លោក ឆាយ អាងស្បែកមន្ត្រីមានអំណាចក្នុង ខែត្រមណ្ឌលគិរី ដឹកឈើខុសច្បាប់ពីតំបន់អភិរក្សសត្វព្រៃមេម៉ង់

0
197

ដោយៈ អធិបតី
មណ្ឌលគិរីៈ រថយន្តប្រភេទឡិចស៊ិស៤៧០ (lexus៤៧០) មួយគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ជារៀងរាល់ថ្ងៃខែមកហើយចេញពី តំបន់អភិរក្សដែនជម្រកសត្វព្រៃមេម៉ង់ មកទម្លាក់នៅកណ្តាល ក្រុងសែនមនោរម្យ ខែត្រមណ្ឌលគិរី ដោយគ្មានមន្ត្រីស្ថាប័នជំនាញណាហ៊ានចេញមុខបង្ក្រាបឡើយ។

ប្រភពរាយការណ៍ចេញពី ខែត្រមណ្ឌលគិរី នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា រថយន្ត Lexus៤៧០ មួយគ្រឿងនេះជារបស់លោក ធឹម សៀងហៃ ហៅ ឆាយ ដ៏មានអំណាច និងមានប្រវត្តិល្បីល្បាញត្រូវគេលុបឈ្មោះចេញពី មន្ត្រីអគ្គិសនីខែត្រ បានធ្វើសកម្មភាពដឹកឈើខុសច្បាប់យ៉ាងចំហតាំងពីមុនចូលឆ្នាំខ្មែររហូតដល់ពេលនេះ ហើយល្បីល្បាញថា អាងខ្នងអ្នកមានអំណាចជាមន្ត្រីធំម្នាក់នៅក្នុង ខែត្រមណ្ឌលគិរី ទើបគ្មានមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធណាហ៊ានក្អក ឬប៉ះពាល់គេឡើយ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា រថយន្តម៉ាកឡិចស៊ិស៤៧០នេះពាក់ស្លាកលេខ ភ្នំពេញ 2AB -៤១២៦ បានធ្វើ សកម្មភាពដឹកឈើជញ្ជូឈើខុសច្បាប់ឆ្លងកាត់តាមផ្លូវពូត្រុំក្នុងមួយថ្ងៃពីរដង និងពេលខ្លះឈានដល់បីដងក៍មានហើយដឹកស្ទើរតែពេញពីមួយខែទៅមួយខែ។ ប្រភពបានឲ្យដឹងថា សូម្បីតែនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីខែមុននោះក៍រថយន្តមួយគ្រឿងនេះមិនឈប់សម្រាកដែរ ពោលគឺបន្តដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃ។ រីឯមន្ត្រីមានសមត្ថកិច្ចនៅតាមដងផ្លូវស្អេកស្កះជាពិសេសស្ថាប័នជំនាញពាក់ព័ន្ធទំនង ជាបានត្រឹមតែអង្គុយសម្លក់ចាំលូកដៃទទួលយកលាភសក្ការៈពីឈ្មួញម្នាក់នេះជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។

ករណីខាងលើនេះគេមិនដឹងថា អភិបាល ខែត្រមណ្ឌលគិរី លោក ថង សាវុន ដែលធ្លាប់តែចេញបទបញ្ជាយ៉ាងម៉ឹងមាត់ក្នុងអង្គប្រជុំ គណៈបញ្ជាការខែត្រ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធក្នុងខែត្រទាំងមូលបង្ក្រាបបទល្មើសនានាជាពិសេសបទល្មើសព្រៃឈើខុសច្បាប់ បានដឹងពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ជារាល់ថ្ងៃចេញពី តំបន់អភិរក្សសត្វព្រៃមេម៉ង់ របស់មេឈ្មួញល្បីឈ្មោះខាងលើដែរឬទេ? ចាំមើលថា រដ្ឋបាល ខែត្រមណ្ឌលគិរី ដឹកនាំដោយលោក ថង សាវុន គណៈបញ្ជាការខែត្រ ហ៊ានប្រើកណ្តាប់ដៃដែកបង្រ្កាបមេឈ្មួញទុច្ចរិតរកស៊ីឈើខុសច្បាប់ឈ្មោះ បងឆាយៗ នេះបានដែរឬទេ ?

