ឃាត់ខ្លួនមេប៉េអឹមរងខែត្រកំពង់ស្ពឺនិងមេប៉េអឹមស្រុកភ្នំស្រួចព្រមទាំងមន្ត្រីពាក់ព័ន្ធ៤នាក់ទៀតក្នុងរឿងគ្រឿងញៀន

0
106

ដោយ: ច្បារមន
កំពង់ស្ពឺៈ លោក ទិត្យ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ លោក យស ឌីណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ៤រូបទៀត ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខែត្រព្រះសីហនុ ចាត់ការតាមផ្លូវ ច្បាប់ដែលគេសង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស។

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូន សាធារណជន និងអ្នកសារព័ត៌ មានជ្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញ កងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បានចុះ បង្ក្រាបបទល្មើសគ្រឿងញៀន និងស្រាវជ្រាវរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។

លោកបានបន្តទៀតថា កម្លាំងជំនាញក៍បានពន្លាតដែនសមត្ថកិច្ចដល់ ខែត្រកំពង់ស្ពឺ តាមនីតិវិធីដោយរាយ ការណ៍ជូន ព្រះរាជអាជ្ញាអមសាលាដំបូង ខែត្រព្រះសីហនុ និងតាមឋានានុក្រម។ កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ដដែលកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជ អាវុធហត្ថ ខែត្រព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសមានចំនួន៦រូបដែលជា នាយទាហាន នៃកងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ។ តាមការសារភាពបុគ្គលទាំង៦រូបអាចពាក់ព័ន្ធនឹងករណីទទួលផលពីបទ ល្មើសគ្រឿងញៀន។ តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀនបុគ្គលសង្ស័យទាំង៦រូបនេះពុំមានផ្ទុកសារ ធាតុញៀននោះទេ។ មន្ត្រីនគរបាលយុត្តិធម៌បាន និងកំពុងបន្តកសាងនីតិវិធីបញ្ជូនជនសង្ស័យទៅ អយ្យការ អមសាលាដំបូង ខែត្រព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់បញ្ជូនពួកគេទៅតុលាការ គឺដោយ ប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក «ចំពោះប្រទេសត្រូវតែការពារ ! ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ! ច្បាប់ត្រូវតែ គោរព ! បទល្មើសត្រូវតែបង្ក្រាប ! »៕