ការដាក់ពិន័យក្រុមគ្រួសារ អេ ភូថង រយៈពេល៦ខែគឺជាសារអប់រំមួយដែលពួកគេបង្កភាពអនាធិបតេយ្យ

0
147

ដោយៈ អធិបតី
ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ បានដាក់ពិន័យទៅ លើលោក អេ ភូថងភរិយា និងកូនស្រីឈ្មោះ អេ យ៉ានុត រយៈពេល៦ខែមិនឱ្យជាន់គ្រប់សង្វៀននៃការប្រកួតដែលរៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នោះត្រូវបានលោក តែម ម៉ឺន ប្រធានកិត្តិយសសហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាត់ទុកថា វាជាសារអប់រំមួយដល់ពួកគេដែលបានបង្កភាពអនាធិបតេយ្យរំលោភអំណាច ស្ថិតនៅសង្វៀន ភីអិនអិន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ករណីនេះបើសិនជាមានការកែប្រែឥរិយាបថនឹងមានការបន្ធូរបន្ថយវិញ។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញលិខិតចំនួនបីច្បាប់ដាច់ដោយឡែកពីគ្នាតែមានន័យស្រដៀងគ្នា កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ គឺបានដាក់ពិន័យទៅលើលោក អេ ភូថង លោកស្រី សាំង សុម៉ាលី មិនអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីប្រកួតដែលរៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រយៈពេល៦ខែ។ រីឯកូនស្រីពួកគាត់ អេ យ៉ានុត មិនអនុញ្ញាតឱ្យចាប់គូឡើងប្រកួតក្នុងរយៈពេល៦ខែដែរ។

ក្រុមគ្រួសារលោក អេ ភូថង អតីតអ្នកប្រដាល់គុនខ្មែរ បាននាំគ្នាស្រែកតវ៉ាភ្លាមៗជាមួយក្រុមអ្នកគាំទ្រខ្លួនមួយចំនួន ខណៈអាជ្ញាកណ្ដាលលោក ជ្រា សុភាព បានរាប់ចំនួន៨ដងទៅកីឡាករ ម៉ឺន មេឃា ដែលកីឡាករ ចាន់ ប៊ុនហឿន ទាត់មួយជើងឆ្វេងពេញចំកញ្ចឹងកបណ្ដាលឱ្យ មេឃា ឈរវង្វែងស្មារតីព្រោះចំទីប្រជុំសរសៃប្រសាទ។ បើទោះបីជា មេឃា ងក់ក្បាលពីរដងក្ដី ក៍ប៉ុន្តែអាជ្ញាកណ្ដាលដែលព្យាយាមជួយកីឡាករនោះក៍បក់ ដៃហៅគេឱ្យចូលមកជិតគាត់យ៉ាងតិចបីដងដែរតែ ម៉ឺន មេឃា នៅតែពុំអាចដើរមកជិតអាជ្ញាកណ្ដាលក៍បានសម្រេចចិត្តភ្លាមៗលើកដៃគ្រវីបញ្ឈប់ការប្រកួតតែម្ដង។

ការបញ្ឈប់កីឡាករ ម៉ឺន មេឃា គឺជួយកុំឱ្យគេមានគ្រោះថ្នាក់ដល់អាយុជីវិត។ ក៍ប៉ុន្តែបែរជាឪពុកម្ដាយបងប្អូន និងអ្នកគាំទ្រមួយចំនួនមិនយល់ក៍នាំគ្នីគ្នាចេញមកស្រែកឡូឡាច្រងេងច្រងាងពេញសង្វៀន ភីអិន អិន។ អ្នកស្រី សាំង សុម៉ាលី ម្ដាយបង្កើតកីឡាករម៉ឺន មេឃា បានយកហ្វ្រង់គប់ទៅលើសង្វៀន ហើយថែមទាំងមិនព្រមទទួលទូរស័ព្ទ លោកឧត្តមសេនីយ៍ ខូវ ឆាយ ហៅចូលដោយប្រាប់ទៅអ្នកយកទូរស័ព្ទឱ្យគាត់និយាយវិញថា មិនបាច់ទទួលទេ…។

ដោយមានកំហឹងពេញខ្លួនភរិយាលោក អេ ភូថង ក៍បានប្រកាសភ្លាមៗនៅពេលនោះថា នឹងឈប់ឱ្យកីឡាកររបស់គាត់មកប្រកួតនៅ ភីអិនអិន ទៀតហើយបើទោះបីជាមានប្រាក់រង្វាន់១០ម៉ឺនដុល្លារក៍ដោយ។ ចំណែកលោក អេ ភូថង ក៍បានប្រកាសដូចគ្នាដែរថា ប្រាក់រង្វាន់ តម្លៃខ្លួនរបស់កូនប្រុសគាត់ និងតម្លៃក្លិបសរុបជាង១៥លានរៀល គឺពួកគាត់មិនព្រមទទួលយកទេ តែសូមឱ្យ ភីអិនអិន បង្វិលថវិកានោះទៅឱ្យ មន្ទីរពេទ្យគន្ធបុប្ដាជួយកុមារក្រីក្រ ហើយថតឱ្យពួកគាត់បានឃើញវិញផង។