កន្លងមកសកម្មភាពការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះត្រូវគេអះអាងថា គ្មាននរណាហ៊ានក្បែរនោឡើយ។ ពីព្រោះលោកមានអំណាច និងខ្សែរយៈធំខ្លាំងណាស់។ បុរសដែលមានឥទ្ធិពល និងអំណាចខ្លាំងដឹកឈើជាន់ផ្អៀង ខែត្រមណ្ឌលគិរី សព្វថ្ងៃនេះមានឈ្មោះហៅក្រៅថា បងឆាយៗ។ គាត់ត្រូវបានគេស្គាល់ថា អតីតជាមន្ត្រីបម្រើការងារនៅ អគ្គិសនី ខែត្រមណ្ឌលគិរី ដែលត្រូវគេបណ្ដេញចេញ។ បើទោះបីជាគាត់ដឹកឈើទាំងថ្ងៃក៍គ្មាននរណាហ៊ានសួរនាំ ឬហ៊ានដើរក្បែររថយន្តឡិចស៊ិស៤៧០ នោះដែរ។

ប្រជាពលរដ្ឋរាយការណ៍ថា វាជារថយន្តដឹកបទល្មើសព្រៃឈើចេញពី តំបន់អភិរក្សសត្វព្រៃមេម៉ង់ ឆ្ពោះមកកាន់ ក្រុងសែនមនោរម្យ ដោយយកទៅទម្លាក់នៅម្តុំខាងក្រោយ វត្តលើ ក្នុងបរិវេណទីតាំងផ្ទះមួយកន្លែង​ស្ថិតក្នុង ភូមិពូត្រុំ សង្កាត់មនោរម្យ។ ការដឹកជញ្ជូនឈើត្រូវបានរឹតបន្តឹងនៅក្នុង ខែត្រមណ្ឌលគិរី។ ប៉ុន្តែសម្រាប់រថយន្តមួយគ្រឿងនេះត្រូវគេប្រាប់ថា គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយដោយសារតែគេយកស្បែកខ្លានៅ ស្ថាប័នយុត្តិធម៌ មកប្រើបាំងពាសពីខាងក្រៅ។ នេះគឺជាអំណាច និងឥទ្ធិពលរបស់លោក ឆាយ ដែលគេអះអាងថា គ្មាននរណាហ៊ានក្អកនោះទេ។ ជារឿយៗលោក ឆាយ មានវត្តមាននៅទីតាំងផឹកស៊ីជាមួយអ្នកកាងឈើទៀតផង។

ទោះយ៉ាងណាក៍ដោយគេរំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍ សៅ សុខា ក៍ដូចជាអភិបាលខែត្រមណ្ឌលគិរី លោក ថង សាវុន  នឹងពិនិត្យស្រាវជ្រាវមើលករណីបទល្មើសព្រៃឈើរបស់បុរសឈ្មោះ ធឹម សៀងហៃ ហៅ ឆាយ នេះផងដើម្បីឈានដល់ការបង្ក្រាបពិតៗ។ ពីព្រោះបើអាងទៅលើសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ទនៅតាមដងផ្លូវពី មេម៉ង់ មក ក្រុងសែនមនោរម្យ គឺគ្មាននរណាហ៊ានក្អកជាមួយលោក ធឹម សៀងហៃ (ឆាយ) នោះទេ។ មិនហ៊ានក្អកក៍ព្រោះតែទំនងបានទទួលលាភសក្ការៈបន្តិចបន្តួចរួមជាមួយ និងការគំរាមកំហែងរបស់លោក ឆាយ នោះផងដែរក៍ថាបាន៕