សមាគមបង្កាត់ពូជដំរី ស្រុកលំផាត់ ថានឹងប្រែក្លាយតំបន់ទៅជារមណីដ្ឋានបម្រើដល់វិស័យទេសចរណ៍

0
108

ដោយៈ សុវណ្ណ
រតនគិរី: បន្ទាប់ពីធ្វើការ បង្កាត់ពូជសត្វដំរី បានដោយជោគជ័យ ប្រធានសមាគមអៃរាវត្តា ថា នឹងបន្ដប្រែក្លាយ តំបន់នោះឱ្យទៅជារមណីដ្ឋាន ដ៍ទាក់ទាញមួយដែលមានសក្ដានុពលមិនចេះរីងស្ងួតអាចរកប្រាក់ចំណូលចូល សមាគមនិងគ្រួសារ ពលរដ្ឋដែលរស់នៅក្បែរនោះ។

ការអះអាងបែបនេះ គឺស្របពេលដែល សមាគមអៃរាវត្តាបានរៀចំធ្វើខួបកំណើត៣ឆ្នាំឲ្យកូន ដំរីញីមួយក្បាល ឈ្មោះ «ណូអែលទេវី» កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានភ្ញៀវជាច្រើនកុះករបានចូលរួមនៅទីតាំង ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខែត្ររតនគិរី។

ប្រធាន សមាគមអៃរាវត្តា អ្នកស្រី ខៃ ចិន្ដា បានប្រាប់ឲ្យដឹងថា ចូល ឆ្នាំ២០២៤ សមាគម យើងមានអាយុកាល ១០ឆ្នាំហើយដោយផ្ដើមចេញពីអ្នកស្រីមានចិត្ដស្រឡាញ់ និងចង់អភិរក្សសត្វដំរីខ្មែរនៅ ខែត្ររតនគិរី ឲ្យនៅគង់ វង្សនោះអ្នកស្រីបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនទៅទិញដីបានជាង៦ហិកតា និងទិញសត្វដំរីបាន ចំនួន៣ក្បាលមាន ញីមួយក្បាល តែជាអកុសលនៅក្នុងឆ្នាំ២០២០ ដំរីឈ្មូលមួយក្បាលឈ្មោះ «បាក់ម៉ៃ» វាក៍ បានស្លាប់បាត់ទៅ…។

ទោះជាជួបបញ្ហាខ្លះក្ដី ដំណើរការបង្កាត់ពូជសត្វដំរី បានបន្ដទៅមុខដោយរលូនគួរឲ្យកត់សម្គាល់គឺ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ទទួលបានកូនដំរីញីមួយក្បាលឈ្មោះ «ណូអែលទេវី»។ ផ្លែផ្កានេះដោយមានការចូលរួមជួយ ជ្រោមជ្រែងពី ក្រសួង មន្ទីរស្ថាប័ន ពាក់ព័ន្ធមួយចំនួនហើយ សហគមទឹកធ្លាក់កាទៀង ក៍បានឲ្យខ្ចីដីនៅក្បែរ នោះមានទំហំជិតមួយរយហិកតាដើម្បីធ្វើជាទីជម្រកងាយស្រួលក្នុងការចិញ្ចឹម និងបង្កាត់សត្វពូជដំរី។

ប្រធានសមាគម បានបញ្ជាក់ទៀតថា នៅថ្ងៃខាងមុខ អ្នកស្រីមានគម្រោងបង្កាត់ពូជដំរី ឲ្យបានកូនកាន់តែច្រើន ដើម្បីប្រែក្លាយតំបន់នោះ ឲ្យកាន់តែមានភាពទាក់ទាញ ដែលមានសក្ដានុពលមិនចេះរីងស្ងួត ពោលគឺបង្កើត «រមណីដ្ឋាន» ឲ្យស្រស់ស្អាតបែប ធម្មជាតិ សង់ផ្ទះសម្រាប់ភ្ញៀវស្នាក់នៅ មានដំរីសម្រាប់ឲ្យភ្ញៀវជិះកម្សាន្ដ លេង និងមានដាក់តាំងលក់សម្ភារប្រើប្រាស់ដែលផលិតចេញពីដៃរបស់បងប្អូនជនជាតិខ្មែរលើនៅទីនោះដើម្បី បង្កើនប្រាក់ចំណូលចូលគ្រួសារ និងចូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សមាគម៕