូឌីយោ និងឧបករណ៍សម្ភារភ្លេងយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលយកពី អាម៉េរិក ដោយបានចំណាយថវិកាបង់ពន្ធគយអស់រាប់ម៉ឺនដុល្លារ។

ព្រះអគ្គិបានឆក់យករូបរាងកាយ វីរសិល្បករដ៏ល្បីល្បាញនៃយើងក្នុងអំឡុង ឆ្នាំ១៩៨០ និង ឆ្នាំ១៩៩០ ដែលជាធន ធានមនុស្សដ៏កម្រ ដែលមានសាច់ញាតិចូលរួមដ៏តិចតួចបំផុត ហើយមានតែតារាចម្រៀងវ័យក្មេងម្នាក់គត់គឺលោក ដួង វីរសិទ្ធ ដែលបានមកជូនដំណើរលោកគ្រូបង្ហាត់ផ្នែកនិពន្ធបទចម្រៀងរបស់គេ​។

លោក ប៉ា សុធី ជាសិល្បករពហុជំនាញធ្លាប់រស់នៅ ប្រទេសបារាំង និងអាម៉េរិក ដូចជា និពន្ធបទច្រៀង លេងឧបករណ៍ភ្លេងបានគ្រប់ប្រភេទ និងច្រៀងបានយ៉ាងពីរោះរណ្ដំថែមទៀតផង។ អ្វីដែលមហាជនមិនអាចបំភ្លេចបាននោះគឺលោកលេងហ្គីតាយ៉ាងស្ទាត់ជំនាញ។ យើងពិតជាមានការសោកស្ដាយជាខ្លាំងដែលបាត់បង់ធនធានមនុស្សដ៏ល្អកម្រមាននេះ។

យោងតាមប្រវត្តិរូបសង្ខេបរបស់លោក ប៉ា សុធី ដែលគេអានមុននឹងបូជាគាត់បញ្ជាក់ថា លោក ប៉ា សុធី បានប្រសូត្រនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៦ (១៩៥២) នៅក្នុង សង្កាត់ទំនប់រលក ក្រុងព្រះសីហនុ។ លោកអនិច្ចកម្មនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ជន្មាយុ៦៨ឆ្នាំក្នុងបញ្ជីជាតិ តែអាយុពិត៧២ឆ្នាំដោយ «ជំងឺមហារីកលំពែង»។

តារាចម្រៀងជើងចាស់រូបនេះមានឈ្មោះពិតប្រាកដថា ប៉ា សុធី ធ្លាប់ជានិស្សិត នៃសាកលវិទ្យាល័យតិចណូ ដោយ សារស្រុកខ្មែរកើតសង្គ្រាមលោកក៍បានផ្អាកការសិក្សានៅត្រឹមឆ្នាំទី២។ លោកជាអ្នកចម្រៀងដែលមានចំណេះដឹង ពហុជំនាញឬច្រើនមុខដូចជា វិស្វករគ្រឿងយន្ត វិស្វករសោនស្ទូឌីយោ ជំនាញកាត់តសំឡេងខ្សែកាស្សែត ដើម្បី ថយចម្លងនៅ ឌីស (នៅបារាំង) ជំនាញធ្វើស្ពតពាណិជ្ជកម្ម ជំនាញអាយធី ( IT )។ កាលគាត់រស់នៅអាម៉េរិក ជាអ្នកនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង ជាតន្ត្រីករ ជាអ្នកសម្រួលតន្ត្រី និងជាអ្នកចម្រៀងដែលមានសំឡេងពីរោះរណ្ដំថែមទៀតផង។

លោក ប៉ា សុធី មានឈ្មោះមួយទៀតនៅក្នុងសិល្បៈគឺ ឆៃ ឆាយ៉ា។ លោកមានស្នាដៃទាំងច្រៀង ទាំងលេងភ្លេង និងផលិតបទចម្រៀងមានបទ «ជិះដំរីលេងនឹងបង នារីសិចស៊ី រាត្រីរនោច មួយរាត្រីនឹកតែអូន យល់សប្ដិ ក្មេងឃ្លាលគោ ទឹកហូរ កាត់ចិត្តទាំងអាល័យ…»។ល។ បទចម្រៀងទាំងនេះថតនៅក្នុង ស្ទូឌីយោ របស់លោកផ្ទាល់នៅ បារាំង ហើយចេញផ្សាយនៅក្នុង ឆ្នាំ១៩៨០។ អ្វីដែលកាន់តែអស្ចារ្យនោះលោកចេះលេងភ្លេងតាំងពីជំនាន់ទសវត្សរ៍ ឆ្នាំ១៩៧០ មកម្ល៉េះ។ ដោយលោកបានយកពេលវេលាជាហូរហែរនៅជាប់ជាមួយនឹងកវីជើងចាស់ ពៅ ស៊ីថូ ដែលជាគ្រូបង្ហាត់ផ្នែកនិពន្ធបទចម្រៀង។ រាល់បទចម្រៀងរបស់គាត់គ្រាន់តែឮសូរធ្វើឱ្យ មនុស្សសប្បាយ ចង់ច្រៀង និងចង់រាំលេងកម្សាន្ត។

