ការវាស់វែងដីធ្លីធ្វើប្លង់លក្ខណៈជាប្រព័ន្ធនៅស្រុកជីក្រែងពលរដ្ឋបង្ខំចិត្តត្រូវចំណាយលុយយ៉ាងតិច៥ម៉ឺនរៀលក្នុង១ប្លង់ដី

0
147

ដោយៈ បាយ៉ង់
សៀមរាប: ប្រជាពលរដ្ឋរស់នៅ ភូមិបាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខែត្រសៀមរាប បាននាំគ្នាត្អូញត្អែរថា ពួកគាត់បង្ខំចិត្តត្រូវចំណាយលុយអស់យ៉ាងតិច៥ម៉ឺនរៀលក្នុង១ប្លង់ដី និងជាមួយគ្នានោះដែរប្រជាពលរដ្ឋខ្លះត្រូវចំណាយថវិកាអស់ចាប់ពី២០ម៉ឺនរៀលទៅ៦០ម៉ឺនរៀលក្នុងមួយគ្រួសារបូករួមទាំងថ្លៃរត់ការផ្សេងៗ និងថ្លៃសេវាផ្តិតមេដៃនៅលើឯកសារដកបង្កាន់ដៃ។ នេះបើទោះជាមន្ត្រីនៃការិយាល័យរៀបចំដែនដីនគរូបណីកម្ម សំណង់ និងភូមិបាល ស្រុកជីក្រែង មិនបានកំណត់ឬបង្គាប់បញ្ជាឱ្យប្រជាពលរដ្ឋបង់លុយថ្លៃធ្វើឯកសារឬថ្លៃសេវាក៍ដោយ។

អំឡុងពេលយុទ្ធនាការចុះវាស់វែងដីធ្លីធ្វើប្លង់លក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋទូទាំងប្រទេស មន្រ្តីនៃការិយាល័យរៀបចំដែនដីនគរូបណីកម្ម សំណង់ និងភូមិបាល ស្រុកជីក្រែង បានចុះវាស់វែងដីធ្លីធ្វើប្លង់លក្ខណៈជាប្រព័ន្ធជូនពលរដ្ឋដោយមិនមានការបង់ប្រាក់អ្វីទេ។ ប៉ុន្តែបងប្អូនពលរដ្ឋដែលមានលទ្ធភាពចេះតែនាំគ្នាឧបត្ថម្ភលុយកាក់បន្តិចបន្តួចជូនមន្រ្តីអនុវត្តការងារវាស់វែងធ្វើប្លង់ដីជាប្រព័ន្ធ។ ហេតុដូច្នេះហើយម្នាក់ៗឃើញអ្នកឯទៀតនាំគ្នា ហុចលុយជូនក្រុមការងារក្នុងន័យមនោសញ្ចេតនាក៍ចេះតែនាំគ្នាហុចលុយដូចគេដែរអីចឹងទៅបើទោះជាគ្រួសារខ្លួនខ្សត់ខ្សោយយ៉ាងណាក៍ប្រឹងតាមគេបង្ខំចិត្តឧបត្ថម្ភដែរទៅ សរុបនៃការហុចលុយលិចកើតជើងត្បូងអស់៥ ម៉ឺនរៀលយ៉ាងតិចក្នុងមួយក្បាលដី។ ប៉ុន្តែការពិត រាជរដ្ឋាភិបាល អាណត្តិទី៧ នៃក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានដាក់ផែនការ និងអនុវត្តន៍ការចុះវាស់វែងដីជូនពលរដ្ឋលក្ខណៈជាប្រព័ន្ធនៅទូទាំង ប្រទេសនេះមិនមានការតម្រូវឱ្យបង់ប្រាក់អ្វីឡើយ។ ដូច្នេះការចំណាយលុយខាងលើជាទឹកចិត្តចេញពីពលរដ្ឋខ្លួនគាត់។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបណីកម្ម សំណង់ និងសុរិយោដី ខែត្រសៀមរាប បានឱ្យ បាយ៉ង់ ថាមស៍ ដឹងតាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានពីរចំណុចសំខាន់ថា« ទី១-មិនមានគោលការណ៍ណាតម្រូវឱ្យពួកគាត់ប្រជាពលរដ្ឋបង់សេវា៥ម៉ឺនរៀលនោះទេ។ ទី២-នៅពេលម្ចាស់កម្មសិទ្ធិករបើកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ត្រូវបង់កម្រៃសេវាជូនរដ្ឋតាមទំហំផ្ទៃដី ហើយមានបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវ»។

ទាក់ទងទៅនឹងករណីនេះលោក សោម អង ប្រធានក្រុមការងារចុះវាស់វែងដីធ្លីនៅ ស្រុកជីក្រែង កាលពីដើម ខែកក្កដា ឆ្នាំ២០២៤ បានប្រាប់អង្គភាពយើងតាមប្រព័ន្ធទូរស័ព្ទថា បើចុះបញ្ជីក្បាលដីធម្មតាមិនបានយកប្រាក់ទេ តែបើក្បាលដីណាដែលត្រូវបង់ពន្ធទើបត្រូវបានគេយកប្រាក់។

