ចាក់ស្ដើងស៊ីក្រាស់ធ្វើខាងមុខខូចខាងក្រោយផ្លូវលំជនបទខែត្របាត់ដំបង ?

0
167

ដោយៈ អធិបតី
ភ្នំពេញៈ យោងតាមប្រភពពី ខែត្របាត់ដំបង បានប្រាប់ បាយ៉ង់ថាមស៍ ឲ្យដឹង នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រោ​មក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធជនបទសម្រាប់ប្រទេសកម្ពុជា ឬហៅកាត់ថា (RID4CAM) ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (kfw) ទីភ្នាក់ងារបា រាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងសហភាពអ៊ឺរ៉ុប (EU/AIF) មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្របាត់ដំបង​ គិតចាប់តាំង ឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៦ បានទទួលគម្រាងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន៩ខ្សែ ដោយគិតប្រវែងសរុបចំនួន១៣៧,១០គីឡូម៉ែត្រ និងសំណង់សិល្បៈការ្យមួយចំនួនទៀត។

នេះគឺមិនទាន់គិតដល់គម្រោងផ្សេងៗទៀតដូចជា គម្រោងជួសជុលផ្លូវខួប គម្រោងទឹកស្អាត និងសុខុមាលភាពជនបទ ដែលមន្ទីរទទួលបានរៀងរាល់ឆ្នាំ។ ការធ្វើផ្លូវលំជនបទនៅ ខែត្របាត់ដំបង ទំនងជាគ្មានគុណភាពនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅកំពុងប្រើប្រាស់នាំគ្នានិយាយចំអកចំអន់លេងថា ការងារផ្នែកអភិវឌ្ឍន៍ជនបទគឺចាក់ស្ដើងស៊ីក្រាស់ ធ្វើខាងមុខខូចខាងក្រោយ។

ជាក់ស្តែងផ្លូវលំចំនួនបីខ្សែនោះរួមមាន ខ្សែផ្លូវទី១. មានប្រវែងសរុប១៤,៦១៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រនិង មានសំណង់សិល្បការ្យមួយចំនួនតភ្ជាប់ពី ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិពុកឆ្មា ឃុំរាំងកេសី ទៅដល់ វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតមកដល់ពេលនេះសម្រេចបានជិត២០ភាគរយហើយដែលគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ខ្សែផ្លូវទី២. មានប្រវែងសរុប១៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួនតភ្ជាប់ពីភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ទៅដល់ ភូមិប៉ែន ឃុំមោង ស្រុកគាស់ក្រឡ ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៤ គិតមកដល់ពេលនេះសម្រេចបានជាង៣០ភាគរយហើយដែលគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ខ្សែផ្លូវទី៣. មានប្រវែងសរុប២៩,៣១៣គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួនតភ្ជាប់ពី ភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ទៅដល់ ភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សី ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតមកដល់ពេលនេះសម្រេចបានជាង២០ ភារយ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ផ្លូវទាំងបីខ្សែនេះ គឺស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធជនបទសម្រាប់កម្ពុជា (RID4CAM)។

ប្រភពខាងលើបានរាយការណ៍ថា ផ្លូវទាំង៣ខ្សែដែលកំពុងដំណើរការសាងសង់នេះគឺសុទ្ធតែធ្លាក់ទៅក្នុងដៃ ក្រុមហ៊ុនសាងសង់ដែលនាយកក្រុមហ៊ុននីមួយៗសុទ្ធតែជាមនុស្សជិតស្និទ្ធបំផុតជាមួយលោក វ៉ាន់ ថុល ប្រ ធានមន្ទីរអភិវឌ្ឍន៍ជនបទ ខែត្របាត់ដំបង ទើបអាចដេញថ្លៃទទួលបានកិច្ចសន្យាសាងសង់ផ្លូវដែលមានទំហំថវិកាច្រើនៗដូចតម្លៃសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ នៃគម្រោងផ្លូវទាំងបីខ្សែខាងលើនេះ។ គេអាចនិយាយបានថា ការដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ពន្ធជនបទនៅក្នុង ខែត្របាត់ដំបង គឺជាការគប់គិតគ្នារៀបចំឈុតឆាកសំដែងរបស់ ប្រធានគម្រោងថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ
ខែត្រ ជាមួយក្រុមហ៊ុនសំណង់ ដែលជាបក្ខពួករបស់ខ្លួនដើម្បីបិទបាំងការពិតជាមួយថ្នាក់ដឹកនាំក្រសួងតែប៉ុណ្ណោះ។

ប្រភពដដែលបន្តទៀតថា ជាក់ស្តែងកន្លងមកគម្រោងនានាដែល មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្របាត់ដំបង ទទួលបានគឺក្រុមហ៊ុនសាងសង់មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសកិច្ចសន្យា ឬ តារាងប៊ីត (BID) ដេញថ្លៃឡើយគឺសាងសង់អស់ខ្ទង់៦០ឬ៧០ភាគរយនៃតម្លៃគម្រោងប៉ុណ្ណោះ ទាំងការងារឈូសឆាយសម្អាតគ្រឹះផ្លូវ ទាំងការងារដីស ដីក្រហម ឬដីល្បាយថ្ម ទាំងការងារអ៊ុតកៅស៊ូ និងកម្រាស់ផ្លូវ ជាពិសេសគឺកៅស៊ូស្រោចថ្នល់មិនសូវមានគុណភាព ពោលគឺចាក់ស្តើងស៊ីក្រាស់ ធ្វើខាងមុខខូចខាងក្រោយ ដែលធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ រីឯអ្នកទទួលផលប្រយោជន៍វិញគឺលោក វ៉ាន់ ថុលនិងបក្ខពួកគាត់ នុះឯង។

កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខែត្របាត់ដំបង អង្គភាពយើងពុំអាចសុំការបភ្លឺបានទេវិញជុំការចោទប្រកាន់ឬការរិះគន់ខាងលើ។ ចំណែកអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ ក៍មិនអាចទាក់ទងសុំស្រាយបំភ្លឺបានដូចគ្នានោះដែរ។

គួរបញ្ជាក់ថា ទាក់ទងករណីខាងលើនេះមានតែ អង្គភាពប្រឆាំងអំពើពុករលួយ របស់លោក ឱម យ៉ិនទៀង អធិការកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអធិការកិច្ច ក្រសួងអភិវឌ្ឍន៍ជនបទ អាចបើកការស៊ើបអ ង្គេតស្វែងរកការពិតបានដោយតម្លាភាពដើម្បីជម្រះមន្ទិលនៃការសង្ស័យនានាជាការកសាងទំនុកចិត្តប្រជារាស្ត្រខ្មែរ៕