នៅក្នុង ឆ្នាំ១៩៨៣ លោក ឆៃ ឆាយ៉ា បានចេញចូល បារាំង និង អាម៉េរិក ជាញឹកញាប់គឺ៦ខែនៅ បារាំង និង៦ ខែនៅ អាម៉េរិក។ លោកបានបង្កើត ស្ទូឌីយោ មួយទៀតនៅ អាម៉េរិក ក្រោយមកក៍បានជួបជាមួយនារីម្នាក់ឈ្មោះ ស៊ូហ្សី លីម នៅ ឆ្នាំ១៩៨៤ បន្តមករហូតដល់ ឆ្នាំ១៩៨៥ ក៍បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅ អាម៉េរិក ដោយមានដំណក់ឈាមរួមគ្នាចំនួនបីនាក់ គឺស្រីពីរនាក់ និងប្រុសម្នាក់ រស់នៅ អាម៉េរិក សព្វថ្ងៃ។ ក្នុងគ្រានោះហើយលោកក៍បានបង្កើត ក្រុមតន្ត្រីនៅ អាម៉េរិក មួយវង់ទៀត។ ក្រុមតន្ត្រីរបស់លោកពិតជាមានភាពល្បីល្បាញខ្លាំងណាស់ក្នុងការប្រគុំនៅ សាលធំៗ ទន្ទឹមគ្នានោះដែរលោកធ្វើភ្លេង និងបង្ហាត់ច្រៀងបន្ថែមទៀតដល់លោក កែវ សារ៉ាត់ ម្ចាស់បទ ស្រណោះដីខ្មែរ និងពិសាខដើមឆ្នាំភាគច្រើន និងអ្នកផ្សេងទៀតច្រៀងនៅក្នុងផលិតកម្មមួយចំនួនលើទឹកដី អាម៉េរិក។

អ្វីដែលកាន់តែអស្ចារ្យនោះលោក ឆៃ ឆាយ៉ា ធ្វើភ្លេងលក់ឱ្យចិនរាប់រយបទ ថៃយ៉ៃ និងឡាវ។ លោកក៍បាននិពន្ធ បទចម្រៀងឱ្យលោក កែវ សារ៉ាត់ ច្រៀងដូចជាបទ « អញ្ជើញឡើងរាំកម្សាន្ត ស្វាយគោកនិមិត្ត… » និងធ្វើភ្លេងឱ្យលោក កែវសារ៉ាត់ ក៍ច្រើនបទដែរ។

នៅ ឆ្នាំ១៩៩២ លោក ឆៃ ឆាយ៉ា បានឈានជើងចូលទឹកដីកម្ពុជាកំណើតរបស់ខ្លួនវិញដើម្បីស្វែងរកឪពុកម្ដាយ និងសាច់ញាតិ។ ខណៈនោះលោកក៍បានចេញចូលស្រុកខ្មែរញឹកញាប់ ហើយក៍បានសម្រេចចិត្តមករស់នៅទឹកដីកំណើរវិញនៅ ឆ្នាំ១៩៩៧ រហូតបច្ចុប្បន្ន។

នៅក្នុងអំឡុងពេលរស់នៅស្រុកខ្មែរតារាចម្រៀងជើងចាស់ពហុជំនាញនៃយើងក៍បានបង្កើត ស្ទូឌីយោ ថ្មីមួយទៀតនៅជិតវិមានឯករាជ្យ សម្រាប់ថតចម្រៀងជូនតារាចម្រៀងនៅក្នុងស្រុកខ្មែរជាច្រើនរូប និងធ្វើស្ពតពាណិជ្ជកម្ម ឱ្យទូរទស្សន៍ក្នុងស្រុក និងបណ្ដាក្រុមហ៊ុនជាច្រើនសន្ធឹកសន្ធាប់។

បទចម្រៀងចុងក្រោយដែលលោក ឆៃ ឆាយ៉ា បានច្រៀងថតនៅស្រុកខ្មែរមានដូចជាបទ «រន្ទះដួងចិត្ត» បែប មនោសញ្ចេតនា គឺជាបទចម្រៀងចុងក្រោយបង្អាស់។ ចំណែកបទចម្រៀង «កូឡាបមួយទង» លោកថតបានពាក់កណ្ដាលហើយក៍ត្រូវបាត់បង់។ ជាកិច្ចចុងក្រោយ នៃវីរសិល្បករខ្មែរដ៏ល្បីល្បាញនៃយើង សូមបួងវត្ថុស័ក្ដិសិទ្ធិក្នុងលោកសូមឱ្យវិញ្ញាណក្ខន្ធលោក ប៉ា សុធី ហៅ ឆៃ ឆាយ៉ា បដិសន្ធិក្នុងទីឋានដ៏ខ្ពង់ខ្ពស់បំផុតកុំបីខានឡើយ៕