រីឯលោក ម៉ី ស៊ង មេភូមិបាតត ឃុំគោកធ្លកក្រោម លើកឡើងថា « ធ្វើម៉េចបើគេយកតែអីចឹង (យកលុយ) គ្រប់តែគ្នា…។ តែគេយកលុយត្រឹមអាយុ៥២ឆ្នាំចុះក្រោម ចំណែកអ្នកមានអាយុ៥៣ឆ្នាំឡើងទៅគេមិនយកលុយទេ។ ដោយឡែករឿងបង្កាន់ដៃបង់លុយចូលរដ្ឋវិញពលរដ្ឋអត់ដែលបានទទួលទេ»។

លោកយាយ ហុង គា អាយុ៦៨ឆ្នាំរស់នៅ ភូមិបាតត ឃុំគោកធ្លកក្រោម បានប្រាប់ បាយ៉ង់ថាមស៍ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ថា ” អ្នកសរសេរក្រដាសបំពេញក្បាលដីមួយច្បាប់គេយកលុយគាត់១ម៉ឺនរៀល”។ លោកយាយមានក្បាលដី១១ប្លង់ត្រូវអស់ថវិកាចំនួន១១ម៉ឺនរៀលតែគាត់ឲ្យលុយទៅគេអស់តែ៥ម៉ឺនរៀលទេ។ គាត់ក៍បានសួរទៅក្រុមការងារសរសេរឯកសារនោះថា តើលោកជាមន្ត្រីស៊ីប្រាក់ខែរាជការ ឬស៊ីឈ្នួលសរសេរឯកសារ ? អ្នកសរសេរបំពេញបែបបទនោះឆ្លើយថា « ខ្ញុំជាអ្នកស៊ីឈ្នួលសរសេលិខិតបំពេញបែបបទមិនមែនជាមន្ត្រីនោះទេ »។

ប្រជាពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី វណ្ណ ចន្នី រស់នៅ ភូមិបាតត ឃុំគោកធ្លកក្រោម លើកឡើងថា គាត់បានចំ ណាយលុយអស់៥០,០០០ (ប្រាំម៉ឺន) រៀលដែរបើទោះជាមានដីត្រឹមក្បាល៥ម៉ែត្រក៍អស់លុយ៥ម៉ឺនរៀលដែរ ។ បើពលរដ្ឋណាអត់ឱ្យលុយគេសម្ដែងអារម្មណ៍មិនសប្បាយចិត្ត…។

អ្នកនាង ភិន ស្រីម៉េង អាយុ២១ឆ្នាំរស់នៅ ភូមិនិងឃុំខាងលើ ជាកម្មការនីបម្រើការនៅរោងចក្រមួយកន្លែង ក្នុងខែត្រកំពង់ស្ពឺត្អូញត្អែរថា ការងាររត់ឯកសារ បំពេញបែបបទចុះបញ្ជីដីធ្លីនេះមានការលំបាកសម្រាប់អ្នកនាង ហើយសាំញ៉ាំច្រើនមន្ត្រីមិនបានប្រាប់ឲ្យបានច្បាស់លាស់ចំពោះឯកសារអ្វីនោះទេគឺម្តងខុសនេះម្តងខុសនោះរកឯកសារគ្រប់ហើយបែរជាខ្វះក្រដាសសរសេរផ្តិតមេដៃទៀត។ អ្នកនាងសំណូមពរដល់ មន្ត្រីភូមិបាល និងសុរិយោដី ស្រុកជីក្រែង មេត្តាជួយពន្លឿនការងារចុះបញ្ជីដីធ្លីជូនពួកគាត់ឱ្យលឿនផង។

ចំណែកអ្នកស្រី វ៉ាន់ ថេត រស់នៅភូមិឃុំខាងលើក៍បានត្អូញត្អែរថា គាត់បានចំណាយប្រាក់អស់១០ម៉ឺនរៀលក្នុងពីរបង្កាន់ដៃក្បាលដី។ គ្រួសារគាត់មានបងប្អូនច្រើន បើ១ក្បាលដីត្រូវចំណាយអស់៥ម៉ឺនរៀល ដូច្នេះគ្រួសារពួកគាត់ត្រូវអស់លុយជិត១លានរៀលបូករួមទាំងថ្លៃរត់ការផ្សេងៗខណៈពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះគឺពិបាករកលុយខ្លាំងណាស់។

គួររំឭកថា ការចុះបញ្ជីដីធ្លីមានបែបបទឯកសារស្មុគស្មាញច្រើន រីឯប្រជាពលរដ្ឋយើងការយល់ដឹងពីដំណើរការចុះបញ្ជីដីធ្លីនេះក៍នៅមានកម្រិត។ ដូច្នេះសូមក្រសួង និងមន្ទីរដែនដី មេត្តាស្នើដល់ មន្រ្តីប្រតិបត្តិការការងារ ជួយស ម្រួលកិច្ចការនេះទៅតាមអ្វីដែលអាចជួយពួកគាត់បានផង៕