កសិករ​ខេត្តព្រះវិហារ​រីករាយ​ជាមួយ​តម្លៃ​ស្រូវ​គួរ​ជាទី​គាប់ចិត្ត​

0
160

ដោយៈ​ វ៉ាន់ឌី​
ព្រះ​វិហារៈ ​កិច្ចសន្យា​ដែលជា​ផ្នែក​សិ​កម្ម​ជួយ​កសិករ​ដាំ​ស្រូវ​សរីរាង្គ​ក្នុង ​ខេត្តព្រះវិហារ ធ្វើឱ្យ​កសិករ​សប្បាយរីករាយ​នឹង​តម្លៃ​ស្រូវ​គួរ​ជាទីគាប់ចិត្ត​។ ​សហគមន៍​កសិករ ​ផលិត​ស្រូវ​សរីរាង្គ​ នៅក្នុង​ខេត្តនេះ         បាន​សម្ដែង​ការ​ត្រេកអរ​ ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុននាំចេញ​អង្ករ​ចេញទៅលក់បរទេស។​ ព្រោះ
តែ​ឆ្នាំនេះ​ការប្រមូល​ផល​ស្រូវ​ទទួលបាន​ទិន្នផល​ល្អប្រសើរ​ ចំណែកឯ​តម្លៃវិញក៍ទទួលបាន​ជាទី​គាប់ចិត្ត​។ ​

លោក សំបូរ ប្រធានសហគមន៍​កសិក​ម្មរ​ក្សាស្ទឹងសែន​មានជ័យ ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ បាន​និយាយថា ​ឆ្នាំ​២០១៩​ នេះ​សហគមន៍​មាន​កសិករ​ចំនួន​២២៧​នាក់​មាន​ផ្ទៃដី​៧៧៤​ហិកតា​។ ​ពួកគាត់​បាន​ចុះកិច្ចសន្យា​ផលិត​ស្រូវ​សរីរាង្គ​លក់ឱ្យ​ក្រុមហ៊ុន ​Amru Rice​ លើ​បរិមាណ​ស្រូវ​ចំនួន​១.៣១៥​តោនក្នុង​ ឆ្នាំ​២០១៩។ គិត​មក​ត្រឹម​ដើម​សប្ដាហ៍​ទី​៤នៃ ខែវិច្ឆិកា ឆ្នាំ​២០១៩ ​សហគមន៍​លក់ស្រូវ​សិរី​រា​ង្គជូន​ក្រុមហ៊ុន​បាន​   ជិត​៥០​ភាគរយ​ហើយ​។​

​ប្រធានសហគមន៍បានសង្គត់ធ្ងន់ថា ​«​កន្លងមក​សហគមន៍​យើងខ្ញុំ​បាន​បញ្ចេញ​ស្រូវ​សើម​បាន​៣០០​តោន​ ហើយ​ថ្មីៗ​នេះ​បាន​បញ្ចេញ​ស្រូវ​ស្ងួត​បាន​៤០០​តោន​ក្នុងតម្លៃ​ទិ​ន្នផល​គម្រោង ​Amru Rice ​ដាក់​តម្លៃ​ឱ្យ​នេះ ​បានធ្វើឱ្យ​ទាំង​ខ្ញុំ​និង​កសិករ​ អាច​ទទួលយក​បាន​»​។​

លោក​ ពឹង​ ទ្រី​ដា ​ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តព្រះវិហារ​ បានឱ្យដឹង​ថា ឆ្នាំ​២០១៩​ នេះ​ទូទាំង​ ខេត្តព្រះវិហារ​ មាន​សហគមន៍​កសិកម្ម​ចំនួន​៣៤​បាន​ចុះកិច្ចសន្យាស្រូវ​សិរីរាង្គ​ជូន​ក្រុមហ៊ុន​ចំនួន​៣​គឺមាន ​ក្រុមហ៊ុន​ស៊ី​កនេ​ត​ឈ័​រ​អ​ហ្វ​អេ​ស៊ា​,​ ក្រុមហ៊ុន​ Amru Rice ​និង​ក្រុមហ៊ុន ​Golden Rice​ ដែល​ប្រជា​សហគមន៍​ទាំង​៣៤​មាន​ប្រមាណ ​៥៣១៤​គ្រួសារ​ដែល​បាន​ចុះកិច្ចសន្យា​លក់​ស្រូវជូន​ក្រុមហ៊ុន​ទាំង​បីនេះ។ ពួកគាត់លក់​កម្រិតបរិមាណ​ស្រូវ​ប្រមាណ​២​ម៉ឺន​តោន​ ហើយ​រហូតមក​ដល់ពេលនេះសហគមន៍​បាន​លក់​ស្រូវជូន​ក្រុមហ៊ុន​ប្រមាណ​៦០​ភាគរយ​ហើយ​»​។​

ប្រធានមន្ទីរបាន​បញ្ជាក់ទៀតថា ​«​បើ​ធៀប​តម្លៃ​ជាមួយ​ឈ្មួញកណ្ដាល​ឃើញថា ​ការលក់​ស្រូវឲ្យ​ក្រុមហ៊ុន​ទាំង​៣​នេះ​ លើស​តម្លៃ​ចន្លោះ​ពី២០០ទៅ២៥០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ដោយ​ក្រុមហ៊ុន​ឱ្យ​តម្លៃ​ថ្លៃ​ជាង​សម្រាប់​ស្រូវ​សរីរាង្គ​ដែល​បាន​ចុះកិច្ចសន្យា​»​។​

លោក​បន្ថែមថា ​ប្រជាពលរដ្ឋ​រីករាយ​ជាខ្លាំង​ដោយ​លក់ស្រូវ​ជូន​ ក្រុមហ៊ុន​សម្រាប់​ស្រូវ​សើម​លេខ​១​តម្លៃ​ ១.៣១០​រៀល​ក្នុង​មួយ​គីឡូក្រាម​,​ស្រូវ​សើម​លេខ​២​តម្លៃ​១.២៦០​រៀល​ក្នុង​មួយ​គីឡូក្រាម​,​ស្រូវ​ស្រពាប់ លេខ១តម្លៃ ១.៤៤០រៀល​ក្នុង​មួយ​គីឡូក្រាម​,​ស្រូវ​ស្រពាប់​លេខ​២​តម្លៃ​១.៤១០​រៀល​ក្នុង​មួយ​គីឡូក្រាម​,      ​ស្រូវ​ស្ងួត​លេខ​១​តម្លៃ​១.៥៩០​រៀល​ក្នុង​មួយ​គីឡូក្រាម ​និង​ស្រូវ​ស្ងួត​លេខ​២​តម្លៃ​១.៤៩០​រៀល​ក្នុង​មួយ​គីឡូ   ក្រាម​៕