មេប៉ូលិសចរាចរភ្នំពេញរងនូវការចោទប្រកាន់រឿងចេញលិខិតបង្គាប់ការឱ្យមន្ត្រីខ្លួនជាថ្នូរនឹងប្រាក់ចាប់ពី៣០០ទៅ៧០០ដុល្លារ

0
340

ដោយៈ អធិបតី
ភ្នំពេញៈ ផ្ទុះរឿងអាស្រូវពុករលួយ និងភាពមិនប្រក្រតីមួយចំនួន ចេញពីជនរងគ្រោះបានបង្ហើបប្រាប់ «បាយ៉ង់ ថាមស៍» នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ថា លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវ គោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងមន្ត្រីមួយចំនួនពាក់ព័ន្ធផ្សេងទៀតរឿងចេញលិខិតបង្គាប់ ការឲ្យ មន្ត្រីនគរបាលចរាចរ ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អៗជាថ្នូរនឹងប្រាក់ចាប់ពី៣០០ទៅ៧០០ ដុល្លារអាម៉េរិក។ នេះបើយោងតាម មន្ត្រីនគរបាលចរាចររ ងគ្រោះជាច្រើននាក់បានទម្លាយប្រាប់អ្នកកាសែត
ប៉ុន្តែសាម៉ីខ្លួនបានបដិសេធថា មិនដឹងរឿងនេះទេ។

ប្រភពបានបន្តទៀតថា លោក ដេ ម៉ៅ បានឲ្យលោក លី វិសាល អនុប្រធានការិយាល័យ ទទួលផ្នែករដ្ឋបាល សរុប ឲ្យកោះហៅមន្ត្រីដែលចង់បានគោលដៅប៉ុស្តិ៍ល្អគឺមានទាំង មន្ត្រីនគរបាលចរាចរក្របខណ្ឌ និងមន្ត្រីជាប់ កិច្ចសន្យា។ ចំណែកអ្នកពាក់ព័ន្ធរត់ការធ្វើលិខិតបង្គាប់ការទាំងនោះមានដូចជាៈ ទី១.លោក ជ័យ សុខគា ,ទី២ .លោក ហាក់ ឈុនហៀត ,ទី៣.លោក កុសល សុខហួច និងទី៤.លោក រឿន ប៊ុនឡេង។ មនុស្សទាំង៤នាក់ នេះហើយ ដែលជាអ្នកដើរបញ្ចុះបញ្ចូលមន្ត្រីណាដែលចង់បាន គោលដៅប៉ុស្តិ៍ល្អ គឺត្រូវមកជួបជាមួយលោក លី វិសាល។

ក្រុមប៉ូលិសរងគ្រោះបានបង្ហាញពីទិន្នន័យទឹកប្រាក់ថ្លៃរត់ការ និងចំនួនអ្នកចាញ់បោកគេថា យ៉ាងហោចណាស់ មានមន្ត្រីជាង១០០នាក់ចាញ់បោកការបញ្ចុះបញ្ចូលដោយចេញលិខិតបង្គាប់ការខុសច្បាប់យកលុយសរុបជាង៥ម៉ឺនដុល្លារ។ មន្ត្រីទាំងនោះកំពុងតែកើតទុក្ខមិនសុខចិត្តដោយស្នើសុំឲ្យលោក ដេ ម៉ៅ ប្រធានការិយាល័យនគរ បាលចរាចរ និងបក្ខពួកសងលុយដល់ពួកគាត់ទាំងនោះវិញ។

ទាក់ទងករណីខាងលើនេះ ក៍មានការស្នើសុំឲ្យ លោក ជួន ណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ និងអង្គ ភាពប្រឆាំងអំពើពុករលួយសូមមេត្តាជួយត្រួតពិនិត្យមើលភាពមិនប្រក្រតីរបស់លោក ដេ ម៉ៅ ប្រធានការិយា ល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងមន្ត្រីមួយចំនួននេះផង។

ដើម្បីដោះបន្ទុកករណីខាងលើលោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ បានប្រាប់ បាយ៉ង់ថាមស៍ តាមប្រព័ន្ធវ័តស្អាប់ (WhatsApp)នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ថា លោក នឹងចាត់ចែងឱ្យ នាយរងការិយាល័យ ក៍ដូចជា ប្រធានផ្នែករដ្ឋបាលធ្វើការរឿងហ្នឹង។ តែធាតុពិតតាមលោក ដឹងអត់ដែលមានឮថា ទទួលប្រាក់អីទេដែលលោកបានសួរព័ត៌មានជាមួយបងប្អូន។

លោកបន្តទៀតថា លិខិតបង្គាប់ការគឺការរៀបចំបែងចែកឱ្យបានស្អាតល្អ ព្រោះកន្លងមកមិនទាន់បានធ្វើវាទេ ដែលវាមានភាពរញ៉ែរញ៉ូវ។ អីចឹងហើយបានខ្ញុំចេញវា តែរឿងលុយកាក់ខ្ញុំមិនដឹងទេណាបង។ ខ្ញុំបានបញ្ជាឱ្យ នាយរងការិយាល័យ ផ្នែករដ្ឋបាល រៀបចំបញ្ជាឱ្យទៅតាមឋានានុក្រមដើម្បីឱ្យការគ្រប់គ្រងកម្លាំងឱ្យបានជោគ ជ័យ គឺកុំឱ្យបងប្អូនទៅណា មកណាអត់ដឹងក្របខណ្ឌមន្ត្រីនគរបាល បានន័យថាការគ្រប់គ្រងនៅមានភាព រញ៉ែរញ៉ូវ ។ អីចឹងខ្ញុំត្រូវធ្វើលិខិតមួយដល់អ្នកដែលធ្លាប់នៅកន្លែងណាផ្សេង ត្រូវចេញឱ្យផុតតាមសេចក្ដីណែ
នាំរបស់ថ្នាក់ដឹកនាំគាត់ជ្រាប។ ការចេញលិខិតដោយរបៀបហ្នឹងរៀបចំបងប្អូនទទួលស្គាល់ការពិតថា តើ ទី១.នៅឯណា ? ទី២.នៅឯណា ? កុំឱ្យមានភាពច្របូលច្របល់គ្នា។

នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សាន សុខសីហា បានបញ្ជាក់ថា លោកឈប់ធ្វើជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទៀតហើយ។ លោកបានទៅបម្រើការងារនៅ អគ្គស្នងការនគរបាល ជាតិ ជាមួយលោកនាយឧត្តមសេនីយ៍ ស ថេត ជិតមួយខែទៅហើយ។ ដូច្នេះសូមធ្វើការទាក់ទង លោកស្នង ការនគរបាល រាជធានីភ្នំពេញ ទើបឡើងថ្មី។

ចំណែកឯលោក ជួន ណារិន ស្នងការនគរបាល រាជធានីភ្នំពេញពុំបានឆ្លើយតបនឹងសំណួរអ្នកកាសែតបានទេ តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម (telegram) ដោយគ្រាន់តែចូលមើលតែប៉ុណ្ណោះ នៅរសៀលថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣៕