ជនជាប់ចោទ ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្ស២នាក់និងរបួស២នាក់ទៀតនៅបឹងស្នោតើអាចជាប់គុកអស់មួយជីវិតដែរឬទេ ?

0
255

ដោយៈ អធិបតី
ភ្នំពេញៈ អំពើឃាតកម្មដ៏សាហាវឃោរឃៅរបស់ជនដៃឆៅឧកញ៉ា ស្រី ស៊ីណា ដែលបាញ់ប្រហារសម្លាប់មនុស្សពីរនាក់ឱ្យដេកដួលក្នុងថ្លុកឈាម និងពីរនាក់ទៀតរងរបួសស្ថិតនៅ បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅជាករណីមនុស្សឃាតដោយចេតនាបើតាមផ្លូវច្បាប់ជនជាប់ចោទដែលបានបាញ់ប្រហារសម្លាប់មនុស្សយ៉ាងឃោរឃៅសាហាវព្រៃផ្សៃបែបនេះគឺត្រូវដាក់គុកអស់មួយជីវិត។ នេះបើយោងតាមលោកចៅក្រមម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ «បាយ៉ង់ថាមស៍» នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ប៉ូលិសបានបញ្ជូនខ្លួនឧកញ៉ា ស្រី ស៊ីណា ព្រមទាំងបក្ខពួកគូកនពីរនាក់ទៀតទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្នុងករណីបាញ់សម្លាប់មនុស្សពីរនាក់ជាគូដណ្ដឹង និងបណ្ដា លឱ្យមនុស្សពីរនាក់ទៀតរងរបួស។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៍បានចាត់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ឱ្យទៅជួយការពារក្ដីក្រុមគ្រួសារជនរងគ្រោះ។ ក្រុមមេធាវីក៍បានទៅជួបក្រុមគ្រួសារសពដល់កន្លែងរោងបុណ្យតែម្ដង។

អតីតចៅក្រម សាលាដំបូង រាជធានីភ្នំពេញ បានបន្តទៀតថា រឿងឈ្លោះគ្នាអីចឹងដែលជនជាប់ចោទបាន មកបាញ់ប្រហារសម្លាប់ជីវិតមនុស្សតែម្ដងដោយភាគីម្ខាងទៀតពុំបានធ្វើការតបតការពារខ្លួន។ រឿងនេះ វាពុំមែនជាជម្លោះហិង្សាបាញ់ដើម្បីការពារខ្លួននោះទេ។

ទាក់ទងនឹងរឿងជាប់គុកអស់មួយជីវិត លោកចៅក្រម បានលើកឡើងថា រឿងនេះបើសិនជាជនជាប់ចោទត្រូវជាប់គុកយូរឆ្នាំបានចំនួនពីរភាគបីគឺគេអាចមានការស្នើសុំលើកលែងទោសយូរៗឆ្នាំទៅ…ជននោះមិនអាចជាប់គុកអស់មួយជីវិតឡើយ។ ប៉ុន្តែបើសិនជា ក្រសួងយុត្តិធម៌ ឬថ្នាក់ដឹកនាំកំពូលរបស់ជាតិបានស្នើសុំមិនឱ្យមានការបន្ធូបន្ថយទោសនៅពេលមានបុណ្យជាតិម្ដងៗនោះទេ ទើបបុគ្គលហ្នឹងត្រូវជាប់គុកអស់មួយជីវិត។

ជនជាប់ចោទ ស្រី ស៊ីណា ដែលមានវ័យ៥០ឆ្នាំបាននិយាយពង្វាងដានខណៈដៃកំពុងជាប់ខ្នោះទៅក្រោយនាថ្ងៃប៉ូលិសចាប់ខ្លួននៅ ស្រុកអង្គស្នួល ខែត្រកណ្ដាល នោះថា គាត់ជាម្ចាស់ផ្ទះជាប់គ្នានឹងផ្ទះជនរងគ្រោះ។ គាត់បានជួលផ្ទះឱ្យគេក៍កើតមានជម្លោះនឹងគ្នារឿងស្នួហាលខោអាវ និងដាក់ធុងសំរាមនៅជាប់ព្រំដីគ្នាក្នុងបុរី។ តាមពិតទៅស្ត្រីដែលបានទៅទូលពិតឱ្យជនជាប់ចោទដៃឆៅចូលមកបាញ់ប្រហារសម្លាប់មនុស្សពីរនាក់ និងរងរបួសពីរនាក់ដល់ក្នុងផ្ទះនោះគឺជាស្រីស្នេហ៍របស់ជនជាប់ចោទ ស្រី ស៊ីណា។ នេះបើយោងតាមប្រភពពីអ្នកជិតស្និទ្ធនឹងជនជាប់ចោទឃោរឃៅដៃឆៅនោះ។

បើយោងតាមប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ស្រីស្នេហ៍ និងម្ដាយក្មេករបស់ជនជាប់ចោទ ដែលជាអ្នកដៃឆៅនោះត្រូវបានសមត្ថកិច្ចកោះហៅមកសួរនាំហើយក៍ឱ្យត្រឡប់ទៅផ្ទះវិញ។ ពួកគាត់ទាំង២នាក់នេះហើយជាដើមចម នៃអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃដែលជាទង្វើដ៏គួរឱ្យស្អប់ខ្ពើមជាទីបំផុត។

ទោះជាយ៉ាងណាប្រជាពលទូទៅបាននាំគ្នាអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះស្នាដៃសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទ ដៃឆៅឃោរឃៅបានភ្លាមៗក្នុងថ្ងៃកើតហេតុកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅ ស្រុកអង្គស្នួល ខែត្រកណ្ដាល។

ជនឃោរឃៅឈាមត្រជាក់នេះបានព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុនៅ បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក៍ប៉ុន្តែឈាមស្រែកស្បែកហៅអស់លក្ខក៍មកជាប់អន្ទាក់ប៉ូលិសត្រឹម ស្រុកអង្គស្នួល តែម្ដង។

គួរបញ្ជាក់ថា បើយោងតាមមេធាវី រាជរដ្ឋាភិបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកយក ច្បាប់ព្រហ្មទណ្ឌ មាត្រា២០៥ មកបញ្ជាក់ថា បើជនបង្កមានចេតនាក្នុងការបាញ់ប្រហារសម្លាប់មនុស្សដ៏សាហាវឃោរឃៅដោយគ្រោងទុកជាមុនគឺត្រូវជាប់គុកអស់មួយជីវិត។ ក៍ប៉ុន្តែករណីខាងលើនេះវាស្ថិតនៅលើក្រុមចៅក្រមជាអ្នកសម្រេចទៅតាមឆន្ទានុសិទ្ធិ និងទិដ្ឋភាពច្បាប់៕