ចាប់ខ្លួនលោក គុយ វ៉ាត ម្ចាស់ហាងផាកកាហ្វេរឿងសែកស្អុយនិងបទឆបោកលុយរាប់លានដុល្លារ

0
108

ដោយៈ អធិបតី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ថា កម្លាំងសមត្ថ កិច្ចនគរបាល ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ បានចាប់ខ្លួនលោក​ គុយ​ វ៉ាត​ ម្ចាស់ហាងផាកកាហ្វេ ( Park Coffee ) ដ៏ល្បីល្បាញពាក់ព័ន្ធនឹងករណីចេញសែកគ្មានទឹកប្រាក់ និងបទឆបោកលុយរាប់លានដុល្លារអាម៉េរិក​។ ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

មូលហេតុនៃការចាប់ខ្លួនលោក គុយ វ៉ាត គឺបន្ទាប់ពីមានជនរងគ្រោះជាច្រើននាក់បានដាក់​ពាក្យ​​ប្ដឹង​រូបគាត់។ លោក គុយ វ៉ាត ជាអគ្គនាយកក្រុមហ៊ុន VTrust Group ចាប់ផ្តើមធ្វើអាជីវកម្មនៅក្នុង ឆ្នាំ២០០៣។ ក្រុមហ៊ុនដំបូងដែលលោកបើកដំណើរការនោះគឺ ក្រុមហ៊ុន Atech IT Solutions បន្ទាប់មកមាន ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុនអចលនទ្រព្យ VTrust Property Co.,Ltd ,រោងម៉ាស៊ីនកិនថ្ម ស្ថិតនៅ ខែត្រកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។

នៅក្នុង ឆ្នាំ២០០៨ លោក គុយ វ៉ាត បើកក្រុមហ៊ុនចំនួនពីរបន្ថែមទៀតគឺមាន ក្រុមហ៊ុន Impact Digital Advertising និងក្រុមហ៊ុន Phnom Penh Security Plc។

ដោយមើលការផ្សព្វផ្សាយព័ត៌មាន គោរមងារ «ឧកញ៉ា» ខុសការពិតជាច្រើនតៗគ្នា សមាគមឧកញ៉ាកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន ផ្លូវការមួយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ថា « លោក គុយ វ៉ាត មិនមែនមានគោរមងារជា «ឧកញ៉ា» ដូចការផ្សព្វផ្សាយនៅតាមបណ្ដាញសារព័ត៌មានមួយចំនួននោះឡើយ »។

ក្នុងនាមជាស្ថាប័នតំណាងឱ្យគោរមវន្ត «ឧកញ៉ា» ទាំងអស់នៅ ព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ចំពោះការផ្សព្វផ្សាយ និងសូមគោរពសិទ្ធិក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាំងអស់។ ប៉ុន្តែគួរតែស្ថិតក្នុង ក្រមសីលធម៌វិជ្ជាជីវៈឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវ។ នៅពេលមានចម្ងល់អ្វីទាក់ទងនឹងគោរមងារ «ឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានដាក់លេខទូរស័ព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការ។

ទាក់ទងនឹងការចាប់ខ្លួនលោក គុយ វ៉ាត នេះដែរ ដឺកន្ថិាសូ ដែលមានស្រុកកំណើរ ក្រុងព្រះសីហនុ សព្វថ្ងៃរស់នៅ សហរដ្ឋអាម៉េរិក បានសរសេរនៅលើទំព័រផេកហ្វេសប៊ុក របស់ខ្លួនថា ពេលនេះលោក គុយ វ៉ាត ដែលជាមេក្លោងនៃក្រុមហ៊ុនស៊ីអាយស៊ី (CIC) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។ សូមអរគុណដល់ រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើសកម្មភាពដើម្បីផ្ដល់ទំនុកចិត្តដល់ ប្រជាជនឱ្យមានឡើងមកវិញ។ ខ្ញុំបានស្នើសុំបែបនេះ ជាច្រើនខែមកហើយថ្ងៃស្អែកត្រូវជាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខ្ញុំនឹងធ្វើវីដេអូអំពីរឿងនេះ ! សូម​បងប្អូនកុំភ្លេចមកទស្សនា ! សូមអរគុណ។

គួរបញ្ជាក់ថា គេពុំទាន់ដឹងថា តើជនរងគ្រោះពីរករណីខាងលើនោះមានមនុស្សរងគ្រោះចំនួនប៉ុន្មាននាក់នោះទេ ? រីឯទំហំទឹកប្រាក់ពិតប្រាកដក៍ពុំទាន់ដឹងនោះដែរ។ ដូច្នេះមានតែរង់ចាំតាមដានចំណាត់ការរបស់ តុលាការ តែប៉ុណ្ណោះ៕