នៅថ្ងៃទី២២ ខែកក្កដា ក្រុមគ្រួសារលោក អេ ភូថង ក៍បានដូរចិត្តយកលុយទាំងនោះវិញដោយមានពាក្យថា យកថវិកាទាំងនោះទៅទិញសម្ភារកីឡាជូនក្លិបតូចតាចដែលមានការខ្វះខាត។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ ក៍បាននាំគ្នាសុំទោស ថ្នាក់ដឹកនាំ អាជ្ញាកណ្ដាល និងជាពិសេសមហាជន ដែលជាកំហុសឆ្គង ទប់ចិត្ត ទប់អារម្មណ៍ មិនបាន។

អតីត ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ជាប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់ «បាយ៉ង់ថាមស៍» នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុមគ្រួសារ អេ ភូថង លោកបានជួយឱ្យធ្វើកងទ័ពស្ទើរតែទាំងអស់។ ពួកគេមិនគួរណានិយាយមើលងាយថ្នាក់ដឹកនាំអង្គភាពខ្លួនឯង ហើយមិនត្រូវជេរម្ដាយមិត្តរួមអង្គភាពគ្នាឯងនោះទេ។ ពួកគេបានបង្កភាពអនាធិបតេយ្យរំលោភអំណាច សហព័ន្ធ។ លោកបន្ថែមថា ការដាក់ពិន័យរយៈពេល៦ខែនេះជាសារមួយដើម្បីអប់រំដែលពួក គេខ្វះការយល់ដឹង ហើយបើសិនជាមានការកែប្រែឥរិយាបថ នឹងមានការបន្ធូរបន្ថយ។

នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជាក់ថា លោកពិតជាបានទូរស័ព្ទទៅក្រុមគ្រួសារ អេ ភូថង មែន។ លោកចង់ប្រាប់ថា កុំឱ្យពួកគាត់តវ៉ាអីចឹងវាអាក្រក់មើលណាស់ សូមដាក់ពាក្យប្ដឹងមកលោកនឹងដោះស្រាយជូនតាមនីតិវិធី តែពួកគាត់មិនព្រមស្ដាប់ឡើយ។ ឥឡូវលោកកំពុងតែប្រជុំអប់រំណែកនាំក្រុមគ្រួសារលោក អេ ភូថង នៅសហព័ន្ធកីឡាប្រ ដាល់គុនខ្មែរ។ ​

កីឡាការិនី អេ យ៉ានុត កូនស្រីលោក អេ ភូថង បានជេរម្ដាយអាជ្ញាកណ្ដាលលោក ជ្រា សុភាព ដែលបានលើកដៃគ្រវីមិនឱ្យប្អូនប្រុសរបស់គាត់វាយបន្តទៀត។ ចំណែកកីឡាករ ម៉ឺន មេឃា ផ្ទាល់បាននិយាយក្នុងការឡាយ ហ្វេសប៊ុក ថា យើងតវ៉ាមិនឈ្នះគេទេគេខ្សែធំជាង ! គ្រួសាររបស់យើងចង់បានតែយុត្តិធម៌ប៉ុណ្ណោះ។

នៅក្នុងរឿងនេះដែរអ្នកចេះមើល និងយល់ដឹងអំពីកីឡាប្រដាល់ បាននិយាយដូចៗគ្នាថា ការសម្រេចចិត្តបញ្ឈប់ការប្រកួតរបស់អាជ្ញាកណ្ដាលគឺជារឿងត្រឹមត្រូវ។ អាជ្ញាកណ្ដាលមានកំហុសមួយត្រង់ថា គាត់មិនគួរណារាប់ទៅលើកីឡាករដែលគេវាយចំកន្លែងគ្រោះថ្នាក់នោះទេ។ បុរសម្នាក់ទំនងជារកស៊ីលក់រថយន្តបានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តអាជ្ញាកណ្ដាលចំនួន១លានរៀលផងដែរ។ រីឯលោក ហ៊ុន ជា បងប្អូនជីដូនមួយ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៍បានកោតសរសើរអាជ្ញាកណ្ដាលថា បានប្រើឆន្ទានុសិទ្ធិបញ្ឈប់កីឡាករមិនឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